ផ្លូវនៅមុខសាលាខេត្តបន្ទាយមានជ័យត្រូវបានបិទរយៈពេល៣ម៉ោងកាលពីព្រឹកថ្ងៃសុក្រ ខណៈដែលប្រជាពលរដ្ឋជាង២៥០នាក់មកពីប្រាំមួយឃុំនៅទូទាំងខេត្តភាគពាយព្យនេះបានមកជួបជុំគ្នាអង្វរករឲ្យក្រុមមន្ត្រីមូលដ្ឋានដោះស្រាយជម្លោះដីធ្លីយូរមកហើយរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជន និងអ្នករកស៊ីមានអំណាច។
យោងតាមអ្នកចូលរួមបានឲ្យដឹងថា ដោយខ្លះកាន់រូបលោកនាយករដ្ឋមន្ត្រី និងរូបភរិយារបស់លោក អ្នកតវ៉ាបានមកជួបជុំគ្នានៅខាងក្រៅការិយាល័យអាជ្ញាធរខេត្ត ក្នុងក្រុងសេរីសោភ័ណ នៅម៉ោងប្រហែល៨ព្រឹក ហើយបានរំសាយទៅវិញមុនពេលថ្ងៃត្រង់បន្ទាប់ពីអ្នកតំណាងប្រាំមួយក្រុមទទួលបានការអនុញ្ញាតឲ្យចូលដើម្បីលើកឡើងនូវទុក្ខកង្វល់របស់ខ្លួន។
លោក សំ ម៉ាប់ ដែលគ្រួសាររបស់លោកជាគ្រួសារមួយក្នុងចំណោម១៧០គ្រួសារ នៅស្រុកថ្មពួក ដែលកំពុងកើតមានជម្លោះជាមួយឈ្មួញ លី សំអាន មិនចប់មិនហើយតាំងពីឆ្នាំ២០០៧មក បាននិយាយថា សហគមន៍នេះបាត់ដី២៩៣ហិកតា ប្រសិនបើអាជ្ញាធរមិនគាំទ្រពួកគាត់។
លោក ម៉ាប់ បាននិយាយថា “យើងទាមទារឲ្យអភិបាលខេត្តវាស់វែងដីឲ្យយើង ពីព្រោះក្រុមហ៊ុនបានដណ្ដើមយកដីស្រែចម្ការរបស់យើង”។ លោកបានបន្ថែមទៀតថា ការប៉ុនប៉ងម្ដងហើយម្ដងទៀតពីសំណាក់ក្រុមហ៊ុនដើម្បីយកគ្រឿងចក្រចូល និងឈូសឆាយដី ត្រូវបានរារាំងដោយអ្នកស្រុកដែលមានកំហឹងខ្លាំង។
លោក យឹម ពិសិដ្ឋ ដែលកំពុងតវ៉ាតាងនាមឲ្យគ្រួសារទាហានចូលនិវត្ត៣១នាក់ ដែលរស់នៅស្រុកអូរជ្រៅ កំពុងតស៊ូដើម្បីរក្សាទុកដី៣ទៅ៥ហិកតាដែលពួកគាត់បាននិងកំពុងធ្វើស្រែចម្ការតាំងពីឆ្នាំ១៩៩៣មក ប៉ុន្តែត្រូវបានដណ្ដើមយកដោយក្រុមហ៊ុន ស៊ូ ចន្ធូ នៅឆ្នាំ២០០៤។
លោក ពិសិដ្ឋ បាននិយាយថា “យើងមិនទាមទារយកដីនោះលក់ទេ ប៉ុន្តែយើងត្រូវការដីសម្រាប់ធ្វើស្រែចម្ការ”។
និយាយក្រោយពីជំនួបជាមួយតំណាងសហគមន៍ លោក អ៊ំ រាត្រី អភិបាលរងខេត្តបានមានប្រសាសន៍ថា លោកកំពុងយកចិត្តទុកដាក់នឹងបណ្ដឹងរបស់អ្នកភូមិ។
លោកបានមានប្រសាសន៍ថា “យើងបានទទួលបណ្ដឹងជាង១០០ទាក់ទិននឹងជម្លោះដីធ្លី [នៅបន្ទាយមានជ័យ] ប៉ុន្តែមិនមានន័យថា យើងនឹងមិនដោះស្រាយនោះទេ”៕ និត