យោងតាមនគរបាលបានឲ្យដឹងថា ជនសង្ស័យនៅក្នុងហេតុការណ៍ជះទឹកអាសីុតថ្មីបំផុតនៅប្រទេសបានរត់គេចខ្លួនបន្ទាប់ពីស្រោចទឹកអាសីុតលើមិត្តប្រុសរបស់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។
ជនរងគ្រោះ ឈ្មោះ ឡេង សុជាតា អាយុ២១ឆ្នាំ កំពុងជិះម៉ូតូនៅក្នុងខណ្ឌ៧មករា ហើយមិត្តស្រីរបស់ខ្លួនឈ្មោះ ចិន លីគីម មានអាយុ២១ឆ្នាំដូចគ្នាជិះពីក្រោយ នៅពេលនោះស្រាប់តែ ស្ត្រីជាសង្សាររូបនេះបានយកទឹកអាសីុតស្រោចលើក្បាល និងកមិត្តប្រុសរបស់ខ្លួនតែម្តងនៅវេលាម៉ោង២និង៣០នាទីរសៀល នេះបើយោងតាមលោក ម៉ក់ បូរុណឆស័ក នាយប៉ុស្តិ៍នគរបាលសង្កាត់វាលវង់។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ស្ត្រីជាសង្សាររូបនេះបានស្រោចទឹក អាសីុតលើមិត្តប្រុសរបស់ខ្លួន។ បុរសជាសង្សាររងរបួសធ្ងន់ត្រង់ក្បាល និងក ហើយក្រុមគ្រួសារបានបញ្ជូនគាត់ទៅព្យាបាលនៅវៀតណាម”។
លោកបានលើកឡើងទៀតថា កញ្ញា ចិន លីគីម ក៏ត្រូវទឹកអាស៊ីតចំមុខដែរអំឡុងហេតុការណ៍នេះ។ “នគរបាលនៅមិនទាន់សន្និដ្ឋាននៅឡើយទេថា តើហេតុការណ៍នេះកើតឡើង ដោយសារការប្រចណ្ឌ ឬមូលហេតុផ្សេង”។
លោក ជា សុខ អធិការរងនគរបាលខណ្ឌនេះបានឲ្យដឹងថា កញ្ញា ចិន លីគីម បានរត់គេចពីកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីកើតហេតុការណ៍ស្រោចទឹកអាសីុតនេះរួច។
លោកបានថ្លែងថា “ឥឡូវនេះយើងកំពុងព្យាយាមតាមចាប់ជនសង្ស័យ ហើយយើងកំពុងស្វែងរកនាងនៅតាមមន្ទីរពេទ្យ”។
លោក សុខ សារិន ដែលត្រូវជាឪពុកមារបស់ជនរងគ្រោះលើកឡើងថា ក្មួយប្រុសរបស់ខ្លួនកំពុងព្យាបាលនៅប្រទេសវៀតណាមនៅឡើយ គិតត្រឹមរសៀលម្សិលមិញ។
លោកបានឲ្យដឹងទៀតថា គូសង្សារមួយគូនេះបានណាត់ជួបគ្នាជិតមួយឆ្នាំមកហើយ ហើយថា កញ្ញា ចិន លីគីម តែងតែរំអុកក្មួយប្រុសរបស់គាត់ឲ្យចូលស្តីដណ្តឹងនាង។
លោកបានលើកឡើងបន្តទៀតថា ដំបូងឡើយ ជនរងគ្រោះ សុជាតា ចង់រៀបការដែរប៉ុន្តែ បានប្តូរចិត្តវិញ បន្ទាប់ពីដឹងថា មិត្តស្រីរបស់ខ្លួនធ្លាប់ភ្ជាប់ពាក្យបីបួនដងរួចមកហើយហើយបានផ្តាច់ពាក្យរាល់លើក បន្ទាប់ពីទទួលបានប្រាក់ និងគ្រឿងអលង្ការពីបុរសដែលធ្លាប់ភ្ជាប់ពាក្យជាមួយនាង។
លោក សុខ សារិន បានបន្ថែមទៀតថា នគរបាលបានប្រាប់គាត់ថា កញ្ញា ចិន លីគីម ទើបតែត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនប៉ុណ្ណោះពីបទលួចខ្សែក និងប្រើប្រាស់គ្រឿងញៀន ប៉ុន្តែត្រូវបានដោះលែងវិញ។ ហើយនៅប៉ុន្មានម៉ោងមុនកើតហេតុការណ៍ស្រោចទឹកអាសីុតកាលពីថ្ងៃអង្គារ បងប្អូនស្រីរបស់គាត់ដែលត្រូវជាម្តាយរបស់ ឡេង សុជាតា បានទូរស័ព្ទមកគាត់ប្រាប់ថា កញ្ញា ចិន លីគីម បានទូរស័ព្ទគំរាមថា មនុស្សមួយក្រុមកំពុងទៅរកកូនរបស់គាត់ ហើយថា នឹងមានរឿងល្ខោនកើតឡើង។
លោក សុខ សារិន និយាយថា ”ប្រហែល៣០នាទីក្រោយមកបងប្អូនស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា កូនប្រុសរបស់គាត់ត្រូវគេស្រោចទឹកអាសីុតលើហើយ”។ លោកបានបន្ថែមថា លោកជឿថា កញ្ញា ចិន លីគីម ព្យាយាមចង់បានប្រាក់ពីក្មួយប្រុសរបស់គាត់ ហើយស្រោចទឹកអាសីុតលើក្មួយគាត់ បន្ទាប់ពីក្មួយគាត់សុំដាច់គ្នា។
រូបថតមួយសន្លឹករបស់កញ្ញា ចិន លីគីម ដែលបង្ហោះនៅលើទំព័រហ្វេសបុ៊ុករបស់បងប្អូនជីដូនមួយ ឡេង សុជាតា បង្ហាញឲ្យឃើញថា ជនសង្ស័យរូបនេះមានបង់រុំរបួសត្រង់ភ្នែកខាងស្តាំដែលទំនងជារងរបួសដោយសារទឹកអាសីុត។ លោក សុខ សារិន បានលើកឡើងទៀតថា កញ្ញា ចិន លីគីម បានផ្ញើរូបថតនេះមកឲ្យបងប្អូនជីដូនមួយរបស់ ឡេង សុជាតា ដោយផ្ទាល់។
ចំនួននៃហេតុការណ៍ជះទឹកអាស៊ីតទូទាំងប្រទេសកម្ពុជាបានថយចុះយ៉ាងខ្លាំង ចាប់តាំងពីរដ្ឋាភិបាលបានអនុម័តច្បាប់ដែលផ្តោតលើការដោះស្រាយបទល្មើសបែបនេះក្នុងឆ្នាំ២០១២ ហើយបានអនុម័តនូវអនុក្រឹត្យគ្រប់គ្រងការលក់ និងការប្រើប្រាស់ទឹកអាស៊ីតរួចមក៕ ស៊ុយឈាង