កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះរឿងក្ដីម្ចាស់ក្រុមហ៊ុនកសិឧស្សាហកម្មមួយដែលចោទអ្នករត់ការឯកសារម្នាក់ថាបានឆបោកលោកយកប្រាក់អស់២,៥លានដុល្លារ បន្ទាប់ពីខកខានមិនបានរត់ឯកសារដែលអនុញ្ញាតឲ្យគាត់អភិវឌ្ឍដីសម្បទានមួយកន្លែងក្នុងខេត្តមណ្ឌលគិរី។
លោក អៀប ប៉ៃ ម្ចាស់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ បានថ្លែងថា លោកបានបង់ប្រាក់មួយចំនួនដល់ក្រុមហ៊ុន សួន មានសម្បត្តិ ចាប់តាំងពីឆ្នាំ២០១១មក ជាថ្នូរនឹងការជួយលោកឲ្យទទួលបានដីសម្បទានទំហំ៩.១៦០ហិកតា ដើម្បីធ្វើជាចម្ការកៅស៊ូ។ លោកបានបង់ប្រាក់សរុប២,៥លានដុល្លារសម្រាប់ដីនោះ។
ទោះយ៉ាងណា លោក សួន មាន ជាអ្នករត់ការឯកសារដែលមិនបានបង្ហាញខ្លួនក្នុងតុលាការត្រូវបានចោទប្រកាន់ពីបទឆបោកកាលពីខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីលោក អៀប ប៉ៃ អះអាងថា លោកមិនអាចអភិវឌ្ឍដីនេះបានទេ ព្រោះលោក សួន មាន មិនបានដាក់ជូនឯកសារពាក់ព័ន្ធជួសមុខឲ្យលោកឡើយ។
លោក អៀប ប៉ៃ បាននិយាយថាបើទោះជាដីសម្បទាននេះត្រូវបានផ្តល់ឲ្យក៏ដោយ ក៏លោក សួន មាន មិនបានដាក់ជូនឯកសារទៅរដ្ឋាភិបាលដែលនឹងអនុញ្ញាតឲ្យលោកចាប់ផ្ដើមរានដី និងដាំដើមកៅស៊ូដែរ ក្នុងនោះរួមមានទាំងឯកសារវាយតម្លៃផលប៉ះពាល់បរិស្ថាន និងព័ត៌មានចុះបញ្ជីដីធ្លីផងដែរ។
លោក អៀប ប៉ៃ បានថ្លែងថា “ខ្ញុំបានចាញ់បោកគេ ពីព្រោះឯកសារទាំងអស់មិនត្រូវបានរត់ការពេញលេញឡើយ”។ លោកបានបន្ថែមថា លោកបានទាមទារឲ្យចុងចោទរូបនេះសងប្រាក់ដល់លោកវិញគ្រប់ចំនួន២,៥លានដុល្លារ ដែលលោកបានបង់ទៅឲ្យក្រុមហ៊ុននេះ និងបូកបន្ថែមប្រាក់សំណងចំនួន១,២លានដុល្លារទៀត”។
លោក ឡេង លីហួរ មេធាវីតំណាងលោក សួន មាន បានបដិសេធការចោទប្រកាន់នេះ ហើយបានអះអាងថា កូនក្ដីរបស់លោកមិនអាចដាក់ជូនឯកសារដែលនៅសេសសល់បានទេ ពីព្រោះក្រសួងបរិស្ថានបានដកហូតយកដីសម្បទាននេះវិញកាលពីខែតុលាឆ្នាំមុន។
លោក លីហួរ ថ្លែងថា “ហេតុផលដែលកូនក្ដីរបស់ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្លួន ព្រោះនេះជាតម្រូវការរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានដកយកដីសម្បទាននេះវិញដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ”។
លោកបានថ្លែងថា ”រដ្ឋាភិបាលបានដកហូតដីវិញពីក្រុមហ៊ុនជាង២០ឯណោះ…។ បញ្ហាទាំងអស់នេះបង្ហាញឲ្យឃើញថា វាមិនមែនជាកំហុសរបស់កូនក្ដីខ្ញុំទេ ប៉ុន្តែវាជាកំហុសរបស់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ដែលបានរំលោភគោលការណ៍ណែនាំរបស់រដ្ឋាភិបាល”៕ សារុន