38 C
Phnom Penh

ប្រេសិត​សហ​ប្រជាជាតិ​ថ្លែង​ជា​លើក​ដំបូង​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ក្រុង​ហ្សឺណែវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ស្រី រ៉ូណា ស្មីត អ្នក​ធ្វើ​របាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ (HRC) ក្នុង​ទី​ក្រុង​ហ្សឺណែវ​ជា​លើក​ដំបូង ដោយ​បាន​ប្រាប់​អង្គការ​នេះ​ថា លោក​ស្រី​មាន​ផែនការ​ផ្តោត​លើ​មនុស្ស​ដែល​ទន់​ខ្សោយ​ក្នុង​ប្រទេស​នេះ។

ការ​បង្ហាញ​មុខ​របស់​លោក​ស្រី ស្មីត នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់ពី​លោក​ស្រី​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ប្រាំបួន​ថ្ងៃ​នៅ​កម្ពុជា ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ស្រី ចាប់តាំង​ពី​ទទួល​បាន​ការ​តែងតាំង​ជា​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក សុរិយា​ ស៊ូបេឌី កាលពី​ខែ​មីនា ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក​ស្រី​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

លោក​ស្រី ស្មីត បាន​មាន​ប្រសាសន៍​ថា “បន្ថែម​ពី​លើ​ការ​ពិនិត្យ​និង​ផ្អែក​លើ​កិច្ចការ​របស់​បុព្វាធិការី​របស់​ខ្ញុំ ខ្ញុំ​ជឿ​ថា ការ​រួម​ចំណែក​របស់​ខ្ញុំ​អា​ច​ត្រូវ​ផ្តោត​លើ​ស្ថានការណ៍​របស់​ក្រុម​មនុស្ស​ទន់​ខ្សោយ។ ឧទាហរណ៍ ជន​រងគ្រោះ​ពី​ការ​រើសអើង​ពូជសាសន៍ និង​ការ​រើសអើង​ក្រុម​ជនជាតិ​ដើម​ភាគតិច ជន​អន្តោ​គ្រាម ស្ត្រី កុមារ និង​ជន​ពិការ”។

លោក​ស្រី ស្មីត បាន​មាន​ប្រសាសន៍​ថា ការ​ផ្តល់​កម្មសិទ្ធិ​ដី​ធ្លី និង​កិច្ច​ប្រឹងប្រែង​ផ្សេង​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​ដីធ្លី បាន “ចាប់​ផ្តើម​ឃើញ​កម្រិត​នៃ​ជោគជ័យ”។

លោក​ស្រី​បាន​បន្ថែម​ថា “ទោះជា​យ៉ាង​នេះ​ក្តី កិច្ចការ​ជាច្រើន​ត្រូវ​ដោះស្រាយ​ទៀត ជាពិសេស ចំពោះ​សហគមន៍​ទន់​ខ្សោយ ដូចជា​ជនជាតិ​ដើម​ភាគ​តិច​ជាដើម”។

លោក​ស្រី ស្មីត ក៏​បាន​ចាប់​អារម្មណ៍​ចំពោះ​កង្វល់​ដែល​បាន​លើក​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​និង​អន្តរជាតិ ដែល​ថា​សេរីភាព​នៃ​ការ​ជួបជុំ​គ្នា សមាគម និង​ការ​សម្តែង​មតិ កំពុង​ត្រូវ​រឹត​បន្តឹង នៅ​ពេល​ដែល​ប្រទេស​នេះ​ជិត​ដល់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

អ្នក​ធ្វើ​របាយការណ៍​ពិសេស​រូប​នេះ​បាន​និយាយ​ថា “នេះ​ជា​បញ្ហា​កង្វល់ ដោយ​ហេតុ​ថា លទ្ធភាព​នៃ​មនុស្ស​ទាំងអស់​ទទួល​បាន​សំណង និង​រួម​ចំណែក​ដល់​ការ​ស្វែង​រក​ដំណោះស្រាយ​ដី​ធ្លី ការងារ និង​ជម្លោះ​ផ្សេងទៀត ជា​ញឹកញាប់​ផ្អែក​លើ​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការ​ប្រើ​សេរីភាព​បែប​នេះ​ដោយ​សន្តិវិធី”។

ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​ស្រី ស្មីត តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្រុង​ហ្សឺណែវ លោក នៃ សំអុល បាន​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ពង្រឹង​នីតិរដ្ឋ និង​បាន​រីក​ចម្រើន​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី។

លោក សំអុល បាន​មាន​ប្រសាសន៍​ថា “គ្មាន​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ​ទេ​ក្នុង​គោលនយោបាយ​កម្ពុជា”។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា “ទទួល​ស្គាល់​ជា​បណ្តោះអាសន្ន​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការ​កាន់កាប់​ដី​ធ្លី​ដោយ​ខុស​ច្បាប់​រហូត​ដល់​ពួកគាត់​ស្វែងរក​កន្លែង​ស្នាក់​នៅ​ដោយ​ស្រប​ច្បាប់​បាន”៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស