ឱសថក្លែងក្លាយជិត២តោនដែលរឹបអូសបានកាលពីឆ្នាំ២០១១ នៅក្នុងករណីមួយដែលមិនទាន់ដោះស្រាយនៅឡើយនោះ ត្រូវបាននគរបាលក្រសួងមហាផ្ទៃធ្វើការដុតបំផ្លាញចោលនៅក្នុងពិធីផ្លូវការមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។

យោងតាមលោក មៀច សុផាន់ណា អនុ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងឱសថក្លែង ក្លាយបានឲ្យដឹងថា ឱសថ៥៤ការុងទម្ងន់១.៩៦៧គីឡូក្រាម ដែលរឹបអូសបានក្នុងចំនួនដ៏ច្រើនតែមួយលើកក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១១។
លោកបានថ្លែងថា ជនសង្ស័យម្នាក់បានព្យាយាមនាំឱសថនេះចូលក្នុងប្រទេសកម្ពុជាពីប្រទេសថៃដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។
លោក សុផាន់ណា បានថ្លែងថា ពីដំបូង ឱសថនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីទុកជាភ័ស្តុតាង ហើយការសើុបអង្កេតកំពុងបន្តនៅឡើយ ខណៈជនសង្ស័យកំពុងរត់គេចខ្លួន។
លោកបានថ្លែងថា “ឱសថនេះមានតម្លៃរាប់លានឯណោះ ប្រសិនបើត្រូវបានចែកចាយ។ លោកបានបន្ថែមថា “ភ័ស្តុតាងេនះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសង្គម និងប៉ះពាល់សុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរបំផុត។ ដូច្នេះហើយគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងឱសថក្លែងក្លាយបានសហការជាមួយក្រសួងយុត្តិធម៌ និងសាលាដំបូងខេត្តបន្ទាយមានជ័យយកឱសថទាំង៥៤ការុងនេះទៅដុតបំផ្លាញចោល”។
លោក ហ្សង់ ក្លូត ផូអីមបូអែហ្វ (Jean ClaudePoimboeuf) ឯកអគ្គរដ្ឋទូតបារាំងបានបន្ថែមឱសថក្លែងក្លាយ៥គីឡូក្រាមជានិមិត្តរូប ដើម្បីដុតបំផ្លាញចោលនៅក្នុងពិធីនេះដែរ។
លោក នីកូឡាស បូឌុង (Nicolas Baudoin) អ្នកនាំពាក្យស្ថានទូតបារាំងបានថ្លែងថា ឱសថក្លែងក្លាយដែលផ្តល់ដោយឯកអគ្គរដ្ឋទូតរូបនេះ ត្រូវបានរឹបអូសកាលពីដើមឆ្នាំនេះដោយក្រសួងមហាផ្ទៃ។លោកបានបន្ថែមថា ស្ថានទូតបារាំងបានជួយបណ្តុះបណ្តាលនគរបាលកម្ពុជាក្នុងការរឹបអូសឱសថក្លែងក្លាយចាប់តាំងពីឆ្នាំ២០១១មក។
លោក អង្គ វង្សវឌ្ឍានា ដែលក៏ជាអនុ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយដែរនោះបានមានប្រសាសន៍ថា “ថ្ងៃេនះមិនត្រឹមតែនិយាយអំពីការលុប បំបាត់ឱសថក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែយើង ថែមទាំងអប់រំ ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីឱសថដែលមានប្រសិទ្ធភាពទៀតផង”។
លោកបានបន្ថែមថា ”ជាទូទៅនៅក្នុងប្រទេសដទៃទៀត នៅពេលឱសថហួសកាល បរិច្ឆេទប្រើប្រាស់ ពួកគេយកទៅបោះចោលប៉ុន្តែនៅក្នុងប្រទេសរបស់យើងវិញជារឿយៗ យើងនៅតែប្រើប្រាស់ដដែល”៕ សារុន (រាយការណ៍បន្ថែមដោយ Peter Ford)