29.6 C
Phnom Penh

​​​សកម្ម​​​ជន​​​បី​​​នាក់​​​​បងប្អូន​ត្រូវផ្តន្ទាទោសឲ្យ​ជាប់​គុក​ម្នាក់​ៗ​៥ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​ខេត្ត​ស្វាយរៀង​​​ផ្ដន្ទា​ទោស​​សកម្មជន​សហគមន៍​បី​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​​​​ម្នាក់ៗ​៥ឆ្នាំ ពីបទ​រាន​ព្រៃ​លើ​ដី​របស់​រដ្ឋ​​ដែល​អះអាង​សិទ្ធិ​កាន់​កាប់​ដោយ​កសិករ​​រាប់​សិប​​​នាក់​ក្នុង​មូលដ្ឋាន​។​​​

ចៅក្រម​ ហម ម៉េងសែ ​មាន​ប្រសាសន៍​​​​ថា បង​ប្អូន​​ប្រុស​បង្កើត​បី​នាក់គឺ សួន សីហា អាយុ​​​៣០​​​​​ឆ្នាំ សួន ហុងលី អាយុ​៤៤​ឆ្នាំ និង​ សួន ហ៊ូ អាយុ​៤០​ឆ្នាំ ត្រូវ​បាន​កាត់​​ឲ្យ​ជាប់​ទោស​កាល​​​ពី​ថ្ងៃពុធ​សប្ដាហ៍មុន ​ពីបទ​រាន​ដី​ព្រៃ​​ដោយ​គ្មាន​​​​ការ​អនុញ្ញាត​។ លោក​បាន​ថ្លែង​ថា “​យើង​បាន​​​​ផ្ដន្ទាទោស​ពួកគាត់​រួច​ហើយ គឺ​ក្នុង​ម្នាក់ៗ​​ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ”។

ចៅក្រម​រូប​នេះថ្លែង​ថា លោក​មិន​ទាន់ចេញ​ដីកា​ចាប់​ខ្លួន​​បង​ប្អូន​ប្រុស​ទាំង​​​នេះ ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​​​​នៅ​ក្រៅ​ឃុំ​នៅ​ឡើយទេ ព្រោះ​​​ពួកគេ​មាន​​រយៈ​ពេល​​៣០​ថ្ងៃ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍ ហើយ​​​​​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​​​បន្ថែម​ឡើយ​។

វិវាទ​នេះ​មាន​តាំង​ពី​ឆ្នាំ​២០០៨​ឯណោះ ​នៅ​ពេល​បង​ប្អូន​ប្រុស​បង្កើត​ទាំង​នេះ​បាន​ចាប់​​ផ្ដើម​ធ្វើ​​យុទ្ធនាការ​​​​រារាំង​រដ្ឋបាល​ព្រៃ​ឈើ​មិន​​ឲ្យ​ដាំដើម​អាកាស្យា​​លើ​ដី​ទំហំ​៧១​ហិកតា ដែល​កសិករ​​មួយ​ក្រុម​​មាន​​៨៦​គ្រួសារ​​​​អះអាង​ថា ពួកគាត់​បាន​ធ្វើ​ស្រែចម្ការ​ចាប់​តាំង​​​​ពី​ឆ្នាំ​១៩៧៩​មក។ កាលពី​ឆ្នាំ​២០១២ រដ្ឋបាល​ព្រៃឈើ​បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្ដឹង​បង​ប្អូន​ទាំង​បី​នាក់​នេះ​ពីបទ​ញុះញង់​កសិករ​​ឲ្យ​កាប់​ដើម​ឈើ​។ ពេល​កសិករ​​ខ្លះ​​នាំ​គ្នា​​កាប់​ដើម​​​ឈើ​មួយ​ចំនួន​ បង​ប្អូន​​ប្រុស​ទាំង​នេះ​បដិសេធ​ថា ពួក​គេ​​​មិន​បាន​ចូល​រួម​​ ឬ​ជំរុញ​ឲ្យ​​​​អ្នក​ផ្សេង​ទៀត​ធ្វើ​ដូច្នេះឡើយ​។

កាលពី​ម្សិលមិញ ​សីហា ដែល​​ជា​ប្អូន​ពៅ​​និយាយ​ថា គាត់​មិនបាន​​​ចូល​រួម​​ស្តាប់​តុលា​​​ការ​​​​ប្រកាស​សេចក្តី​សម្រេច​​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន ​​​ព្រោះ​គាត់​​មិន​បាន​ឮ​​ចៅក្រម​​និយាយ​អំឡុង​សវនាការ​ជំនុំជម្រះ​​​ក្ដី​​របស់​គាត់​កាលពី​ដើម​ខែនេះ​​ ហើយ​​ត្រូវ​បាន​​មេធាវី​​​របស់​​គាត់​​​​ប្រាប់​​ពី​ការ​ផ្ដន្ទាទោស​នេះ​​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ។

លោក​បាន​ថ្លែង​ថា “​ខ្ញុំគិត​ថា សាលក្រម​នេះ​មិន​យុត្តិធម៌​ទេ ហើយ​ធ្វើ​ឡើង​ក្នុង​បំណង​​​​​គំរាម​កំហែង​ប្រជាពលរដ្ឋ​​របស់​យើង​នៅ​​ក្នុង​ឃុំ​​​​ឲ្យ​​ពួកគាត់​ឈប់​តវ៉ាប្រឆាំង​​អាជ្ញាធរ​ទៀត​”។

លោក​បាន​បន្ថែម​ថា “​ចៅក្រម​រូប​នេះ​​មិន​បាន​ស៊ើបអង្កេត​ករណី​នេះ​ឲ្យ​បាន​​ស៊ីជម្រៅ​ឡើយ​។ រដ្ឋបាល​ព្រៃ​ឈើ​បាន​ចាប់​យក​ដី​របស់​​​​យើង​កាលពី​ឆ្នាំ​២០០៨ ប៉ុន្តែ​​តុលាការ​​បាន​ផ្ដន្ទាទោស​ពួក​យើង​​ទៅវិញ។ ខ្ញុំ​គិត​ថា នេះ​គឺ​​ជា​វិធី​ដើម្បី​បំបាក់​ស្មារតី​​ប្រជាជន​ក្រីក្រ​ដែល​តស៊ូ​​ទាម​ទារ​រក​យុត្តិធម៌”។ សីហា បាន​និយាយ​​​​ថា គាត់​​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​​​ពី​ការ​ប្ដឹង​ឧទ្ធរណ៍។

លោកស្រី សម សុគន្ធា ​ដែល​តំណាង​ឲ្យ​បងប្អូន​​ទាំងនេះ​​​​បាន​មាន​ប្រសាសន៍​ថា ពួកគាត់​​​​នឹង​ដាក់ពាក្យ​ប្ដឹង​ឧទ្ធរណ៍​នៅ​ពេល​ណា​មួយ​នៅ​សប្ដាហ៍​ក្រោយ​។

លោកស្រី​បាន​ថ្លែង​ថា ”​កូនក្ដី​របស់​ខ្ញុំ​មិន​ទទួល​​យក​សេចក្ដី​សម្រេច​របស់​តុលាការ​ទេ ពីព្រោះ​ពួកគាត់​​អះអាង​ថា ​ពួកគាត់​​មិន​បាន​ធ្វើ​​​អ្វី​ខុស​ឡើយ​ ដូច្នេះ​​យើង​នឹង​​ប្ដឹង​ទាស់​សាល​​​​ក្រម​នេះ​។ ពួកគាត់​​និយាយ​ថា ​​ពួកគាត់​​មិន​បាន​រាន​ដីព្រៃ​​របស់​​រដ្ឋបាល​ព្រៃ​ឈើ​ទេ។ ពួក​​​​គាត់​ជា​​មនុស្ស​ស្លូត​ត្រង់​”។

លោក​​ នុត បូភិនណារ័ត្ន ​​​អ្នក​សម្រប​សម្រួល​​​​អង្គការ​សិទ្ធិ​មនុស្ស​​​លីកាដូប្រចាំ​ខេត្ត​ស្វាយ​រៀង ដែល​បាន​ផ្ដល់​មេធាវី​​ដល់​បង​ប្អូន​ប្រុស​បង្កើត​​​​​ទាំង​នេះ​​​មាន​ប្រសាសន៍​ថា លោក​​ក៏​​​​ខក​ចិត្ត​នឹង​​​​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ដែរ។

លោក​បាន​ថ្លែង​ថា“សេចក្ដី​សម្រេច​របស់​តុលាការ​​ផ្ដន្ទាទោស​ពួកគាត់​ឲ្យ​ជាប់​ពន្ធនា​គារ​​​​ម្នាក់ៗ​៥​ឆ្នាំ គឺ​ធ្ងន់ធ្ងរ​ណាស់​។ មិន​មាន​សាក្សី​​ដែល​និយាយ​ថា ​ពួកគាត់​ទាំង​បី​នាក់​កាប់​ដើម​​អាកាស្យា​ទាំង​នោះ​ឡើយ”។

យោង​តាម​កសិករ​មួយ​ចំនួន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​នេះ​​​បាន​​ឲ្យ​ដឹង​ថា នគរ​បាល​ស្រុក និង​ឃុំ​បាន​ព្យាយាម​រារាំង​ពួកគាត់​មិន​​ឲ្យ​​​ធ្វើ​ដំណើរ​ទៅ​តវ៉ា​​នៅ​ក្រៅ​សាលា​ដំបូង​ខេត្ត​​នៅ​ថ្ងៃ​បើក​សវនាការកាលពី​​​​ពីរ​សប្ដាហ៍​មុន ដោយ​​ការ​​ដាក់​របាំង​ផ្លូវ។

ពួកគាត់​និយាយ​ថា ​ពួកគាត់​អាច​​​ទៅ​ដល់​តុលាការ​​ដោយ​ទុក​យាន​យន្ត​របស់​ខ្លួន​ចោល ហើយ​​ជិះ​តាក់​ស៊ី​។ អាជ្ញាធរ​បដិសេធ​ថា ពួក​គេ​​​​មិន​បាន​ព្យាយាម​​រារាំង​ពួកគាត់​ឡើយ៕ សារុន​

​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស