28 C
Phnom Penh

បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​គំរាម​​​​ដាក់​គ្រាប់​បែក​​​ក្នុង​​ពិធី​​​ចែកសញ្ញា​បត្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​និស្សិត​ម្នាក់​​​នៃសា​កល​វិទ្យាល័យ​សៅស៍​អុីស​ អេយសៀ (University of South-East Asia) ​ក្នុង​ក្រុង​សៀមរាប​ ត្រូវ​បាន​ចាប់​ខ្លួន​​កាល​​​ពី​ថ្ងៃ​ច័ន្ទ ចំពោះ​ការ​បង្ហោះ​​សារ​បញ្ចេញ​​មតិ​​​នៅលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​មិត្ត​ភក្ដិ​ម្នាក់​ ដោយ​​គំរាម​ដាក់​គ្រាប់​បែក​​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ក្រោម​អធិបតីភាព​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

យោង​តាម​​លោក ភឹង ចិន្ដា​រ៉េត នាយ​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នង​​ការដ្ឋាន​នគរ​បាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា យុវជន​​ឈ្មោះ តៅ សាវឿន អាយុ​២៦​​ឆ្នាំ បាន​បញ្ចប់​ការ​សិក្សា​នៅ​​សាកលវិទ្យាល័យ​នេះ​ក្នុង​ឆ្នាំ​២០១៣ ហើយ​​ខ្លួន​ខឹង​​យ៉ាង​ខ្លាំង​​​ដោយ​សារ​តែ​កាលវិភាគ​​​ប្រគល់​សញ្ញា​​​បត្រ​ក្រោម​អធិបតី​ភាព​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​កែ​ប្រែ​ម្តង​ហើយ​ម្តង​ទៀត​។

លោក​មាន​ប្រសាសន៍​ថា នៅ​ពេល​​មិត្ត​ភក្ដិ​ម្នាក់​បង្ហោះ​​សារ​នោះ​បន្ត​តាម​​​​ហ្វេស​ប៊ុក​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ជូន​ដំណឹង​ដល់​និស្សិត​​ផ្សេង​ទៀត​​ថា កាល​បរិច្ឆេទ​ដែល​លុប​ចោល​មុន​នេះ​​​ត្រូវ​​រក្សា​ទុក​ដដែល​នោះ​ យុវជន​ តៅ សាវឿន បាន​សរ​សេរ​​​ថា ខ្លួន​​​​នឹង​ដាក់​គ្រាប់​​​​បែក​​ក្នុង​ពិធី​នោះ​។

លោក​​បាន​​គូស​បញ្ជាក់​ថា ​”​សាកល​វិទ្យា​ធិការ​បាន​ផ្ដល់​ព័ត៌មាន​​កាលពី​ម្សិលមិញ ហើយ​​​​យើង​​​ក៏​បាន​ចាប់​ផ្ដើម​ស៊ើបអង្កេត​នៅ​​​ពេល​ប្រហែល​​ពាក់​កណ្ដាល​ថ្ងៃ​ត្រង់​។ យើង​ចាប់​ផ្ដើម​ស៊ើបអង្កេត​នៅ​សាលា​រៀន​នេះ​ដើម្បី​​ស្វែង​រក​អ្នក​ដែល​បង្ហោះ​វា ហើយ​យើង​ក៏​បាន​​សួរ​នាំ​យុវជន​​នេះ​។ យុវជន​នេះ​​បាន​សារភាព​ថា ​ខ្លួន​​ពិត​ជា​បាន​បង្ហោះ​វា​មែន ដូច្នេះ​​​​ហើយ​យើង​​ក៏​ចាប់​ខ្លួន​​គេ​​តែ​ម្ដងនៅ​ម៉ោង​ប្រហែល​​​​៣រសៀល”។

លោក​លើក​ឡើង​ទៀត​ថា លោក​ ស ខេង គ្រោង​​​ប្រគល់​​សញ្ញា​បត្រ​កាល​ពី​​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​​ដំបូង​ឡើយ​គម្រោង​នេះ​​ត្រូវ​​បាន​លុប​ចោល​​​​ដោយ​សារ​ធាតុ​អាកាសមិន​អំណោយ​ផល​។ នៅ​ពេល​គម្រោង​នេះ​​រក្សា​ទុក​ឲ្យ​នៅ​ដដែល​ យុវជន​ តៅ សាវឿន ក៏​​មាន​កំហឹង​ដោយ​សារ​តែ​រូប​គេ​ត្រូវ​រៀបចំ​កាលវិភាគ​ដើម្បី​សុំច្បាប់​​ឈប់​សម្រាក​ពី​ការ​ងារ​របស់​ខ្លួន​នៅ​សណ្ឋាគារ​។

លោក​បាន​បន្ត​ថា “​និស្សិត​បាន​ចែក​រំលែក​ព័ត៌មាន​នេះ ហើយ​យុវជន​រូប​នេះ​បាន​ខំមិន​ថា ដោយ​សារ​តែ​​កាលវិភាគ​​ត្រូវ​បាន​​​ផ្លាស់​ប្ដូរ​​​ពី​​ពេល​នេះ​ទៅ​ពេល​នោះ វា​ពិបាក​សម្រាប់​គាត់​​​​សុំច្បាប់​ពី​ថៅកែ​ [សម្រាប់​ការ​ឈប់​សម្រាក​] ដូច្នេះ​ហើយ​គាត់​ខឹង​យ៉ាង​ខ្លាំង​ និង​​​​បាន​ខំ​មិន​​​លើ​ហ្វេស​ប៊ុក​របស់​មិត្ត​ភក្តិ​ម្នាក់​”។ ​​​​​​​​​​​

យោង​តាម​​នាយការិយាល័យ​​​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​​ថា ​”យុវជន​​​​​ តៅ សា​វឿន បាន​សរសេរ​​ថា “ចាំ​សម្ដេច​ [ក្រឡាហោម ស ខេង​] ​មក​ដល់​ នាំគ្នា​ដាក់​គ្រាប់​បែក​​​ឲ្យ​ងាប់​ទាំង​អស់​គ្នា​ម្ដង​”។

ទាក់​ទិន​បញ្ហា​នេះ លោក សៀន សុវណ្ណា សា​កល​វិទ្យា​ធិការ​ នៃ​សាកលវិទ្យាល័យ​​សៅស៍​​​អុីស​ អេយសៀ ​បាន​មានប្រសាសន៍​​ថា ផ្នែក​រដ្ឋបាល​របស់​សាលា​​​បាន​​ប្ដឹង​ទៅ​នគរ​បាល​​ពាក់​​​​​ព័ន្ធ​​​​​​ការ​បង្ហោះ​សារ​នេះ​​ ក្រោយ​​ពិធី​ប្រគល់​សញ្ញា​បត្រ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​​​​បាន​​តាម​ដាន​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​ដើម្បី​រក​មើល​​​​ការ​បង្ហោះ​សារ​​ពាក់​ព័ន្ធ​ការ​ផ្លាស់​ប្ដូរ​​​កាល​​វិភាគ​​​នេះ។

​លោក​បាន​ធ្វើ​ការ​កត់សម្គាល់​ថា ​”​យើង​បាន​ពិនិត្យ​មើល​​ហ្វេស​ប៊ុក​របស់​និស្សិត​យើង​​បន្ទាប់ពី​យើង​មាន​ការ​ពន្យារ​ពេល​ ដោយ​សារ​​​យើង​ចង់​ដឹង​ថា​​និស្សិត​ណា​ខ្លះ​​​​បាន​​ខំមិន​ពាក់​ព័ន្ធ​សាលា​។ ប្រសិន​បើ​​​ពួកគេខំ​មិន​អាក្រក់ៗ​អំពី​សាកល​វិទ្យាល័យ យើង​នឹង​​​ពិចារណា​ការ​​​ដាក់​ពិន័យ ឬ​ថា ​តើ​​​ត្រូវ​ប្រគល់​សញ្ញា​បត្រ​​ឲ្យ​ពួកគេ ​ឬក៏អត់​ចំពោះ​ការ​មិន​គោរព​តាម​វិធាន​​​ផ្ទៃ​ក្នុង​របស់​សាកល​វិទ្យា​ល័យ​​។ យើង​បាន​រក​​​​ឃើញ​ [ខំមិន​របស់​យុវជន​ តៅ សាវឿន] បន្ទាប់​ពី​​​ចប់​ពិធី​ប្រគល់​សញ្ញាបត្រ​​​ក្រោម​អធិបតី​ភាព​​​​សម្ដេច​ក្រឡាហោម។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​ដែល​គាត់​​​គំរាម​ធ្វើ​ឃាត​សម្ដេច​។ យើង​បាន​សុំ​ឲ្យ​ពួកគាត់​​រក្សា​ភាព​​ស្ងាត់​ស្ងៀម​ និង​​សុំកុំប្រើ​​ពាក្យ​ពេចន៍​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាកល​វិទ្យា​ល័យ ឬ​រដ្ឋាភិបាល​។ មាន​តែ​មនុស្ស​ឆ្កួត​ទេ​ដែល​សរសេរ​បែប​នេះ​”។

សូម​បញ្ជាក់​ថា យុវជន​ តៅ សាវឿន គឺ​ជា​មនុស្ស​ចុង​ក្រោយ​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​​​ពី​បទ​​​​​គំរាម​កំហែង​តាម​ហ្វេស​ប៊ុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។

សូម​រំឭក​ថា យុវជន​ម្នាក់​ឈ្មោះ ផង់ សីហា ​​ដែល​ជា​កម្មករ​សំណង់​ ត្រូវ​បាន​​តុលាការ​ចោទ​​​​​ប្រកាន់​កាលពី​ដើម​ខែ​នេះ​ពីបទ​គំរាម​​​ធ្វើ​ឃាត​​​​​លោក សុខ ទូច ដែល​ទទួល​ភារ​កិច្ច​​ពី​រដ្ឋាភិបាល​​​​​ដើម្បី​ស្រាវ​​ជ្រាវ​​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​។

ចំណែក​ឯ​យុវជនម្នាក់​ទៀត​ឈ្មោះ​​ គង់ រ៉ាយ៉ា អាយុ​២៥​ឆ្នាំ ដែល​ជា​​និស្សិត​​សាកល​​វិទ្យា​ល័យ​​ខេមរៈ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា ​​​ពី​បទ​គំរាម​ធ្វើ​​ “បដិវត្តន៍​ពណ៌​” នៅ​​ក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​​កំពុង​ជាប់​ពន្ធនា​គារ​​​រង់ចាំ​សវនាការ​​​​ជំនុំជម្រះ​​​ទោស​​របស់​ខ្លួន​​​តាម​​​ការ​ចោទ​​​ប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​។

ការ​ចាប់​ខ្លួន​ទាំង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​​រដ្ឋាភិបាល​​​​​បាន​ដាក់​ចេញ​​គំនិត​​ផ្ដួច​ផ្ដើម​ដើម្បី​ឃ្លាំមើល​ឲ្យ​ស្អិត​​នូវ​សកម្ម​ភាព​តាម​​​​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​។

កាលពី​ខែ​តុលា ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​​​ប្រកាស​អំពី​ការ​បង្កើត​ “ក្រុម​សង្គ្រាម​អុីន​ធើ​ណិត” ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ “​គេហទំព័រ ហ្វេស​ប៊ុក ទ្វីត​ធើ ហ្គូហ្គល​ភ្លើស​ ប្លក់​ យូធ្យូប ​​​​​​​​និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេងៗ​ទៀត”​។

រដ្ឋា​ភិបាល​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ខ្លួន​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​បទល្មើស​តាម​ប្រព័ន្ធ​អុីន​ធើណិត​ ជា​ហេតុ​ធ្វើ​ឲ្យ​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ថា គណបក្ស​​​ប្រជាជន​កម្ពុជា​កាន់​អំណាច ​​កំពុង​បង្កើន​​​ការ​​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​បង្ក្រាប​អ្នក​ប្រឆាំង​តាម​​អុីន​ធើណិត៕ សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស