30 C
Phnom Penh

គណៈកម្មការ​​​ប្រឹក្សា​​​ការ​​​ងារ​​​​​​ខក​​​ខាន​​​ពេល​​​កំណត់​​​ក្នុង​​​ការ​​​ចរចា​​​អំពី​​​ប្រាក់​​​ខែគោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ គណៈកម្មការ​​​ប្រឹក្សា​​​ការ​​​ងារ​​​ដែល​​​មាន​​​បី​​​ភាគី​​​បាន​​​ខក​​​ខាន​​​ពេល​​​កំណត់​​​ជា​​​បណ្តោះ​​​អាសន្ន​របស់ខ្លួន​​​​​​​ក្នុង​​​ការ​​​សម្រេច​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​អប្បបរមា​​​ថ្មី​​​សម្រាប់​​​វិស័យ​​​កាត់​​​ដេរ​​​​​​ ដោយ​​​ម្ចាស់​​​រោង​​​ចក្រ​​​​​​ និង​​​សហ​​​ជីព​​​​​​មាន​​​ការ​​​វិវឌ្ឍ​​​តិច​​​តួច​​​​​​នៅ​ក្នុង​​​ការ​ឈាន​​​ទៅ​​​រក​​​ការ​ឯកភាព​គ្នា​​​​។

កាល​​​ពី​​​ខែ​​​មុន​​​លោក អិុត សំហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការងារ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ សង្ឃឹម​​​ថា គណៈកម្មការ​​​ប្រឹក្សា​​​ការងារ​​​ នឹង​​​ឯកភាព​​​គ្នា​​​លើ​​​សំណើ​​​មួយ​​​​​​សម្រាប់​​​ប្រាក់​​​ខែ​​​គោល​​​អប្បបរមា​​​ថ្មី​​​ [ដែល​​​បច្ចុប្បន្ន​​​​​​គឺ​​​​១២៨​​​ដុល្លារ]​​​ ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​នៅ​​​ត្រឹម​​​ថ្ងៃ​​​ទី​​​៥​​​ខែ​​​តុលា។ក្រសួង​​​ការ​​​ងារ​​​នឹង​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​ចុង​​​ក្រោយ​​​លើ​​​​បញ្ហា​​​នេះ​​​។

ទោះ​​​ជា​យ៉ាង​​​ណា កាល​​​ពី​​​ម្សិល​​​មិញ ក្រុម​​​ការងារ​​​របស់​​​ក្រុម​​​ប្រឹក្សា​​​ការ​​​ងារ​​​ ដែល​​​មាន​​​សមាស​​​ភាព​​​មក​​​ពី​​​ភាគី​​​ខាង​ស្ថាប័ន​​​​រដ្ឋាភិបាល​​​ភាគី​​​ខាង​​​រោង​​​ចក្រ និង​​​​​​តំណាង​​​សហជីព​​​​​​ទទួល​​​ បន្ទុក​​​ក្នុងការ​ដាក់​​​សំណើ​​​​​​ស្តី​​​អំពី​​​ប្រាក់​​​ខែ​​​គោល​​​​​​ថ្មី​​​ជូន​​​គណៈកម្មការ​​​នេះ ​​​កំពុង​​​ចរចា​​​គ្នា​​​នៅ​​​ឡើយ ហើយ​​​ហាក់​​​បី​​​ដូច​​​ជា​​​មិន​​​ងាយ​​​មាន​​​ការ​​​ឯកភាព​​​គ្នា​​​​​​​ទេ​​​។

សហជីព​​​ភាគ​​​ច្រើន​​​យល់​​​ព្រម​​​កំណត់​​​យក​​​តួ​​​លេខ​​​១៦៣​​​ដុល្លារ​​​ដែល​​​ពួក​​​គេ​​​បាន​​​ស្នើ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បន្ទាប់​​​ពី​​​​​​បន្ទាប​​​តួលេខ​​​ពី​​២០៧​​​​ដុល្លារ​​​កាល​​​ពី​​​ពីរ​​​បី​​​សប្តាហ៍​​​មុន​​​។ ម្ចាស់​​​រោង​​​ចក្រ​​​បាន​​​ដំឡើង​​​​​​ត្រឹម​​​តែ​​​បន្តិច​​​បន្តូច​​​ប៉ុណ្ណោះ​​​ក្នុង​​​សំណើ​​​របស់​​​ខ្លួន​​​ ដោយ​​​ផ្តល់​​​ការ​​​ដំឡើង​​​៣,៧៥​​​ភាគ​​​រយ​​​ជំនួស​​​ឲ្យ​​​ការ​​​ដំឡើង​​​៣,៥​​​ភាគ​​​រយ​​​។

លោក កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​​​​ដេរ​​​នៅ​​​កម្ពុជា​​​ (GMAC) បាន​​​លើក​​​ឡើង​​​ថា ការ​​​ដំឡើង​​​បន្ថែម​​​០,២៥​​​ភាគ​​​រយ​​​គឺ​​​ដោយសារមានការ​កើនឡើង​នៅក្នុង​ការ​​​ចំណាយ​​​​របស់​​​បេឡា​​​ជាតិ​​​របប​​​សន្តិសុខ​សង្គម​។​

ក្រសួង​​​ការ​​​ងារ​​​បាន​​​លើក​​​ឡើង​​​ថា រាល់​​​ការ​​​ដំឡើង​​​ណា​​​មួយ​​​ក៏​​​ត្រូវគិត​​​ដល់​​​ការ​​​​​ដំឡើង​​​​​​​ប្រហែល​១ភាគ​​​រយនៅ​​​​ក្នុង​​​ផលិត​​​ភាព​របស់​​​​​​​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ដែរ​។ ​​​ប៉ុន្តែ​ លោក កែន លូ មាន​​​ប្រសាសន៍​​​​​​បន្ថែម​​​ទៀត​​​ថា ក្រសួង​​​​​​បង្ហាញ​តួលេខ​​​នេះ​​​ដោយ​​​គិត​​​ព​​​ី​​​មធ្យម​​​ភាគ​​​នៃ​​​ការ​​​បង្កើន​​ផលិត​​​ភាព​កាល​​​ពី​​​ពីរ​​​បី​​​​​​ឆ្នាំ​​​មុន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ហើយ​​​យើង​​​មិន​​​ឯកភាព​​​ចំពោះ​ការ​​​ដែល​​​ថា ​​​​​​គិត​ជា​​​មធ្យម​​​ភាគ​​​​​​​​​ច្រើន​​​ឆ្នាំ​​​​​​នោះ​​​ទេ​​​។យើង​​​គិត​​​ថា ​​​វា​​​គួរ​​​តែ​​​គិត​​ត្រឹម​​​ឆ្នាំ​​​មុនប៉ុណ្ណោះ​​​​​​ ហើយ​​​ប្រសិន​​​​​​បើ​​​យើង​​​ក្រឡេក​​​មើល​​​ឆ្នាំ​​​មុន ​​​​​​ផលិត​​​ភាព​​​ពិត​​​ជា​​​​​​​​​បាន​​​ធ្លាក់​​​ចុះ​​​​​​”។

លោក ប៉ាវ​​​ ស៊ីណា ប្រធាន​​​សហជីព​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​​ប្រធាន​សហជីព​​​ដែល​​​ស្ថិត​​​ក្នុង​​​ក្រុម​​​ការ​​​ងារ​​​នេះ​​​បានលើកឡើងថា​ សហ​​​ជីព​​​មិន​​​ចាប់​​​អារម្មណ៍​​​ ចំពោ​ះ​​​ការ​​​ផ្តល់​​​ជា​ថ្មី​​​របស់​​​ម្ចាស់​​​រោង​​​ចក្រ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ម្ចាស់​​​រោង​​​ចក្រ​​​និយាយ​​​ថា វា​​​គឺជា​​​ការ​​​លើក​​​ទឹក​​​ចិត្ត​​​ និង​​​ការ​​​សម្បទាន​​​ដល់​​​សហជីព​​​។ ប៉ុន្តែ យើង​​​មិន​​​យល់​​​ស្រប​​​ទេ​​​ ព្រោះ​​​ម្ចាស់​​​រោង​​​ចក្រ​​​ឡើង​​​តែ​​​បន្តិច​​​​​​បន្តួច​​​ប៉ុណ្ណោះ​​​”។

លោក ហេង សួរ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​ងារ​​​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​មិនទទូច​​​ឲ្យ​​​មាន​​​​​​សេចក្តី​​​សម្រេច​​​ពី​​​ក្រុម​​​ការ​​ងារ​​​នេះ​​​ឡើយ​​​​​​កាល​​​ពីម្សិលមិញ ដោយ​​​សង្ឃឹម​​​ថា ​​​ម្ចាស់​​​រោង​​​ចក្រ​​​ និង​​​សហជីព​​​កាន់​​តែ​​​ជិត​​​​​​ឈាន​​​​​​ទៅ​​​រក​​​ការ​​​ឯកភាព​​​គ្នា​​​៕ ស៊ុយឈាង ​​​ (រាយការណ៍​​​ដោយ Zsombor Peter)​​​​​​    

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស