27.5 C
Phnom Penh

បក្ស​សង្គ្រោះជាតិ​សន្យា​​មិន​​ដក​​​​តំណែង​​​​មន្ត្រី​រាជការ​​ ពេល​​​ឈ្នះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​​បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​​នៅ​ក្នុង​ខេត្ត​កំពង់​ចាម កាលពី​ថ្ងៃ​សៅរ៍​ថា ​ប្រសិន​បើ​គណបក្ស​របស់​លោក​កាន់​អំណាច មន្ត្រី​រាជការ និង​ទាហាន​​អាច​ប្រាកដ​ថា ពួកគាត់​នឹង​​នៅ​​​តែ​​​បម្រើ​ការ​​ងារ​របស់​ខ្លួន​ដដែល ហើយ​នឹង​ទទួល​​បាន​​ការ​​ដំឡើង​ប្រាក់បេៀវត្សរ៍​ទៀត​ផង​។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​រយ​នាក់​នៅ​ក្នុង​​​ស្រុក​ស្រីសន្ធរ លោក សម រង្ស៊ី ​មាន​ប្រសា​សន៍​​​​ថា មន្ត្រី​រាជការ​ដែល​បម្រើ​ការ​ងារ​​​នៅ​ក្រោម​​​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​ មិន​ចាំបាច់​បារម្ភ​អំពី​ការ​បាត់​បង់​តំណែង​របស់​ខ្លួន​​នៅ​ក្រោម​​រដ្ឋាភិបាល​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​ឡើយ​។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ”​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​អ្នក​​ទាំងអស់​ដែលមិន​ទាន់​ច្បាស់​ និង​​មិន​ទាន់​សម្រេច​ចិត្តថា សូម​បង​ប្អូន​​ជឿ​​ទុក​ចិត្ត​លើ​គណ​បក្ស​សង្គ្រោះ​ជាតិ​”។

លោក​ សម រង្ស៊ី បាន​ថ្លែង​ថា “​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​មន្ត្រី​​រាជការ នគរ​បាល ទាហាន​ កង​ទ័ព ប៉េអឹម ​ដែល​បម្រើ​ និង​ការ​ពារ​ប្រទេស​ជាតិ​ សូម​កុំបារម្ភ​អី​នៅ​ពេល​គណបក្ស​សង្គ្រោះ​​​ជាតិ​ដឹកនាំ​ប្រទេស​”។

​​លោក​បាន​បន្ថែម​ថា ​”គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រក្សា​តំណែង​ជូន​បង​ប្អូន​ទាំង​អស់គ្នា​​ ហើយ​​​នឹង​មិន​ដក​តំណែង​ ឬ​ប​ណ្តេញ​បង​ប្អូន​​ចេញ​​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ គណបក្ស​សង្គ្រោះ​​​ជាតិ​នឹង​ដំឡើង​ប្រាក់​ខែ​ជូន​បង​​ប្អូន​​ដែល​ខិត​ខំការ​ពារ​​ជាតិ​”។

ការ​ដំឡើង​​ប្រាក់​​ខែអប្បបរមា​​ដល់​មន្ត្រី​រាជការ​​​រហូត​ដល់​២៥០​ដុល្លារ​គឺ​ជា​​កម្មវិធី​នយោ​បាយ​មួយ​ក្នុង​ចំណោម​កម្មវិធី​នយោ​បាយ​សំខាន់ៗ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុន​ការ​បោះ​ឆ្នោត​​​ជាតិ​ឆ្នាំ​២០១៣ ហើយ​រដ្ឋាភិបាល​​​គណបក្ស​ប្រជាជន​កម្ពុជា​​តាំង​ពី​ពេល​នោះ​មក​បាន​ចាប់​ផ្ដើម​អនុវត្ត​កម្មវិធី​ដំឡើង​ប្រាក់​បៀវត្សរ៍​​​ដល់​មន្ត្រីរាជការ​​របស់​ខ្លួន​ ​រួម​មាន​​គ្រូបង្រៀន និង​ទាហាន​ជាដើម​​។

ការ​សន្យា​របស់​លោក សម រង្ស៊ី ថា​​នឹង​​មិន​​ដក​តំណែង​បច្ចុប្បន្ន​របស់​មន្ត្រី​រាជការ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​​ធ្វើ​សន្និសីទ​​មួយ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​សម្រេច​អំពីដំណើរការ​របស់​គណបក្ស​​​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏​បាន​ប្រើ​ប្រាស់​វោហារសាស្ត្រ​របស់​ខ្លួន​សំដៅ​ដល់​​គណ​បក្ស​ប្រឆាំង​ផង​ដែរ ដែល​​​ការ​​រំលោភ​​   “​ក្រម​​​ប្រតិបត្តិ​”រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​មុន ​ដោយការ​​​​ព្រមាន​អំពី​សង្គ្រាម​ម្តង​​ទៀត​​​ប្រសិន​បើ​គណបក្ស​ប្រឆាំង​កាន់​អំណាច​។

អំឡុងសន្និសីទ​កាលពី​ថ្ងៃ​សុក្រ លោក កឹម ​សុខា អនុប្រធាន​គណបក្ស​​ប្រឆាំង​​បាន​មាន​ប្រសា​សន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​លើក​ឡើង​អំពី​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ដើម្បី​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​។

លោក កឹម សុខា ​បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​ដែល​មាន​វត្តមាន​ជាង​១០០​នាក់​ថា “​​សូម​​​​មើល ​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​គូ​ប្រជែង  ហើយ​ឆ្លើយ​តប​ចំពោះ​ចំណុច​​​ទាំង​នោះ​”។

ដោយ​លើក​ឡើង​ពី​បញ្ហា​ទាំង​ឡាយ​​ រួម​មាន​តុលាការ​ពុក​រលួយ សិទ្ធិ​ដីធ្លី ភាព​ក្រីក្រ ភាព​អត់​ការ​ងារ​ធ្វើ​របស់​យុវជន សិទ្ធិ​មនុស្ស ការ​អប់រំ និង​ការ​គាំពារ​សុខភាព លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ត្រូវ​ជ្រើស​រើស​បញ្ហា​​​ដែល​កំពុង​​ប្រឈម​សម្រាប់​ប្រទេស​ជាតិ និង​​​​ប្រជាជន​កម្ពុជា ដែល​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ​មិន​អាច​ដោះ​ស្រាយ​បាន​”។

ជាការ​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​នេះ លោក ​​សួស យ៉ារ៉ា អ្នក​នាំពាក្យ​គណបក្ស​ប្រជា​​​​ជន​កម្ពុជា​បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ​អុីនធឺណិត​ទៅ​កាន់​អ្នក​កាសែត​កាលពី​ថ្ងៃ​សៅរ៍ ដោយ​និយាយ​ការ​ពារ​គណបក្ស​កាន់អំណាច​។

សារ​នេះ​មាន​ខ្លឹមសារ​ថា ”​គណបក្ស​នេះ​​​ទប់​ស្កាត់​ការ​ញុះញង់សង្គម និង​ការ​ផ្លាស់​ប្ដូរ​​ដែល​បែង​ចែក​សង្គម និង​អាច​បង្ក​​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​សន្តិភាព​របស់​ប្រទេស​ជាតិ និង​​ប្រជាជន​។ យើង​ប្រកាន់​ខ្ជាប់​រដ្ឋ​អធិបតេយ្យ និង​គោល​ការណ៍​នីតិរដ្ឋ​”។

លោក សួស យ៉ារ៉ា បាន​លើក​ឡើង​​ពី​សមិទ្ធ​ផល​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រជា​​​ជន​កម្ពុជា​ក្នុង​ការ​នាំមក​​នូវសុខ​សន្តិភាព​ដល់​ប្រទេស​ជាតិ ហើយ​លោក​បាន​លើក​ឡើង​​អំពី​សុន្ទរកថា​របស់​លោក ហ៊ុន សែន ទៅ​កាន់​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​មុន ដែល​ក្នុង​នោះ​​លោក​បាន​លើក​ឡើង​​​អំពី​​កំណើន​សេដ្ឋកិច្ច​​៧ភាគរយ។

លោក សួស យ៉ារ៉ា បាន​សរសេរ​ថា “​​ទាំង​អស់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា រាល់​ការ​ចោទ​ប្រកាន់ និង​ការ​រិះគន់​​បែប​អវិជ្ជមាន​គឺ​ជាការ​បំផ្លើស ដើម្បី​បំភាន់​ប្រជាពលរដ្ឋ។ គណបក្ស​ប្រជាជន​កម្ពុជា​មិន​យក​ចិត​្ត​ទុក​ដាក់​នឹង​សកម្ម​ភាពដដែលៗ​ដូចនេះឡើយ​ ហើយ​នឹង​​បន្ត​រក្សា​ភាព​ប្រសើរ​ជាង​របស់​ខ្លួន​”៕ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស