29 C
Phnom Penh

លោក ម៉ម សូណង់​ដូ ព្រមាន​ឲ្យ​អនុប្រធានរបស់​​​លោក​​​​សម្របសម្រួល​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ម៉ម សូណង់​ដូ ម្ចាស់​ស្ថានីយវិទ្យុ​ដ៏មាន​ប្រជាប្រិយភាព​​ដែល​​បាន​បើក​​គណ​​​បក្ស​​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឡើង​វិញ​កាលពី​ដើម​ឆ្នាំ​នេះ ​បាន​លើក​ឡើង​កាល​​​ពី​ម្សិល​មិញ​​ថា ប្រសិន​បើ​​​អនុប្រធាន​របស់​លោក​​ មិន​អាច​​ដោះ​ស្រាយ​​ជម្លោះជា​​​​​​សាធារណៈ​​​​​​ដោយការ​​​សម្រប​​​សម្រួល​​​គ្នា​​​​ទេ​នោះ លោក​នឹង​​បណ្ដេញ​ពួកគាត់​​​ទាំង​ពីរ​ចេញពី​បក្ស​។

លោក ហៀង រិទ្ធី អនុប្រធាន​​គណបក្ស​​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នេះ ​បាន​ចេញ​មក​និយាយ​តាម​វិទ្យុ​អាស៊ីសេរី​កាលពី​ល្ងាច​ថ្ងៃ​ពុធ ​ដើម្បី​ចោទ​ប្រកាន់​លោក ហារី សំអាត ដែល​ក៏​ជា​​អនុប្រធាន​បក្ស​ដែរ​នោះ​​ថា បាន​​​ដឹកនាំ​សកម្មជន​​បក្ស​ប្រហែល​៤០​នាក់​​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ពួកគេ​​ឲ្យ​ចាក​ចេញពី​បក្ស​។

ពេល​ទាក់​ទង​កាលពីម្សិលមិញ លោក ហៀង រិទ្ធី បាន​លើក​ឡើង​ថា ​​គណៈកម្មការ​វិន័យ​​របស់​បក្ស​​បាន​សម្រេច​​បណ្ដេញ​លោក ហារី សំអាត ពីបទ​ព្យាយាម​បញ្ចុះ​បញ្ចូល​សកម្មជន​ឲ្យ​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​ខ្មែរ​សាមគ្គី​​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​កាលពី​ដើម​ឆ្នាំ​នេះ​​ដោយ​លោកស្រី ឡាក់ សុភាព អតីត​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​បក្ស​។

ប៉ុន្តែ​​លោក​ ម៉ម សូណង់ដូ បាន​លើក​ឡើង​​​ថា ការ​សម្រេច​នេះ​​មិន​ទាន់​ជា​​សេចក្ដី​សម្រេច​ចុង​ក្រោយ​នៅ​ឡើយ​ទេ​ លុះ​ត្រា​តែ​លោក​​​អនុម័ត​យល់​ព្រម​សិន​។

លោក​​បាន​មាន​ប្រសាសន៍​ថា “​គ្មាន​នរណា​​​​ ម្នាក់​​ត្រូវ​បាន​បណ្ដេញ​ចេញ​ទេ។ ក្រុម​ប្រឹក្សា​វិន័យ​​​​​បាន​ធ្វើ​របាយការណ៍​ផ្ញើ​ជូន​មក​ខ្ញុំ​ដោយ​មានភ្ជាប់​ទាំង​រូប​ថត និង​វីដេអូ​ឃ្លីប ប៉ុន្តែ​​ខ្ញុំ​​នៅ​មិន​​ទាន់​​អនុម័តយល់​ព្រម​នៅ​ឡើយ​ទេ។ ខ្ញុំ​នឹង​​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់​ម្ដង​ទៀត​”។

លោក​ ម៉ម សូណង់ដូ បាន​លើក​ឡើង​​ទៀត​​​ ថា មិន​ថា​លទ្ធផល​នៃ​​ជម្លោះ​នេះ​ទៅ​ជាយ៉ាង​ណា​ ទេវា​​គឺ​ជា​បញ្ហា​​តូច​តាច​ប៉ុណ្ណោះ ហើយ​​មិន​ អាច​​ បង្អាក់​សកម្មភាព​របស់​បក្ស​​បាន​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​បញ្ហា​ធំទេ ព្រោះ​ទាំង​លោក​ ហារី និង​លោក ហៀង រិទ្ធី សុទ្ធតែ​​មិនមែនជា​​​អ្នក​​​ទទួល​បាន​សំឡេងឆ្នោត​​​ពី​​​អ្នក​​​ភូមិ។ អ្នក​​​ភូមិ​​​បោះ​​​​ឆ្នោត​​​​ឲ្យ​ ម៉ម សូណង់ដូ ​មិនមែន​ពួកគាត់​ទេ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​មាន​អនុប្រធាន​ដល់​ទៅពីរ​ អ៊ីចឹង​វា​តែង​តែ​មាន​ម្នាក់​ចង់​​​​ប្រសើរ​ជាង​ម្នាក់​ទៀត​។លោក ហារី និយាយ​ថា មនុស្ស​នេះ [លោក ហៀង រិទ្ធី] និយាយមិន​​​ពិត​ទេ​”។

លោក​ ហារី សំអាត មិន​អាច​ទាក់​ទង​បាន​ឡើយ។ លោក ម៉ម សូណង់​ដូ បាន​លើក​ឡើង ​បន្ថែម​​​ទៀត​ថា ប្រសិន​បើ​​លោក​សម្រេច​បណ្ដេញ​លោក ហារី សំអាត ​អ៊ីចឹង​​លោក ហៀង រិទ្ធី ក៏​​ត្រូវ​ទៅ​​​ជាមួយ​គាត់​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មិន​ដឹង​ថា តើ​អនុប្រធាន​ទាំង​ពីរ​នាក់​នេះ​នឹង​បន្ត​សកម្មភាព​បន្ថែមទៀត ​​​​​​ឬ​ក៏អត់​ទេ​ ពី​​​ព្រោះ​ប្រសិន​បើ​​ពួកគាត់​បន្ត​​មាន​បញ្ហា​​ហើយ​​​ ​ធ្វើ​ឲ្យ​កើត​បញ្ហា​នៅ​ក្នុង​បក្ស​របស់​ខ្ញុំ ខ្ញុំ​នឹង​សម្រេច​​ដើរ​បែក​ផ្លូវ​​ជាជាង​ឈ្លោះ​​ទាស់​ទែង​​​​ គ្នា​​​​។ ប្រសិន​បើ​ខ្ញុំ​ដក​ចេញ ខ្ញុំ​នឹង​ដក​ចេញ​​​ទាំងពីរ​”៕ ស៊ុយឈាង​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស