26 C
Phnom Penh

មនុស្ស​៧នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​​កម្មករ​​កំពុង​លក់​ក្រណាត់​រោងចក្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​​បាន​ឲ្យ​ដឹង​កាល ពីម្សិលមិញ​ថា មនុស្ស​​ប្រាំពីរ​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​កាលពី​យប់​ថ្ងៃ​ពុធ ពីបទ​ព្យាយាម​​​ប្រមូល​​យក​​ក្រណាត់​យ៉ាង​ច្រើន​​​មាន​តម្លៃ​​​៩.៥០០​ដុល្លារ​ ដែល​​កម្មករ​​​មិនទាន់បាន​​បើក​ប្រាក់​ខែ​​មក​ពី​រោងចក្រ​កាត់​ដេរ​មួយ​ បាន​លក់​ទៅ​ឲ្យ​ពួកគេ​ដោយ​គ្មាន​ការ​អនុញ្ញាត​។

នគរ​បាល​​​បាន​ចាប់​ខ្លួន​​អ្នក​ទិញ​ពីរ​នាក់​​ អ្នក​បើក​បរ​រថយន្ត​បី​នាក់ និង​បុរស​ពីរ​នាក់​ទៀត​​ដែល​ត្រូវ​បាន​ជួល​​​ឲ្យ​ជញ្ជូន​ក្រណាត់​ទាំង​នេះ​​ បន្ទាប់ពី​ម្ចាស់​រោងចក្រ​​ A&J Carter (Cambodia) នៅ​​ក្នុង​ស្រុក​សំរោងទង ដែល​​ផ្អាក​​សង្វាក់​ផលិតកម្ម​មួយ​ខែ​មក​ហើយ​នោះ បាន​ប្រាប់​​អាជ្ញាធរ​ថា ក្រណាត់​របស់​ខ្លួន​កំពុង​ត្រូវ​បាន​​គេ​លួច​​ នេះ​បើ​យោង​តាម​លោក ស៊ុំ បូរ៉ា ស្នង​ការ​រង​នគរ​បាល​ខេត្ត​។

លោក​ បាន​មាន​ប្រសាសន៍​ថា “​យើង​​បាន​ចាប់​ខ្លួន​​អ្នក​ទាំង​នេះ​នៅ​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​យប់​ ព្រោះ​​ពួកគេ​​បាន​លួច​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​។ឥឡូវ អ្នក​ទាំង​ប្រាំពីរ​នាក់​នេះ​​​​កំពុង​ត្រូវ​បាន​ឃុំខ្លួន​​នៅ​ឯ​ស្នងការដ្ឋាននគរ​បាល​ខេត្ត​​ដើម្បី​សាកសួរ…។ យើង​នឹង​បញ្ជូន​អ្នក​ទាំង​នេះ​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក”​។

លោក ហ៊ីង ប៊ុនធឿន អនុប្រធាន​​សហជីព​ ស្មារតី​កម្មករ​ខ្មែរ ​បាន​លើក​ឡើង​ថា លោក​បាន​ចូល​រួម​​ការ​ប្រជុំមួយ​កាលពី​ម្សិលមិញ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ដើម្បី​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នេះ​ជួស​មុខ​ឲ្យ​កម្មករ​ ហើយ​ថា ម្ចាស់​រោងចក្រ​​ និង​កម្មករ​បាន​ព្រមព្រៀង​​គ្នា​លក់​​ក្រណាត់​ទាំង​នេះ​​។

លោក បាន​មាន​ប្រសាសន៍​ថា ”​ម្ចាស់​រោង ចក្រ​​បាន​យល់​ព្រម​ជាមួយ​កម្មករ​​លក់​ក្រណាត់​ និង​ខោអាវ​ក្មេងទាំងនេះ​​​ដើម្បី​យក​ប្រាក់​មក​បើក​ឲ្យ​កម្មករ ព្រោះ​ពួកគាត់​ត្រូវ​ការ​ប្រាក់​​ដើម្បី​ចូល​រួម​ពិធី​​បុណ្យ​ភ្្ជុំបិណ្ឌ​​​​ដែល​នឹង​មក​ដល់​​ក្នុង​ពេល​ឆាប់ៗ​នេះ។ ប៉ុន្តែ​នៅ​ពេល​កម្មករ​ចង់​ដឹក​​ក្រណាត់​ទាំង​នេះ​ចេញ ពួកគេ​​ [ម្ចាស់​រោងចក្រ​] បាន​ប្ដូរ​ចិត្ត​ ហើយ​ប្រាប់​នគរ​បាល​​​​ឲ្យ​មក​ឃាត់​រថយន្ត​​ ហើយ​ចាប់​ខ្លួន​អ្នក​ទាំង​នេះតែម្តង​​”។

​លោក​បាន​បន្ថែម​ថា ”តុលាការ​​បាន​ស្នើ​ឲ្យ​តំណាង​កម្មករ​​ទៅ​ពិភាក្សា​ជាមួយ​ម្ចាស់​រោងចក្រ​​​ដើម្បី​សម្រប​សម្រួល​គ្នា​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ បើ​ពុំដូច្នោះ​ទេ គេ​នឹង​បញ្ជូន​​​អ្នក​ដែល​ត្រូវ​បាន​​​ចាប់​ខ្លួន​ទាំង​នេះទៅ​​ពន្ធនាគារ​”។

តំណាង​សហជីព​​រូបនេះ​បាន​លើក​ឡើង​ថា កម្មករ​​ចំនួន​១១២​នាក់​នៅ​រោងចក្រ​​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​សម្រាប់​ខែ​សីហា និង​ខែ​កញ្ញា​នៅ​ឡើយ​ទេ ហើយ​ថា ​កម្មករ​១០០​នាក់​​ផ្សេង​ទៀត​ក៏​​​គេ​នៅ​មិន​ទាន់បាន​​បើក​ប្រាក់​អតីត​ភាព​ការ​ងារ​​​ឲ្យ​ដែរ បន្ទាប់ពី​លា​ឈប់​ពី​ការ​ងារ​។​កម្មករ​​មាន​គម្រោង​​យក​ប្រាក់​​ចំនួន​៩.៥០០​ដុល្លារ​ដែល​បាន​មកពី​ការ​លក់​ក្រណាត់​​ទាំងនេះ​​មក​ចែក​គ្នា។

ទោះ​ជាយ៉ាង​ណា ​លោក លី ជាតិ ​ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ​​ A&J Carter នេះ បាន​​លើក​ឡើ​ង​ថា ម្ចាស់​រោងចក្រ​មិន​ដែល​យល់​ព្រម​​លក់​ក្រណាត់​ទាំង​នេះ​ទេ ​តែ​លោក​ទទួល​ស្គាល់​ថា សង្វាក់​ផលិត​កម្ម​បាន​បិទ​​​ជាង​១ខែ​មក​ហើយ ហើយ​​កម្មករ​​មិន​ទាន់​​បាន​បើក​ប្រាក់​ខែ​​​ឡើយ​។

លោក​បាន​និយាយ​ថា ”​កម្មករ​​បាន​ស្នើ​សុំ​ម្ចាស់​រោងចក្រ​ឲ្យ​​លក់​ក្រណាត់​ និង​​ខោអាវ​ក្មេង​​ដើម្បី​យក​លុយ​មក​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ ប៉ុន្តែ​ម្ចាស់​រោងចក្រ​បដិសេធ​។ កម្មករ​បាន​យក​ក្រណាត់​ទាំង​នេះ​​ហើយ​ព្យាយាម​លក់​វា​​ ព្រោះ​ពួកគាត់​​ខឹង​”។

លោក អ៊ូ ផាត ព្រះរាជអាជ្ញារង​អម​សាលា​ ដំបូង​ខេត្ត​​បាន​លើក​ឡើង​ថា លោក​បាន​​​បង្គាប់ឲ្យ​មានការ​ចាប់​ខ្លួន​បុរស​ទាំង​ប្រាំពីរ​នាក់​េនះ​ពីបទ​​ដឹក​ក្រណាត់​ចេញពី​រោងចក្រ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ប៉ុន្តែ​​​លោក​​មិន​បាន​និយាយ​​ថា​តើ​ទង្វើ​នេះ​ជា​ទង្វើ​ចោរកម្ម​ឬ​យ៉ាង​ណា​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​បង្គាប់​ឲ្យ​នគរ​បាល​ចាប់​ខ្លួន​​អ្នក​ទាំង​នោះ ព្រោះ​ពួកគេ​​​ដឹក​ទ្រព្យ​សម្បត្តិ​រោងចក្រ​ដោយ​គ្មាន​ការ​អនុញ្ញាត​។ យើង​មិន​អាច​និយាយ​​ថា ​អ្នក​ទាំង​នោះ​លួច​ទ្រព្យ​សម្បត្តិ​​រោងចក្រ​បាន​ឡើយ​​ ​ព្រោះ​ពួកគេ​កំពុង​ត្រូវ​បាន​បាន​សាកសួរ​​​នៅ​ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​នៅ​ឡើយ​”៕ស៊ុយឈាង​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស