ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រាំពីរនាក់ដែលបានចាប់ខ្លួនកាលពីសប្តាហ៍មុនពីបទប៉ុនប៉ងលក់ទំនិញពីរោងចក្រក្នុងខេត្តកំពង់ស្ពឺ ត្រូវបានដោះលែងវិញហើយកាលពីថ្ងៃសុក្រ ដោយម្ចាស់រោងចក្រព្រមបើកប្រាក់ឲ្យកម្មករជាង១០០នាក់នូវចំណែកនៃប្រាក់ខែ ដែលពួកគេបានជំពាក់។
យោងតាមលោក អ៊ូ ផាត ព្រះរាជអាជ្ញារងខេត្តបានឲ្យដឹងថា អ្នកជាប់ឃុំ ដែលរួមមានអ្នកទិញពីរនាក់ អ្នកបើករថយន្តបីនាក់ និងបុរសពីរនាក់ដែលជួលឲ្យជួយរើទំនិញ ទទួលបានការដោះលែង បន្ទាប់ពីបានបង្ហាញតុលាការនូវឯកសារដែលចុះហត្ថលេខាដោយតំណាងម្នាក់នៃរោងចក្រ A & J Carter Factory អនុញ្ញាតឲ្យលក់សម្លៀកបំពាក់នោះ។
លោកបាននិយាយថា “យើងបានដោះលែងមនុស្សប្រាំពីរនាក់កាលពីរសៀលថ្ងៃសុក្រ ពីព្រោះពួកគេបានបង្ហាញយើងនូវឯកសារលក់ពីរោងចក្រកាត់ដេរ”។ លោកបានបន្ថែមថា អ្នកទិញមិនបានបង្ហាញឯកសារក្រដាសស្នាមដល់ប៉ូលិសនៅពេលចាប់ខ្លួនពួកគេកាលពីយប់ថ្ងៃពុធទេ។
លោក ផាត បាននិយាយថា រោងចក្រ ដែលបានបញ្ឈប់ផលិតកម្មជាងមួយខែមកហើយ បានលក់សម្លៀកបំពាក់តម្លៃ៩.៥០០ដុល្លារ ដើម្បីបើកប្រាក់ឲ្យកម្មករសម្រាប់ខែកញ្ញា។
លោក លី ជាតិ អ្នកគ្រប់គ្រងរដ្ឋបាលនៅរោងចក្រ A & J បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រោងចក្របានបដិសេធសំណើរបស់កម្មករឲ្យរោងចក្រលក់សម្លៀកបំពាក់ ដើម្បីបើកប្រាក់ខែ។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃអាទិត្យ លោក ជាតិ បាននិយាយថា លោកគ្រាន់តែជាបុគ្គលិកម្នាក់នៅរោងចក្រនេះ ហើយមិនបានទទួលព័ត៌មានពេញលេញអំពីសេចក្តីសម្រេចធ្វើឡើងដោយម្ចាស់រោងចក្ររបស់ខ្លួនទេ។
លោក ហ៊ីង ប៊ុនធឿន អនុប្រធានសហព័ន្ធសហជីពស្មារតីកម្មករខែ្មរ ដែលនៅក្នុងចំណោមក្រុមមេដឹកនាំសហជីពដែលបានជួបជាមួយតំណាងរោងចក្រតាងនាមឲ្យកម្មករ បាននិយាយថា កម្មករបានទទួលប្រាក់កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ហើយ។
លោកបាននិយាយថា “រោងចក្របានបើកប្រាក់៨៤ដុល្លារឲ្យកម្មករម្នាក់ៗ ហើយប្រាក់នេះគ្រាន់តែជាមួយផ្នែកនៃប្រាក់ខែរបស់ពួកគេ ដូច្នេះគេអាចចាយវានៅពេលបុណ្យភ្ជុំបិណ្ឌ។ ម្ចាស់រោងចក្របានសន្យាបើកប្រាក់ឲ្យកម្មករ បន្ទាប់ពីពួកគេលក់ទំនិញថែមទៀត”។
លោក ប៊ុនធឿន បានបន្ថែមថា រោងចក្របានព្រមលក់ទំនិញថែមទៀតដើម្បីបើកប្រាក់ខែដែលនៅសល់ឲ្យកម្មករ១១២នាក់ និងប្រាក់អតីតភាពការងារឲ្យកម្មករ១០០នាក់ផ្សេងទៀត៕និត