លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានប្រាប់មន្ត្រីគណបក្សសង្គ្រោះជាតិជាង១០០នាក់កាលពីថ្ងៃសុក្រថា សំណើរបស់គណបក្សនឹងដកហូតយកមកវិញនូវដីដែលត្រូវបានដណ្ដើមយកដោយខុសច្បាប់ដោយក្រុមអ្នកមានរបស់ប្រទេសនេះ គេមិនត្រូវយល់ថា ជាការប៉ុនប៉ងមួយដើម្បីដកហូតទ្រព្យសម្បត្តិពីអ្នកទាំងឡាយដែលទទួលបានដីដោយត្រឹមត្រូវតាមច្បាប់នោះទេ។
ថ្លែងសុន្ទរកថាបើកនៅឯសន្និសីទមួយក្នុងក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រយកឈ្នះការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ លោក សម រង្ស៊ី បានមានប្រសាសន៍ថា ការចោទដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដែលថា គណបក្សសង្គ្រោះជាតិមានបំណងចង់ “សម្លាប់” ក្រុមអ្នកមានរបស់ប្រទេសនេះ គឺគ្មានមូលដ្ឋានទេ។
លោកបានមានប្រសាសន៍ថា “ចំពោះការចោទអំពីការរឹបអូសយកដីធ្លី គេហៅវាថាជាសង្គ្រាមវណ្ណៈ ពីព្រោះការចោទប្រកាន់នោះគឺថា គណបក្សសង្គ្រោះជាតិស្អប់អ្នកមាន ដូច្នេះគណបក្សនេះនឹងកម្ចាត់អ្នកមានដោយយកទ្រព្យសម្បត្តិរបស់ពួកគេឲ្យអ្នកក្រ ឬសម្លាប់អ្នកមាននៅពេលគណបក្សសង្គ្រោះជាតិកាន់អំណាច”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងមិនមានបំណងសម្លាប់អ្នកមានដូចដែលពួកគេបានអះអាងនោះទេ។ គឺខុសទាំងស្រុងហើយ”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបាននិយាយថា គណបក្សសង្គ្រោះជាតិគោរពសហគ្រិនដែលរកស៊ីមានបានតាមរយៈមធ្យោបាយស្របច្បាប់ ដោយលោកបានលើកឡើងនូវការសរសើររបស់លោកផ្ទាល់ចំពោះលោក ប៊ីល ហ្គែត ស្ថាបនិកក្រុមហ៊ុនម៉ៃក្រូសូហ្វ ជាអ្នកមានក្នុងចំណោមអ្នកមានបំផុតលើសាកលលោក។
លោកបានមានប្រសាសន៍ថា ”ដូច្នេះ នេះជាសារមួយទៅមនុស្សដែលមានទ្រព្យសម្បត្តិ និងជោគជ័យថា យើងគោរព។ យើងគោរពអ្នកមាន ហើយយើងឲ្យតម្លៃដល់ពួកគេ ពីព្រោះយើងត្រូវការរៀនសូត្រពីពួកគេអំពីរបៀបដើម្បីក្លាយជាអ្នកមាន”។
លោក រង្ស៊ី ក៏បានការពារគណបក្សរបស់លោកចំពោះការព្រមានពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែលថា រដ្ឋាភិបាលគណបក្សសង្គ្រោះជាតិនឹងចាប់ផ្ដើមធ្វើសង្គ្រាមជាមួយវៀតណាម ដោយសារប្រវត្តិរបស់ខ្លួនចាត់ទុកប្រទេសជិតខាងខាងកើតរបស់ប្រទេសកម្ពុជាជាសត្រូវ។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍ថា គណបក្សនេះនឹងប្ដឹងទៅតុលាការអន្តរជាតិចំពោះការអះអាងរបស់ខ្លួនដែលថា វៀតណាមបានទន្ទ្រានយកទឹកដីកម្ពុជា ដោយបានលើកឡើងថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានប្រើយុទ្ធសាស្ត្រដូចគ្នានេះក្នុងយុទ្ធនាការប្រកបដោយជោគជ័យរបស់ខ្លួនដើម្បីទប់ស្កាត់ការទាមទាររបស់ថៃចង់បានប្រាសាទព្រះវិហារនោះ។
លោក រង្ស៊ី បានបន្តទៀតថា “យើងចាំបាច់ផ្ដល់ការបកស្រាយផ្សេងថានឹងមិនមានសង្គ្រាមជាមួយប្រទេសជិតខាងទេ ពីព្រោះយើងគ្រាន់តែទាមទារឲ្យមានការគោរពច្បាប់ និងអនុសញ្ញាអន្តរជាតិ និងការបង្គាប់របស់តុលាការ នៅពេលយើងប្ដឹងទៅតុលាការ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការការពារថ្មីបំផុតរបស់លោក សម រង្ស៊ី ប្រឆាំងនឹងការអះអាងថា គណបក្សសង្គ្រោះជាតិនឹងបង្កអស្ថិរភាពក្នុងប្រទេសកម្ពុជា និងធ្វើឲ្យមានភាពតានតឹងជាមួយប្រទេសជិតខាងរបស់ខ្លួននោះ គឺមិនស្មោះត្រង់ទេ។
លោកបានមានប្រសាសន៍ថា “មុននោះ គាត់បាននិយាយអំពីថៅកែចិត្តខ្មៅ ឧកញ៉ាចិត្តខ្មៅ និងនិយោជកចិត្តខ្មៅ ដូច្នេះគាត់នឹងរឹបអូសយកដីធ្លី និងទ្រព្យសម្បត្តិឲ្យទៅអ្នកក្រប្រសិនបើគាត់ឈ្នះឆ្នោត”។
លោកបានបន្ថែមថា ”វាជាយុទ្ធនាការនយោបាយរបស់គាត់ ហើយគ្រប់គ្នាចាំហើយ។ និយាយជារួមគណបក្សសង្គ្រោះជាតិ ឬថ្នាក់ដឹកនាំរបស់ខ្លួនរើសអើងវណ្ណៈ ហើយទី២ពិតជាប្រកាន់ពូជសាសន៍ប្រឆាំងនឹងប្រទេសជិតខាងទាំងអស់ និងចាត់ទុកគេជាសត្រូវ”។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រខ្មែរអិុស្លាមក្នុងខេត្តកំពង់ឆ្នាំងកាលពីខែមុន លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានបដិសេធថា មិនមានការរើសអើងពូជសាសន៍ក្នុងចំណោមពលរដ្ឋកម្ពុជាទេ។
លោក កឹម សុខា បានមានប្រសាសន៍នៅពេលនោះថា “នរណាដែលនិយាយថា ខ្មែរមានការរើសអើងពូជសាសន៍គឺខុសហើយ”។
ក្នុងបទសម្ភាសន៍មួយកាលពីម្សិលមិញ លោក សម រង្ស៊ី បាននិយាយថា លោកមិនយល់ស្របថា មិនមានការរើសអើងពូជសាសន៍ក្នុងចំណោមប្រជាជនកម្ពុជាទេ ប៉ុន្តែការអះអាងដែលថា គណបក្សសង្គ្រោះជាតិប្រកាន់ពូជសាសន៍ជារឿងធម្មតា ពីព្រោះថ្នាក់ដឹកនាំរបស់គណបក្សនេះនិយាយជាញឹកញាប់អំពីការគំរាមកំហែងដែលបង្កឡើងដោយវៀតណាម បានធ្វើឲ្យគេយល់ច្រឡំ។
លោកបាននិយាយថា “ខ្ញុំគិតថា មានការរើសអើងពូជសាសន៍គ្រប់ទីកន្លែង។ មិនអាចលុបបំបាត់បានទេ”។ លោកបានលើកឡើងថា ប្រវត្តិរបស់ប្រទេសកម្ពុជាបាត់បង់ទឹកដីទៅប្រទេសថៃ និងប្រទេសវៀតណាម បានផ្ដល់ឲ្យពលរដ្ឋកម្ពុជានូវមូលហេតុត្រឹមត្រូវគឺបារម្ភអំពីការគំរាមកំហែងដែលបង្កឡើងដោយប្រទេសជិតខាង។
លោក សម រង្ស៊ី បាននិយាយសំដៅលើពលរដ្ឋថៃ និងវៀតណាមថា “យើងនៅជាប់ចន្លោះសៀម និងយួន។ ពួកគេសឹងតែសម្លាប់យើង”។
“ដូច្នេះ មានអនុស្សាវរីយ៍ជូរចត់ ប៉ុន្តែវាមិនមែនជាការរើសអើងពូជសាសន៍ទេ។ គឺថា អ្នកមិនមានអារម្មណ៍សុវត្ថិភាព អ្នកមិនប្រាកដក្នុងខ្លួន អ្នកមានអារម្មណ៍ឈឺចាប់។ តើនេះជាការរើសអើងពូជសាសន៍ឬ? ខ្ញុំមិនគិតដូច្នេះទេ។ វាស្មុគស្មាញជាងនោះទៅទៀត”៕ និត (រាយការណ៍បន្ថែមដោយ Colin Meyn)