មន្ត្រីមានសមត្ថកិច្ចបានឲ្យដឹងកាលពីម្សិលមិញថា ពេលនេះនគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមប្រមាញ់កម្មករកាត់ដេរមួយក្រុមដែលបានចាក់សម្លាប់មិត្តរួមការងាររបស់ខ្លួននៅផ្ទះរបស់ជនរងគ្រោះកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីមានការប្រវាយប្រតប់គ្នាមួយប្រាវពីរថ្ងៃមុននេះនៅខាងក្រៅរោងចក្រដែលពួកគេធ្វើការ។
យុវជនឈ្មោះ ម៉ន ផាន អាយុ២០ឆ្នាំ ជាកម្មករបម្រើការងារនៅរោងចក្រវ័យប៉បេស (Weibo Best) ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវជនល្មើសចាក់ចំនួនពីរកាំបិតជិតចំណុចបេះដូងនៅម៉ោងជាង៦ល្ងាចនៅផ្ទះរបស់ជនរងគ្រោះក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ហើយហូរឈាមខ្សោះខ្លួនរហូតដល់ស្លាប់ភ្លាមៗមួយរំពេចនេះបើយោងតាមការលើកឡើងរបស់លោក វ៉ន សារឿន នាយប៉ុស្តិ៍សង្កាត់ដែលកំពុងសើុបអង្កេតករណីនេះជាមួយនគរបាលខណ្ឌ។
លោក វ៉ន សារឿន បានមានប្រសាសន៍ថា យុវជនរងគ្រោះ ម៉ន ផាន ត្រូវបានយុវជនមួយក្រុមមានគ្នាប្រហែល៥ទៅ៦នាក់ដែលធ្វើការនៅរោងចក្រជាមួយគ្នា ចាក់សម្លាប់ហើយលោកជឿថា ជនរងគ្រោះត្រូវបានវាយប្រហារដោយសារតែរូបគេហ៊ានតតាំង បន្ទាប់ពីត្រូវគេគំរាមធ្វើបាប។
លោកលើកឡើងថា នៅពេលរោងចក្របើកទ្វារឲ្យកម្មករចេញទៅផ្ទះ ក្រុមជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនស្កាត់មុខយុវជន ម៉ន ផាន និងមិត្តភក្តិរបស់ជនរងគ្រោះ ខណៈពួកគេព្យាយាមជិះម៉ូតូចេញពីបរិវេណរោងចក្រ។នៅពេលក្រុមជនសង្ស័យចាប់ផ្តើមជិះក្រឡឹងជុំវិញយុវជន ម៉ន ផាន ជនរងគ្រោះ និងមិត្តភក្តិរបស់ខ្លួនបានស្រែកដាក់ក្រុមជនល្មើស ហើយពេលនោះក៏មានការស្រែកឌឺដងដាក់គ្នាទៅវិញទៅមក។
លោកបានបញ្ជាក់ថា “ពួកគេបានប្រវាយប្រតប់គ្នាបន្ទាប់ពីក្រុមជនរងគ្រោះចោទប្រកាន់ក្រុមជនល្មើសថាបើកម៉ូតូឆ្កួតៗនៅមុខរោងចក្រ”។លោកបានបន្តថា ក្រុមជនសង្ស័យបានសងសឹក បន្ទាប់ពីចេញពីធ្វើការនៅល្ងាចថ្ងៃច័ន្ទ។
លោកបានរៀបរាប់ថា “នៅម៉ោងប្រហែល៦ [ល្ងាច] ជនរងគ្រោះបានបើកម៉ូតូចេញពីរោងចក្រទៅផ្ទះរបស់ខ្លួន ហើយយើងគិតថា ជនសង្ស័យបានបើកដេញតាមជនរងគ្រោះ។ បន្ទាប់ពីជនរងគ្រោះបោះបង់ចោលម៉ូតូ រួចរត់ចូលទៅក្នុងផ្ទះ ជនល្មើសបានទម្លុះទ្វារផ្ទះ ហើយក៏ចាក់ដើមទ្រូងជនរងគ្រោះចំនួនពីរកាំបិតភ្លាមៗ”។
លោកមានប្រសាសន៍បន្ថែមទៀតថា ជនសង្ស័យបានគេចខ្លួន នៅពេលអ្នកជិតខាងស្ទុះមកជួយយុវជន ម៉ន ផាន ប៉ុន្តែ ជនរងគ្រោះបានស្លាប់ភ្លាមៗ។ លោកថ្លែងថា នគរបាលកំណត់អត្តសញ្ញាណជនសង្ស័យបានមួយចំនួនហើយ និងកំពុងតាមប្រមាញ់ពួកគេហើយថា ពួកគេទាំងនោះសុទ្ធតែមកពីស្រុកភូមិជាមួួយជនរងគ្រោះនៅក្នុងខេត្តតាកែវ។
លោកបានបន្តថា ”នេះជាករណីមនុស្សឃាតដោយចេតនា ហើយយើងនឹងទាក់ទងទៅនគរបាលខេត្តតាកែវ ដើម្បី [ជួយ] តាមប្រមាញ់ជនសង្ស័យ”៕សុខុម