លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា ប្រទេសកម្ពុជា នឹងទទួលយកជនភៀសខ្លួនពីរនាក់បន្ថែមទៀតដែលអូស្ត្រាលី កំពុងឃុំខ្លួននៅលើកោះណូរូ កណ្តាលមហាសមុទ្របា៉សីុហ្វិកខាងត្បូង ជាផ្នែកមួយនៃកិច្ចព្រមព្រៀងតាំងលំនៅថ្មីដ៏ចម្រូងចម្រាសរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងកង់បេរ៉ា បន្ថែមពីលើជនភៀសខ្លួនបួននាក់ដែលកំពុងរស់នៅទីនេះរួចទៅហើយ។
លោកបានប្រកាសបែបនេះនៅក្នុងបទសម្ភាសន៍ផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ PNN កាលពីម្សិលមិញ ក្រោយការវិលត្រឡប់របស់គណៈប្រតិភូកម្ពុជា ដែលបានទៅកាន់ប្រទេសដែនកោះណូរូ ដើម្បីជួបជាមួយអ្នកដាក់ពាក្យទាំងនេះ ហើយបានបញ្ជាក់ថា ពួកគេមកដោយស្ម័គ្រចិត្ត។
អូស្ត្រាលី បានប្រាប់កម្ពុជាថា ខ្លួនមានអ្នកស្ម័គ្រចិត្តថ្មីសរុបចំនួនបួននាក់សម្រាប់ឲ្យគណៈប្រតិភូកម្ពុជា ជួប ប៉ុន្តែ រដ្ឋមន្ត្រីរូបេនះបានមានប្រសាសន៍ថា ពីរនាក់បានសម្រេចចិត្តដកខ្លួនវិញ។
លោកថ្លែងថា ”យើងបានចាត់តាំងមន្ត្រីឲ្យទៅសម្ភាសពួកគេ។ របាយការណ៍បឋមដែលខ្ញុំទទួលបានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ គឺថា ក្នុងចំណោមបួននាក់នោះ មានតែពីរនាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តមក ហើយពីរនាក់មិនចង់មករស់នៅក្នុងប្រទេសកម្ពុជា ទេ”។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា ជនភៀសខ្លួនទាំងពីរនាក់នេះនឹងមកនៅពេលណា ឬមូលហេតុអ្វីបានជាពីរនាក់ទៀតប្តូរចិត្តឡើយ។
ដំណឹងេនះបានកើតមានឡើងរយៈពេលជាងមួយឆ្នាំបន្ទាប់ពីកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលតាំងលំនៅថ្មី ដែលក្នុងនោះខ្លួនបានព្រមព្រៀងទទួលយកជនភៀសខ្លួនដែលអូស្ត្រាលី កំពុងឃុំឃាំងតាមជំរំលើកោះណូរូ ក្នុងចំនួនមិនបញ្ជាក់ជាថ្នូរនឹងជំនួយបន្ថែម៤០លានដុល្លារអូស្ត្រាលី (ប្រហែល២៨លានដុល្លារ )សម្រាប់រយៈពេលបួនឆ្នាំ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ជនភៀសខ្លួនបួននាក់ដំបូងបានមកដល់រាជធានីភ្នំពេញ កាលពីខែមិថុនា ហើយត្រូវបានដាក់ឲ្យស្នាក់នៅក្នុងវីឡាដែលមានរបងបិទជិតនាប៉ែកខាងត្បូងរាជធានីភ្នំពេញ ចាប់តាំងពីពេលនោះមក។ ក្រុមនេះរួមមានជនជាតិអីុរ៉ង់ បីនាក់ បុរសជនជាតិភាគតិចរ៉ូហីុងយ៉ា ម្នាក់មកពីប្រទេសភូមា ដែលបានសុំវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។
អំឡុងបទសម្ភាសន៍ លោក ស ខេង បានមានប្រសាសន៍ថា រាល់លិខិតស្នាមសម្រាប់អនុញ្ញាតឲ្យបុរសជនជាតិរ៉ូហីុងយ៉ា នេះចាកចេញពីប្រទេសកម្ពុជា ត្រូវបានបំពេញរួចរាល់អស់ហើយ ហើយការបញ្ជូនបុរសនេះត្រឡប់ទៅវិញ គឺស្រេចលើប្រទេសភូមា។
ទាក់ទិនបញ្ហានេះ ស្ថានទូតរបស់ភូមា នៅក្នុងរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ពេលទាក់ទងតាមទូរស័ព្ទ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ប្រទេសភូមា បានអនុញ្ញាតឲ្យបុរសជនជាតិរ៉ូហីុងយ៉ា នេះវិលត្រឡប់ទៅវិញហើយ ហើយកំពុងស្ថិតក្នុងដំណើរការត្រៀមឯកសាររបស់គាត់ដែលអាចនឹងចំណាយពេលមួយខែទៀត។ ប៉ុន្តែ ការលើកឡើងរបស់លោកអំពីអ្នកស្ម័គ្រចិត្តថ្មីទាំងពីរដែលកំពុងត្រៀមខ្លួនមកកម្ពុជា ខុសគ្នាពីការលើកឡើងរបស់លោករដ្ឋមន្ត្រី។
អ្នកស្ម័គ្រចិត្តបួននាក់ដែលគណៈប្រតិភូកម្ពុជា បានទៅជួបនៅលើកោះណូរូ រួមមានជនជាតិអីុរ៉ង់បីនាក់ និងបុរសជនជាតិរ៉ូហីុងយ៉ា ម្នាក់ដូចក្រុមដំបូងដែលបានមកកម្ពុជា កាលពីខែមិថុនាដែរ។ ប៉ុន្តែ ឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា ពួកគេទាំងបួននាក់នោះបានប្តូរចិត្តហើយ ហើយពីរនាក់ដែលនឹងមកកម្ពុជា មិនស្ថិតក្នុងចំណោមពួកគេទេ។
លោកបានលើកឡើងអំពីពីរនាក់ដែលបានព្រមព្រៀងមកតាំងលំនៅថ្មីនៅទីនេះថា “ពួកគេទាំងពីរជាជនជាតិរ៉ូហីុងយ៉ា។ បួននាក់ទៀតបានដកខ្លួនចេញហើយ”។ លោកបានបន្តថា អ្នកទាំងពីរនេះទំនងជានឹងមកដល់កម្ពុជា ”ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត”ប៉ុន្តែ ដូចលោក ស ខេង ដែរ គឺលោកមិនដឹងពីមូលហេតុដែលអ្នកស្ម័គ្រចិត្តខ្លះបានដកខ្លួនចេញឡើយ៕ សុខុម