មន្ត្រីនគរបាលមូលដ្ឋានបាននិយាយថា សាកសពស្ត្រីមានផ្ទៃពោះម្នាក់ដែលត្រូវបានកាប់ និងដុតរោលនោះត្រូវបានប្រទះឃើញនៅតំបន់ដាច់ស្រយាលមួយនៃឧទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរ៍។
ស្ត្រីរូបនេះដែលអាជ្ញាធរមិនទាន់អាចបញ្ជាក់អត្តសញ្ញាណបានដោយសារសភាពសាកសពស្អុយរលួយនោះ ត្រូវបានប្រទះឃើញនៅម៉ោង៥និង៣៥នាទីល្ងាច បន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ដែលដើរល្បាតនៅតំបន់នោះបានធុំក្លិនស្អុយយ៉ាងខ្លាំងហើយបានដើរតាមទៅស្រាប់តែឃើញសាក សពនោះតែម្តង។ ស្ត្រីរូបនេះត្រូវបានគេកាប់ជាច្រើនពូថៅត្រង់ក្បាល និងក ហើយត្រូវបានដុតឆេះរោលដងខ្លួន និងផ្ទៃមុខ។
លោក សំ សាក់ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា នគរបាលជឿថា ជនរងគ្រោះអាយុខ្ទង់២០ឆ្នាំ ហើយមានផ្ទៃពោះប្រហែល៥ទៅ៧ខែ។ ដោយសារសាកសពមានសភាពស្អុយរលួយខ្លាំង លោកសន្និដ្ឋានថា ស្ត្រីរូបនេះប្រហែលស្លាប់ជិតមួយសប្តាហ៍មកហើយ។
លោក សំ សាក់ ថ្លែងថា “យើងអាចប្រាប់បានថា ជនសង្ស័យប្រើពូថៅកាប់ស្ត្រីមានផ្ទៃពោះរូបនេះ ព្រោះយើងបានរកឃើញពូថៅមួយនៅក្បែរសាកសពជនរងគ្រោះ”។ ស្ត្រីរូបនេះត្រូវជនសង្ស័យកាប់បួនពូថៅត្រង់ក្បាល និងកាប់ជាច្រើនពូថៅទៀតត្រង់ក។
លោក សំ សាក់ បានថ្លែងថា នគរបាលជឿថា បទឧក្រិដ្ឋនេះត្រូវបានគិតទុកជាមុន ហើយមិនមែនជាអំពើប្លន់ទេ ពីព្រោះជនរងគ្រោះនៅមានក្រវិលមាសមួយគូ និងខ្សែដៃមាសមួយខ្សែជាប់នឹងខ្លួននៅពេលត្រូវបានប្រទះឃើញ។
លោកបានថ្លែងថា លោកសង្ស័យថា ស្ត្រីរូបនេះត្រូវបានសម្លាប់ដោយបុរសម្នាក់ដែលនាងមានទំនាក់ទំនងជាមួយ ប៉ុន្តែថា នគរបាលកំពុងសើុបអង្កេតករណីនេះនៅឡើយ។
លោក រស់ សារិន នាយប៉ុស្តិ៍ឃុំចំបក់ ក្នុងស្រុកភ្នំស្រួច កន្លែងដែលសាកសពត្រូវបានប្រទះឃើញ ក៏បានមានប្រសាសន៍ផងដែរថា អំពើមនុស្សឃាតនេះទំនងជាធ្វើឡើងដោយអ្នកដែលនាងស្គាល់។
លោកបានថ្លែងថា “ប្រសិនបើពួកគេមិនស្គាល់គ្នា ពួកគេមិនអាចទៅកន្លែងស្ងាត់ក្នុងព្រៃបែបនេះឡើយ”៕ សារុន