35 C
Phnom Penh

ក្រុម​​​សហជីពឈានដល់​​​ការ​​​ឯកភាព​លើ​​​សំណើ​​​ប្រាក់​​​ខែ​​​គោល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ក្រុមសហជីព​​​​​​ឯករាជ្យ​​​ និង​​​សហជីព​​​ដែល​​​គាំទ្រ​​​រដ្ឋាភិបាល​​​បាន​​​ឯកភាព​​​គ្នា​​​កំណត់​​​យក​​​​​​តួលេខ​​​១៦៨​​​ដុល្លារ​​​នៅ​​​ក្នុង​​​សំណើរបស់​​​ខ្លួន​​​សម្រាប់​​​ប្រាក់​​​ខែ​​​គោល​​​អប្ប​​​បរមា​​​​ថ្មី​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ដើម្បី​​​បន្ត​​​ចរចា​​​ជាមួយ​​​ម្ចាស់​​​រោង​​​ចក្រ​​​ ដោយ​​​​​បំបាត់​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​ជា​​​ច្រើន​​​សប្តាហ៍​​​មក​​​នេះ។

ដោយ​​​ក្រសួង​​​ការ​​​ងារ​​​ជំរុញ​​​ឲ្យ​​​គណៈ កម្មការ​​​ការ​​​ងារ​​​ដែល​​​មាន​​​សមាស​​​ភាព​​​មក​​​ពី​​​ភាគី​​​រដ្ឋាភិបាល ភាគី​​​រោង​​​ចក្រ និង​​​តំណាង​​​សហជីព​​​​​​​​​ដាក់​​​ជូន​​​សំណើ​​​​​របស់​​​ខ្លួន​​​​​​​​​មកកាន់ ក្រសួង​នៅ​​​ត្រឹម​​​ថ្ងៃ​​​ច័ន្ទ​​​​នោះ​ សហជីព​​​​​​ត្រូវ​​​បាន​​​​ ក្រើន​រំឭក​ថា ពួក​​​គេ​​​នឹង​​​មិន​​​ត្រូវ​​​បាន​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​សំណើ​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ណា​​​មួយ​​​ឡើយ​​​ ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​អាច​​​ឯកភាព​​​​គ្នា​​​លើ​​​តួ​​​លេខ​​​រួម​​​​មួយ​​​។

​​​យោង​​​តាម​​​ការ​​​សិក្សាស្ទាបស្ទង់​​​​ថ្មី​​​​មួយ​ សហជីព​​​មួយ​​​ចំនួន​​​ដំបូង​​​ឡើយ​​​សង្ឃឹម​​​ថា នឹង​​​ជំរុញ​​​​​​​​​ប្រាក់​​​ខែ​​​គោល​​​អប្បបរមា​​​១២៨​​​ដុល្លារ​​​ក្នុង​ពេល​បច្ចុប្បន្ន​​​ឲ្យឡើង​​​ដល់​​​២០៧​​​ដុល្លារ​​​ ជា​​​ប្រាក់​​​ខែល្មម​​​ចាយ​​​វាយ​​​ប្រចាំ​​​ខែ សម្រាប់​​​​​កម្មករ​​​កាត់​​​ដេរ​​​ប្រមាណ​​​៧០០.០០០​​​នាក់​​​​​​។ សហជីព​​​ផ្សេង​​​ៗ​​​ទៀត​​​ដែ​​​ល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​រដ្ឋាភិបាល​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ មិន​​​លើស​​​ពី​​​១០​​​ទៅ​​​១៥​​​ភាគ​​​រយ​​​។ក្រោយ​​​មក​​​ភាគី​​​ទាំង​​​ពីរ​​​​​​បាន​​​ដាក់​​​សំណើ​​​របស់​​​ខ្លួន​​​សម្រាប់​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​ចំនួន​​​១៧៨ដុល្លារ  និង​​​១៥៨​​​ដុល្លារ រៀងៗខ្លួន​ ហើយ​​​ទីបំផុត​​​បាន​​​​ឯកភាព​​​​​បំបាត់​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​កាល​​​ពី​​​​ព្រឹក​ម្សិលមិញ​​​។

ការ​​​ឯកភាព​​​គ្នា​​​នេះ​​​ មានការពិភាក្សា​​​​យ៉ាង​​​លម្អិត​​​ដោយ​សមាជិក​​​ចំនួន​​​១៤​​​​​​ ក្នុង​​​ចំណោម​​​សមាជិក​​​ចំនួន​​​១៥​​​​នៃ​ក្រុម​​ការងារ​សហជីព​​​​របស់​គណៈកម្មការ​​​ប្រឹក្សា​​​ការ​​​ងារ​​​ ក្នុងនោះ​រួម ​​​មានទាំង​​​​សហជីព​​​ដែល​​​មិន​​​មែន​ជាសមាជិក​​របស់​​​​គណៈកម្មការ​​​នេះ​​​ផង​​​ដែរ​​​ ហើយ​​​វា​​​ត្រូវ​​​បាន​​​ធ្វើ​ឡើង​​​ដើម្បី​​​ឲ្យ​​​សហជីព​​​កាន់តែច្រើន​បន្ថែមទៀត​មាន​មតិ​យោបល់​នៅ​​​ក្នុង​​​ការ​​​ចរចា​​​ស្តីអំពីប្រាក់​​​ខែ​​​គោលនេះ​​​​។

យោង​​​តាម​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​​​​​​​របស់​​​​​​ក្រុម​​​ការ​​​ងារ​​​នេះកាល​​​ពីម្សិលមិញឲ្យដឹងថា​​​​ “សហជីព​​​បាន​​​ឯកភាព​ជា​​​ឯកច្ឆន្ទ​​​​សម្រេច​​​​យក​​​​តួ​​​លេខ​​​រួម​​​ចំនួន​១៦៨​​​ដុល្លារ​​​ដើម្បីដាក់ចរចា​ជា​​​​ត្រីភាគី”។

លោក អាត់ ធន់ ដែល​ជា​​​ប្រធាន​​​សហជីព​​​ឯករាជ្យ​​​ធំបំផុត​​​នៅ​​​កម្ពុជា​​​បាន​​​ណែ​​​នាំ​ពេល​​​ចរចា​​​កាល​​​ពី​​​ម្សិលមិញ​ឲ្យ​តំណាង​​​របស់​​​ខ្លួន​​​​​​​​​​យល់​​​ព្រម​​​ទទួល​​​យក​តួ​​​លេខ​​​១៦៨​​​ដុល្លារ​​​នេះ។

បន្ទាប់​​​ពី​​​សហជីព​​​ដែល​​​គាំទ្រ​​​រដ្ឋាភិបាល​​​បាន​​​គំរាម​​​ថា នឹង​​​កំណត់​​​យក​​​តួ​​​លេខ​​​១៥៨​​​ដុល្លារ​​​សម្រាប់​​​សំណើ​​​ជា​​​ផ្លូវ​​​ការ​​​របស់​​​ខ្លួន​​​ដាក់​​​ជូន​​​ទៅ​​​កាន់​​​គណៈកម្មការ​​​ប្រឹក្សា​​​ការ​​​ងារ​​​កាល​​​ពី​​​សប្តាហ៍មុន​​​ លោក អាត់ ធន់ បាន​​​គំរាម​​​​​​វិញ ថា​​​នឹង​​​នៅ​​​តែ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ដល់​​​១៧៨​​​ដុល្លារ​​​ ហើយ​​​បាន​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​​ការ​​​តវ៉ា​​​ជាថ្មី​​​ម្តងទៀត​​​​ ប្រសិន​​​បើ​​​​​​ការ​​​ទាម​​​ទារ​​​របស់​​​លោក​​​មិន​​​ត្រូវ​​​បាន​​​គេ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​។  កាល​​​ពី​​​ម្សិលមិញ លោក​​​បាន​​​លើក​​​ឡើង​​​ថា  ភាគី​​​ម្ខាង​​​ទៀត​​​​​​មាន​ឆន្ទៈ​ប្តូរ​​​គំនិត​​​របស់​​​ខ្លួន​​​ ដោយធ្វើ​​​ឲ្យ​​​លោក​​​ក៏​​​មាន​ឆន្ទៈដូច្នោះ​​​​​ដែរ​​​។  លោកបានមាន​​​ប្រសាសន៍​​​ថា ”យើង​​​បាន​​​សម្រប សម្រួល​​​គ្នា​​​។ ​​​យើង​​​បាន​​​និយាយ​​​គ្នា​​​ថា ប្រសិន បើ​​​អ្នក​​​ឡើង​​​បន្តិច ​​​អ៊ីចឹង​​​​​​ខ្ញុំ​​​នឹង​​​ចុះ​​​បន្តិច​​​”។

លោក អាត់ ធន់ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា  លោក​​​ជឿ​​​ថា តួលេខ​​​ដែល​​​មាន​​​ការ​​​ឯកភាព​​​គ្នា​​​នេះ​​​នៅ​​​មិន​​​ទាន់​​​ជា​​​តួ​​​លេខ​​​ដែល​​​កម្មករ​​​​សមនឹង​ទទួលបាន​នៅឡើយ​ទេ​​​​ ប៉ុន្តែ​ លោក​យល់​​​ព្រម​​​ទទួល​​​យក​​​តួលេខ​​​នេះ​​​ដើម្បី​​​ប្រយោជន៍​​​សហជីព។

លោក​​​ស្រី យ៉ាង សុភ័ណ្ឌ មេដឹក​​​នាំ​​​សហ ជីព​​​ម្នាក់​​​ទៀត​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​កំណត់​​​តួលេខ​​​១៦៨​​​ដុល្លារ​​​គឺ​​​វា​​​ទាប​​បំផុត​​​ដែល​​​លោក​​ស្រីត្រៀម​​​ទទួល​​​យក​​​។លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា តួលេខ​​​១៦៨​​​ដុល្លារ​​​គឺ​​​វា​​​ខ្ពស់​​​ល្មម​​​ដែល​យើង​​​ទទួល​​​យក​​​សម្រាប់​​​ឆ្នាំ​​​២០១៦។ ប្រសិនបើ​​​យើង​​​មិន​​​ទទួល​​​បាន​​​១៦៨​​​ដុល្លារ​​​ទេ​​​នោះ​​​ ខ្ញុំ​​​នឹង​​​ចូល​​​រួម​​​​​ធ្វើ​​​កូដ​​​កម្ម​​​​ជាមួយ​​​សហជីព​​​ផ្សេង​​​​​​ៗ​​​ទៀត​​​”៕

លោក ម៉ាន់ សេងហាក់ ទីប្រឹក្សា​​​សហជីព​​​សេរី​​​កម្មករ​​​បាន​​​លើក​​​ឡើង​​​ថា លោកជឿ​​​ថា ​​​តួ​​​​​​លេខ​​​ដែល​​​មាន​​​ការ​​​​ឯក​​​​ភាព​​​គ្នា​​​នេះ​​​គឺ​​​ទាប​​​ល្មម​​​​​​សម្រាប់​​​​​​ការ​​​ចរចា​​​ជាមួយ​​​ម្ចាស់​រោង​​​ចក្រ​​​។

លោក​​​បានមាន​​​ប្រសាសន៍ថា “ខ្ញុំ​​​គិត​​​ថា ​​​តួលេខ​​​១៦៨​​​ដុល្លារ​​​មិន​​​ខ្ពស់​​​ពេក​​​ទេ​​​។ ​​​ប៉ុន្តែ ​​​ការ​​​ដំឡើង​​​​ផ្អែក​​​​លើ​​​ស្ថាន​​​ភាព​​​សេដ្ឋកិច្ច​​​ហើយ​​​​​​យើង​​​ចង់​​​រក​​​តួ​​​លេខ​​​មួយ​​​កៀកទៅ​​​នឹង​​​អ្វី​ដែល​​​ពួក​​​គេ​​​ [​​​ម្ចាស់​​​រោង​​​ចក្រ​​​] អាច​​​ផ្តល់​​​ឲ្យបាន​​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា តួលេខ​​​១៦៨​​​ដុល្លារ ​​​​​​គឺ​​​ជា​​​តួ​​​លេខ​​​ខ្ពស់​​​ជាង​​​ឆ្ងាយ​​​ពី​​​អ្វី​​​ដែល​​​ម្ចាស់​​​រោង​​​ចក្រ​​​និយាយ​​​ថាខ្លួន​​​មាន​​​លទ្ធភាព​​​ផ្តល់​​​ជូន​​​។

ទោះបី​ម្ចាស់​​​រោង​​​ចក្រ​​​នៅ​​​មិន​​​ទាន់​​​ដាក់​សំណើ​​​ជាក់​លាក់​​​​របស់​​​ខ្លួន​​​​​​ជូន​គណៈកម្មការ​​​ប្រឹក្សា​​​ការ​​​ងារ​​​ក៏​​​ដោយ​​​ ក៏​​​ពួក​​​គេ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ប្រាក់​​​ខែ​​​គោល​​​អប្បបរមា​​​មិន​​​គួរ​​​ដំឡើង​​​លើស​​​ពី​​​៣ភាគរយ​​​ទេ​​​ ដើម្បី​​​រក្សា​​​ឲ្យ​​​វា​​​ស្ថិត​​​នៅត្រឹម​​​ ឬ​​​ក្រោម​​​អត្រា​​​​​​ អតិផរណា​​​។

បណ្តា​ម្ចាស់​​​រោង​​​ចក្រ​​​បាន​លើក​​​ឡើង​​​ថា ​​​ការ​​​ដំឡើង​​​២៨​​​ភាគ​​​រយ​​​ដែល​​​ខ្លួន​​​យល់​​​ព្រម​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ពី​​​១០០​​​ដុល្លារ​​​ដល់​​​១២៨​​​ដុល្លារ​​​​​​ បាន​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បញ្ជា​​​ទិញ​​​​​​ខ្លាច​​​រួច​​​ទៅ​​​ហើយ​​​ហើយ​​​ថា ការ​​​ដំឡើង​​​យ៉ាង​​​ច្រើន​​​​​​ផ្សេង​​​ទៀត​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​កាន់​​​តែ​​​ខ្លាំង​​​ដល់​​​វិស័យ​មួយ​នេះ​​​។

ក្រសួង​​​ការ​​​ងារ​​​មាន​​​បំណង​​​ដោះ​​​ស្រាយ​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​នេះ​​​នៅ​​​ដំណាច់​​​ខែ​​​ក្រោយ ​​​​​​ហើយ​​​នឹង​​​ដាក់​​​ឲ្យវា​ចូល​​​ជា​​​ធរមាន​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា៕ស៊ុយឈាង​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស