28 C
Phnom Penh

គណបក្ស​ប្រជាជន​ជំរុញ​ឲ្យ​អនុម័ត​ច្បាប់​បោះឆ្នោត​ឃុំ​សង្កាត់​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា សភា​ជាតិ​នឹង​បោះ​ឆ្នោត​លើ​ច្បាប់​វិសោធនកម្ម​ដែល​គ្រប់គ្រង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​២០​ខែ​តុលា បើ​ទោះជា​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បង្កើត​បាន​ការ​ព្រមព្រៀង​ទាក់​ទិន​នឹង​ផ្នែក​ជាច្រើន​នៃ​ច្បាប់​នេះ ដែល​ពួកគេ​មិន​យល់​ស្រប​គ្នា​ក៏ដោយ។

ថ្វីបើ​តំណាង​រាស្ត្រ​៦៨​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​ភាគច្រើន​ដាច់​ខាត​ក្នុង​សភា​១២៣​អាសនៈ ហើយ​អាច​អនុម័ត​ច្បាប់​នេះ​តាម​ចិត្ត​ប្រាថ្នា​ក៏ដោយ ក៏​មន្ត្រី​ជាន់​ខ្ពស់​ខាង​គណបក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង បាន​និង​កំពុង​ចរចា​ក្នុង​ក្តី​សង្ឃឹម​ថា​នឹង​សម្រេច​បាន​ច្បាប់​ថ្មី​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​សងខាង។

លោក ឥសាន បាន​មាន​ប្រសាសន៍​ថា ទាំង​ពីរ​ក្រុម ដែល​ដឹក​នាំ​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង គ្រោង​នឹង​ជួប​គ្នា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​នេះ។ ប្រសិនបើ​គេ​មិន​អាច​សម្រេច​ការ​ព្រមព្រៀង អ៊ីចឹង គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អនុម័ត​ច្បាប់​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្នុង​ករណី​មិន​មាន​ការ​ព្រមព្រៀង​ក្នុង​ការ​ចរចា​ខាង​មុខ​នេះ ក្រុម​ការងារ​នឹង​បញ្ជូន​រឿង​នេះ​ទៅ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ទី​២០​ខែ​តុលា។នៅ​ពេល​កិច្ច​ការ​នេះ​ត្រូវ​បញ្ជូន​ទៅ​អង្គ​ប្រជុំ​សភា​ពេញ​អង្គ វា​ត្រូវ​ការ​តែ​៥០​ភាគរយ​បូក​មួយ​ប៉ុណ្ណោះ”។

ច្បាប់​បោះ​ឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ដោយសារ​ការ​យោង​ជាច្រើន​ទៅ​នឹង​ច្បាប់​បោះ​ឆ្នោត​ជាតិ ដែល​បាន​សរសេរ​ជា​ថ្មី​នៅ​ដើម​ឆ្នាំ​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចប់​ពហិការ​មិន​ចូល​សភា​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​របស់​ខ្លួន។

គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​ភាគច្រើន​នៃ​ច្បាប់​នេះ ប៉ុន្តែ​ខ្វែង​គំនិត​គ្នា​ជា​ខ្លាំង​លើ​មាត្រា​មួយ​ចំនួន ដោយ​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​ខ​ដែល​មាន​ស្រាប់​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​រយៈ​ពេល​១៥​ថ្ងៃ ត្រូវ​ទុក​នៅ​ដដែល។

គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បាន​យុទ្ធនាការ​មាន​រយៈ​ពេល​១០​ថ្ងៃ ដោយ​លើក​ឡើង​ថា រយៈ​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​បាន​កាត់​បន្ថយ​ដែរ។

លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ក្នុងការ​​ចរចា​រវាង​លោក ខេង និង​លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​អត្ថាធិប្បាយ ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បោះបង់​ចោល​ការ​ទាមទារ​របស់​ខ្លួន​ឬ​យ៉ាងណា​ទេ។

លោក ឆៃអ៊ាង បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ទេ ដូច្នេះ​ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ ដោយ​ហេតុ​ថា​វា​អាស្រ័យ​លើ​ការចរចា”។ លោក​បាន​បន្ថែម​ថា លោក​ជឿ​ថា ការ​ប្រជុំ​នៅ​ថ្ងៃ​នេះ​នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​ធ្វើ​វិសោធនកម្ម​វិធាន​ផ្ទៃ​ក្នុង​របស់​សភា​ជាតិ៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស