33 C
Phnom Penh

ភូមិ​អណ្ដែត​​​ទឹក​​​​​ដែល​មា​ន​ផ្ទះ​​រាប់​ពាន់​នៅ​​​​កំពង់​ឆ្នាំង ​​​នឹង​ត្រូវ​​​អាជ្ញា​ធរ​​បណ្ដេញចេញ​​​​ឆាប់ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពេល​នេះ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​បណ្ដេញ​​​​ប្រជា​ជន​ជិត​​១.០០០​គ្រួសារ​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​វៀតណាម ​រស់នៅ​​តាម​​ភូមិ​អណ្ដែត​ទឹក​លើ​ទន្លេសាប​​ជិត​ក្រុង​កំពង់ឆ្នាំង​ ដោយ​​​ឲ្យ​ពួកគេ​​​រំកិល​​ទីតាំង​ឡើង​ទៅ​​ខ្សែ​ទឹក​ខាង​លើ​​​​​​ជា​ផ្នែក​នៃ​ផែនការ​​រយៈ​ពេល​៥ឆ្នាំ​ដើម្បី​​ធ្វើ​ឲ្យ​មាត់​ទន្លេ​មាន​សោភ័ណភាព​។

កាលពី​សប្ដាហ៍​មុន អាជ្ញាធរ​បាន​ចាប់​​ផ្ដើម​​ជូន​ដំណឹង​​ប្រជា​ជន​រស់​នៅ​តាម​ភូមិ​អណ្ដែត​ទឹក​ទាំងនេះ​អំពី​​ការ​​​​ប្ដូរ​ទីតាំង​​​របស់​ពួកគេ​​​​ក្នុង​ពេល​ឆាប់ៗ នេះ​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ពី​​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល​រង​ខេត្ត​​កំពង់ឆ្នាំង ដែល​ទទួល​បន្ទុក​​​ការ​បណ្ដេញ​ចេញ​នេះ​។

លោក​មាន​ប្រសាសន៍​ថា ការ​ឲ្យ​គ្រួសារ​ទាំង​​​នេះ​​​រំកិល​ទៅ​​កាន់​ទីតាំង​ថ្មី​​មួយ​​ចម្ងាយ​៣គីឡូម៉ែត្រ​នៅ​ខ្សែទឹក​ខាង​លើ គឺ​​ចាំបាច់​​ដើម្បី​​​​ធ្វើ​ឲ្យ​​មុខ​មាត់​របស់​​ក្រុង​កំពង់ឆ្នាំង ប្រសើរ​ឡើង និង​លើក​កម្ពស់​វិស័យ​ទេស​ចរណ៍​ដ៏​តូច​​​របស់​ខ្លួន។

លោក​​លើក​ឡើង​​​ថា ​”​​យើង​មាន​ផែន​ការ​មេ​​​រយៈ​ពេល​៥ឆ្នាំ​សម្រាប់​ឆ្នាំ២០១៥​ដល់​ឆ្នាំ​២០១៩ ដើម្បី​អភិវឌ្ឍ​ក្រុង​កំពង់ឆ្នាំង ដូច្នេះ​​​​យើង​កំពុង​ធ្វើ​ការ​ងារ​នេះ​ទៅ​តាម​ផែន​​​ការ​មេ​របស់​យើង​។ ​លោក​អភិបាល​ខេត្ត​​​បាន​ប្រកាស​ថា ​ចន្លោះ​ពី​ថ្ងៃ​ទី​១៥ ដល់​​២៥​ ខែ​​​តុលា​ ពល​រដ្ឋ​ខ្មែរ​​ ចាម​ និង​វៀត​ណាម ដែល​​​​​រស់​នៅ​​តាម​ផ្ទះ​សរុប​ចំនួន​១.៤៨៦​​​​ខ្នង​​ នឹង​ត្រូវ​រើ​ចេញ​។ រហូត​មក​ទល់​ពេល​នេះ​ ប្រហែល​​​​៩០​ភាគរយ​បាន​យល់​ព្រម​រើ​ចេញ​ហើយ​​”។

លោក​​​ថ្លែង​ថា អាជ្ញាធរ​បាន​ចុះ​ឈ្មោះ​​​ប្រជា​​ជន​​​ចំនួន​៩៩៦​គ្រួសារ​​ដែល​រស់​នៅ​​​តាម​​ភូមិ​ទាំង​នោះ​។ ”​មូលហេតុ​ដែល​យើង​​​ត្រូវ​ការ​ឲ្យ​ពួកគេ​រើ​ចេញ​ដោយ​សារ​តែ​កន្លែង​​​​នេះ​ជា​មុខ​មាត់​របស់​ខេត្ត​កំពង់​ឆ្នាំ ជា​ពិសេស​​​​ក្រុង​កំពង់ឆ្នាំង។ កន្លង​មក ​​ប្រជា​ពលរដ្ឋ​តែង​តែ​រិះគន់​អាជ្ញាធរ​​​ថា ​ខ្វះ​ការ​​អភិវឌ្ឍ ​ភាព​​គ្មាន​សណ្ដាប់​ធ្នាប់ និង​ខ្វះ​​ខ្យល់​អាកាស​។ ដូច្នេះ​​ សម្រាប់​ផែន​ការ​មេ​រយៈ​ពេល​៥​ឆ្នាំ​នេះ​ យើង​​​​​​នឹង​ខិត​ខំ​​​រៀបចំ​បរិស្ថាន​​នៅ​​ក្នុង​តំបន់​នោះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​។ យើង​នឹង​​ធ្វើ​សួន​តាម​មាត់​ទន្លេ​​សម្រាប់​​ប្រជាពលរដ្ឋ​​​​​ហាត់​ប្រាណ និង​គយ​គន់​ទេសភាព​”។

​លោក​មាន​ប្រសាសន៍​ទៀត​ថា ផ្ទះ​អណ្ដែត​​ទឹក​ទាំង​១.៤៨៦​ខ្នង​នេះ​​​អាច​​ស្ថិត​នៅ​ក្នុង​ទីតាំង​ថ្មី​បាន​រយៈ​​ពេល​​២​ឆ្នាំ​ទៀត​ ខណៈ​អាជ្ញា​ធរ​ខេត្ត​​​​​​​ពិនិត្យ​​រក​មើល​​ដី​សម្រាប់​ឲ្យ​ពួកគេ​តាំង​លំនៅ​ជា​អចិន្ត្រៃយ៍​។

ទោះ​ជា​យ៉ាង​ណា លោក ង្វៀន យ៉ុន​ម៉ាស់ ​​​តំណាង​​​ប្រជាជន​វៀតណាម ប្រហែល​​ពី​៨០០​​​ទៅ​​៩០០​នាក់​ដែល​រស់​នៅ​តាម​​ភូមិ​ទាំង​នោះ​​​និយាយ​ថា ភាគ​ច្រើន​នៃ​គ្រួសារ​ទាំង​នោះ​បាន​រស់​នៅ​ទីនោះ​​ចាប់​​តាំង​ពី​​​ខ្មែរ​ក្រហម​​​​​ដួល​រលំ​​ក្នុង​ឆ្នាំ​១៩៧៩​​មក​ម៉្លេះ​ ហើយ​​ចង់​ស្នាក់​នៅ​​​ទី​នោះ​ទៀត​។

គាត់​និយាយ​ទៀត​ថា ​គ្រួសារ​ទាំង​អស់​លើក​​​លែង​តែ​​ជន​ជាតិ​វៀតណាម​ ប្រហែល​២០០​គ្រួសារ បាន​​​អណ្ដែត​​​ទៅ​កាន់​ទីតាំង​ថ្មី​រួច​ហើយ​។ ”​ពួកគេ​កំពុង​បង្ខំ​​​ឲ្យ​យើង​រំកិល​ទៅ​ឆ្ងាយ​។ វា​នឹង​ប៉ះពាល់​​ធ្ងន់​ធ្ងរ​​​ដល់​ជីវភាព​​របស់​គ្រួសារ​ក្រីក្រ​។ គេ​​នឹង​រុញ​យើង​​ចម្ងាយ​ប្រហែល​៥គីឡូម៉ែត្រ​ពី​កន្លែង​ចាស់”។

គាត់​បាន​​បន្ត​ថា អ្នក​ភូមិ​ខ្លះ​មាន​ដី​នៅ​លើ​គោក​រួច​ហើយ ហើយ​អាច​​ទៅ​រស់​​នៅ​ពេល​ណា​ក៏​បាន​​ ប៉ុន្តែ​អ្នក​ដែល​គ្មាន​ដី​​​ព្រួយ​បារម្ភ​ថា ពួកគេ​នឹង​ត្រូវ​អាជ្ញាធរ​​ឲ្យ​រើ​ចេញ​ ដោយ​អាជ្ញាធរ​គ្រាន់​តែ​​សន្យា​មិន​ច្បាស់​លាស់​​ចំពោះ​​​​ការ​តាំង​លំនៅ​ជា​អចិន្ត្រៃយ៍។

គាត់​​និយាយ​ថា ”​​​សម្រាប់​អ្នក​​មាន​ដី​នៅ​​ក្នុង​​​ភូមិ វា​មិន​បញ្ហា​ទេ។ ប៉ុន្តែ​យើង​ព្រួយ​បារម្ភ​ចំពោះ​អ្នក​ដែល​គ្មាន​អី​សោះ។​​បើ​អាជ្ញាធរ​​​​​បញ្ជា​ឲ្យ​ពួកគេ​ចាក​ចេញ​​ តើ​ពួកគេ​អាច​ទៅ​ណា​បាន​?”។

និយាយ​ពី​កន្លែង​តាំង​​លំនៅ​បណ្ដោះ​អាសន្ន​​​ថ្មី គាត់​​​បាន​គូស​បញ្ជាក់​ថា ទីតាំង​នោះ​​​​មិន​សូវ​ស័ក្ដិ​សម​​​ទេ​សម្រាប់​​ភូមិ​អណ្ដែត​ទឹក ទាំង​​​សុវត្ថិភាព ​និង​ស្ថាន​ភាព​​សេដ្ឋកិច្ច​។ “ទីតាំង​ចាស់​មាន​សុវត្ថិភាព ពីព្រោះ​មាន​ដើម​ឈើ​​​ច្រើន​​ព័ទ្ធ​ជុំវិញ ប៉ុន្តែ​កន្លែង​ថ្មី​គ្មាន​ទេ​ [ដើម​ឈើ​]។ បើ​​មាន​ព្យុះ​ធំ​ យើង​នឹង​​ប្រឈម​គ្រោះ​ថ្នាក់​ធំ​។ នៅ​ទីតាំង​ថ្មី​វា​ពិបាក​​​ ពីព្រោះ​គ្មាន​អគ្គិសនី​ គ្មាន​​ទឹក​ស្អាត ហើយ​​វា​ឆ្ងាយ​ពី​ផ្សារ​។ វា​​នឹង​ពិបាក​សម្រាប់​ប្រជាជន​​យើង​​ធ្វើ​ដំណើរ​ទៅ​លក់​ត្រី​”។

ចំណែក​ឯលោក តុត គឹម​ស្រូយ មន្ត្រី​សម្រប​​​​សម្រួល​​​​មក​ពី​អង្គការ​​​សិទ្ធិ​ជន​ជាតិ​ភាគ​តិច​ប្រចាំ​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ​​ជា​គោល​ការណ៍​ លោក​គាំទ្រ​ការ​បណ្ដេញ​ចេញ​​​​នេះ ដោយសារ​តែ​ការ​បំពុល​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​អ្នក​ភូមិ​មួយ​ចំនួន​។ លោក​ថ្លែង​ថា “​​ជា​ការ​ពិត​​ យើង​​ស្វាគមន៍​វិធានការ​របស់​អាជ្ញាធរ​ ពីព្រោះ​​​​គ្រួសារ​ទាំង​នោះ​ជា​អ្នក​​បំពុល​​​​ទឹក​ទន្លេ និង​បរិស្ថាន​ដោយ​សារ​អាជីវ​កម្ម​របស់​ពួកគេ​​ដែល​រួម​មាន​​​ការ​​បញ្ចូល​​​​​អាគុយ និង​ការ​ជួស​ជុល​ម៉ាស៊ីន​ជាដើម​។

ទោះ​ជា​យ៉ាង​ណា ​លោក​លើក​ឡើង​ថា ​អាជ្ញាធរ​ខេត្ត​គួរ​តែ​​មាន​វិធានការ​​​​បង្ការ​ច្រើន​​ជាង​នេះ​​នៅ​ក្នុង​ការ​​រក​​ដី​សម្រាប់​អ្នក​ភូមិ​ទាំង​នេះ ហើយ​​​លោក​​ជឿ​ថា អាជ្ញាធរ​សង្ឃឹម​ថា​អ្នក​ភូមិ​ទាំង​​នេះ​​​​រំកិល​ទៅ​មុខ​ទៀត​​ដោយ​ខ្លួន​ឯង​​មុនរយៈ​​​​​ពេល​​២ឆ្នាំ​កន្លង​​​ផុត​​​។

លោក​​​បាន​​ប៉ាន់​ប្រមាណ​ថា ប្រហែល​៨០​​ភាគរយ​​នៃ​ប្រជា​ជន​​ដែល​​រស់​នៅ​តាម​ភូមិ​អណ្ដែត​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង​ គឺ​ជា​ជន​ជាតិ​វៀតណាម​។ ​ពួក​គេ​ភាគច្រើន​បាន​​មក​រស់​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ចន្លោះ​ពី​​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៣​ ហើយ​​មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​សញ្ជាតិ​ខ្មែរ​។

​លោក មូ ស្រុន អាយុ​៥៤​ឆ្នាំ ជា​​ជនជាតិ​ខ្មែរ​​ដែល​និយាយ​ថា គាត់​រស់​នៅ​លើ​​​ទន្លេ​នេះ​​​​​ចាប់​តាំង​ពី​ឆ្នាំ​១៩៨០​មក​ បាន​លើក​ឡើង​​​​ថា គាត់​​មិន​ទាន់​ចាក​ចេញ​ទេ​ដោយសារ​តែ​គាត់​មិន​ដឹង​ថា តើ​ត្រូវ​​​យក​ទ្រុង​ជ្រូក​ដ៏ធំ​​មួយ​ទៅ​​ជាមួយ​ដោយ​របៀប​ណា​។

គាត់​និយាយ​ទៀត​ថា “​ថ្មីៗ​នេះ ​អាជ្ញាធរ​បាន​​មក​ប្រាប់​ឲ្យ​​ពួក​យើង​ចាក​ចេញ ​ប៉ុន្តែ​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ ហើយ​គ្រួសារ​របស់​ខ្ញុំ​បាន​មក​រស់​​នៅ​ក្នុង​តំបន់​នេះ​តាំង​ពី​ឆ្នាំ​១៩៨០​មក​​ម៉្លេះ។​​ ហេតុ​អី​ពួកគេ​​​​​ត្រូវ​ការ​ឲ្យ​យើង​រើ​ចេញ​? ជន​ជាតិ​វៀតណាម​​​ ព្រម​រើ​ចេញ​​​​លឿន​ដោយ​សារ​​​តែ​​ពួកគេ​មាន​​ផ្ទះ​អណ្ដែត​ទឹក ប៉ុន្តែ​​សម្រាប់​គ្រួសារ​ខ្ញុំ ​វា​ពិបាក​​ដោយសារ​ខ្ញុំ​ចិញ្ចឹម​ជ្រូក”។

គាត់​​​បន្ត​​ថា ​​មួយ​ផ្នែក​នៃ​ទ្រុង​ជ្រូក​​​របស់​គាត់​​ត្រូវ​បាន​សង់​​លើ​ដី​សម្រាប់​ឲ្យ​ជ្រូក​ស៊ី​ចំណី និង​ដេក ហើយ​មួយ​ផ្នែក​ទៀត​សង់​លយ​​​ចូល​​ទឹក​ដើម្បី​ឲ្យ​ពួក​វា​ជុះ​​​​អាចម៍​​ដោយ​មាន​អនាម័យ​។ គាត់​​បាន​​​និយាយ​​ថា សំណង់​​​បែប​នេះ​ពិបាក​នឹង​អណ្ដែត​ទឹក​ណាស់​៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស