33 C
Phnom Penh

មនុស្ស​​​ចំនួន​​​​១២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ពី​បទ​​​​​​​ដឹក​​​ជញ្ជូន​​​​ឈើ​ចុះ​តាម​បណ្ដោយ​ទន្លេ​​​សេសាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ​ អាជ្ញាធរ​​ខេត្ត​ស្ទឹង​ត្រែង​​បាន​ចាប់​ខ្លួន​​មនុស្ស​១២​នាក់​​​ ដែល​ដឹក​​​ជញ្ជូន​​​​ឈើ​​មាន​តម្លៃ​​ខ្ពស់​រាប់​សិប​ដុំ​ចុះ​តាម​បណ្តោយ​​​ ​​​​ទន្លេសេសាន​ ប៉ុន្តែ​​មាន​គម្រោង​ដោះលែង​ពួកគេ​វិញ​​​បន្ទាប់ពី​ពួកគេ​បង់​ប្រាក់​ពិន័យ​​។

លោក ពុយ វ៉ៃ ​នាយ​ការិយាល័យ​នគរ​បាល​ស្រាវជ្រាវ​យុត្តិធម៌​នៃ​កង​រាជអាវុធ​ហត្ថ​​ខេត្ត​នេះ​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា លោក​​និង​មន្ត្រី​របស់​លោក​បាន​ឃើញ​ទូក​​​ចំនួន​​​​បួនគ្រឿង​​អូស​ក្បូន​ឈើ​គុណភាព​​អន់​​ចុះ​តាម​​​​បណ្ដោយ​ទន្លេ​កាលពី​យប់​ថ្ងៃ​សុក្រ ហើយ​បាន​​​ចុះ​ទៅ​ពិនិត្យ​​​​ក្បូន​ឈើ​ទាំង​នោះ​​​ដើម្បី​​​ចង់​ដឹង​ថា តើ​​ពួកគេ​​មាន​បង្កប់​ឈើ​ដែល​​មាន​​​តម្លៃ​ខ្ពស់​​នៅ​ពីក្រោម​ក្បូន​​​ឈើទាំងនោះ​​ឬ​ក៏អត់​។

លោក​លើក​ឡើង​ថា ក្រុម​មន្ត្រី​របស់​​លោក​បាន​រក​ឃើញ​​ឈើ​ប្រហែល​៨០​ដុំ​​ចង​ភ្ជាប់​នៅ​ក្រោម​ក្បូន​​​ឈើ​គុណភាព​អន់ទាំង​នោះ​។

លោក​បានមាន​ប្រសាសន៍​ថា “​យើង​បាន​ឃាត់​​ទូក​​ ហើយ​ទូរស័ព្ទ​​ហៅ​រដ្ឋបាល​ព្រៃ​ឈើ​​​ឲ្យ​ធ្វើ​ចំណាត់​ការ​​លើ​​ការ​​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​នេះ​ ហើយ​ពួកគេ​បាន​ចាប់​ខ្លួន​មនុស្ស​១២​នាក់​”។​

លោក លី គន ប្រធាន​ផ្នែក​​រដ្ឋបាល​ព្រៃ​ឈើ​សង្កាត់​ស្ទឹង​ត្រែង​​ បាន​លើក​ឡើង​ថា ឈើ​​​​ដែល​អ្នក​បើក​ទូក​កំពុង​ដឹក​​​ជញ្ជូន​​​​គឺ​ឈើ​ធ្នង់​​ដែល​​​ជា​ប្រភេទ​ឈើ​ប្រណីត​ និង​ឈើ​ស្រឡៅ ដែល​ជា​​ឈើ​ប្រភេទ​លេខ​១​ ហើយ​ក្នុង​មួយ​​ដុំៗ​មាន​ប្រវែង​ប្រហែល​២ម៉ែត្រ​។

លោក​បាន​លើក​ឡើង​​ទៀត​ថា ​មន្ត្រី​របស់​​​លោក​ចាប់​​​បុរស​ទាំង​​១២​នាក់​​នេះ​ពីបទ​ដឹក​ឈើ​ដោយ​​គ្មាន​ការ​អនុញ្ញាត ហើយ​ឥឡូវ​ នេះ​​កំពុង​​​យក​ឈើ​​ទាំងនេះ​ទៅ​ទុក​នៅឯ​ខណ្ឌ​​រដ្ឋបាល​ព្រៃឈើ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​​បាន​ដឹក​ឈើ​ទៅ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ [ស្ទឹង​ត្រែង​] អស់​មួយ​ឡាន​​រួច​ហើយ​ ហើយ​យើង​កំពុង​តែ​ប្រមូល​ឈើ​​ដែល​នៅ​សល់​​មក​ទុក​លើ​ច្រាំង​ដើម្បី​ដាក់​លើ​រថយន្ត​ដែរ”។

ទោះ​ជាយ៉ាង​ណា លោក លី គន ​បាន​លើក​ឡើង​ថា បុរស​ដែល​ត្រូវ​​បាន​ឃាត់​ខ្លួន​ទាំង​នេះ​​នឹង​ត្រូវ​ដោះលែង​វិញ​​ប្រសិន​បើ​ពួកគេ​បង់​ប្រាក់​ពិន័យ។

លោក​បាន​មាន​ប្រសាសន៍​ថា ”​​យើង​នឹង​មិន​បញ្ជូន​​អ្នក​ទាំង​១២​នាក់​នេះ​ទៅ​តុលាការ​ឡើយ ព្រោះ​​ពួកគេ​ប្រព្រឹត្ត​​​ត្រឹម​តែ​បទល្មើស​​​ស្រាល​ប៉ុណ្ណោះ។ ប៉ុន្តែ​យើង​តម្រូវ​ឲ្យ​ពួកគេ​បង់​ប្រាក់​ពិន័យ​តាម​ច្បាប់​ព្រៃ​ឈើ​។ ​ក្នុង​ករណី​ អ្នក​ទាំង​នោះ​បដិសេធ​មិន​បង់​ប្រាក់​ពិន័យ​​ អ៊ីចឹង​យើង​នឹង​​បញ្ជូន​ពួកគេទៅ​តុលាការ​”។

លោក​លើក​ឡើង​ទៀត​ថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​កំពុង​តែ​​​សាក​សួរ​បុរស​ទាំង​នេះ​​​ដើម្បី​រក​​ឲ្យឃើញ​​ថា តើ​នរណា​​ដែល​ពួកគេ​​កំពុង​​ជញ្ជូន​ឈើ​ទាំង​នេះយក​ទៅ​ឲ្យ​។ ​ច្បាប់​​ព្រៃ​ឈើ​ចែង​ថា អ្នក​ណា​ដែល​ត្រូវ​បាន​រក​​ឃើញ​ថា ដឹក​ជញ្ជូន​​ឈើ​​ដោយ​គ្មាន​ការ​អនុញ្ញាត​​​​​​នឹង​ត្រូវ​ពិន័យលើស​ពី​ពីរ​ទៅ​បី​ដង​នៃ​តម្លៃ​ឈើ​។ ឈើ​ប្រភេទ​ធ្នង់​​១ម៉ែត្រគូប​អាច​មាន​តម្លៃ​​រាប់​រយ​ដុល្លារ​។

លោក លី គន បាន​លើក​ឡើង​ទៀត​ថា ​លោក​​នៅ​មិន​ទាន់​ដឹង​ពី​តម្លៃ​​សរុប​នៃ​ឈើ​ទាំង​នេះនៅ​ឡើយ​ទេ ព្រោះ​​​​មិន​ទាន់​​​​​មាន​ការ​វាស់​វែង​​។

​មាន​សេចក្ដី​រាយការណ៍​នៃ​កាប់​ឈើ​ និង​​ការ​​ដឹក​ជញ្ជូន​ឈើ​​ខុសច្បាប់យ៉ាងច្រើន​​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ចាប់តាំងពីមាន​​ការ​ចាប់​ផ្ដើម​​​​កាប់​រាន​ព្រៃ​​ធ្វើ​ជា​អាង​ស្តុក​​​ទឹក​សម្រាប់​គម្រោង​ទំនប់​វារី​អគ្គិសនី​​សេសាន​ក្រោម​​២ ​ក្នុង​ខេត្ត​នេះ​​​កាលពី​ឆ្នាំ​២០១៣​មក​។ កាលពី​ឆ្នាំ​មុន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​​បាន​ចោទ​ប្រកាន់​​អ្នក​​​ដែល​​​កាប់​រាន​​ព្រៃ​នៅ​តំបន់​នេះ​ថា បាន​​កាប់​ឈើ​​​​ហួស​ពី​ព្រំប្រទល់​​ ហើយ​ថា​ មន្ត្រី​មូល​ដ្ឋាន​​​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ឡើយ​។

លោក ឡូយ សូផាត ​អតីត​អភិបាល​ខេត្ត​នេះបាន​ប្រាប់​​រដ្ឋសភា​អំឡុង​ពេល​នោះ​ថា “​យើង​​បង្ក្រាប​​លើ​ពលរដ្ឋ​ ប៉ុន្តែ​​ឈ្មួញ​​​ធំៗ​​រួច​ខ្លួន​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស