អ្នកភូមិជនជាតិដើមភាគតិចព្នងមួយក្រុមមានគ្នាប្រមាណ៩០០នាក់កំពុងទាមទារឲ្យមានការដកអភិបាលខេត្តមណ្ឌលគិរីពីតំណែង ដោយលើកឡើងនៅក្នុងញត្តិដែលដាក់ជូនរដ្ឋាភិបាលកាលពីម្សិលមិញថា អភិបាលខេត្តរូបនេះមិនគោរពសិទ្ធិជនជាតិដើមភាគតិចនៅក្នុងខេត្តនេះ។
តំណាងអ្នកភូមិចំនួនប្រាំនាក់បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិជូនក្រសួងមហាផ្ទៃ ទីស្ដីការគណៈរដ្ឋមន្ត្រី និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
លោក គ្រឿង តុលា អាយុ២៥ឆ្នាំ ដែលជាតំណាងមួយរូបក្នុងចំណោមអ្នកភូមិទាំងនេះបានលើកឡើងថា “ញត្តិរបស់យើងទាមទារឲ្យប្រមុខរដ្ឋាភិបាលដកលោកអភិបាលខេត្ត អេង ប៊ុនហៀង ពីតំណែង ព្រោះលោកគាបសង្កត់សិទ្ធិអ្នកភូមិជនជាតិដើមភាគតិច ដូចជាមិនអនុញ្ញាតឲ្យយើងហែក្បួនដើម្បីប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចជាដើម”។
លោក គ្រឿង តុលា បានសំដៅលើហេតុការណ៍មួយកាលពីខែសីហា ដែលអ្នកភូមិជនជាតិដើមភាគតិចរាប់រយនាក់ត្រូវអាជ្ញាធររារាំងមិនឲ្យហែក្បួននៅក្នុងក្រុងសែនមនោរម្យ ដើម្បីប្រារព្ធទិវាជនជាតិដើមភាគតិចអន្តរជាតិរបស់អង្គការសហប្រជាជាតិ។
តំណាងអ្នកភូមិម្នាក់ទៀតឈ្មោះ ក្រាក់ ប៉ូច បានលើកឡើងថា អ្នកដាក់ញត្តិគិតថា ការធ្វើដូច្នេះរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបជុំគ្នាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ញត្តិប្ដឹងលោក អេង ប៊ុនហៀង ក៏បានលើកឡើងផងដែរថា ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១៣មក មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងការកាប់ឈើខុសច្បាប់ និងការកាប់រានព្រៃដ៏សំខាន់របស់សហគមន៍ជនជាតិដើមភាគតិចព្នង។
លោក គ្រឿង តុលា បានលើកឡើងទៀតថា ”ចាប់តាំងពីអភិបាលខេត្តរូបនេះឡើងកាន់តំណែងមក បទល្មើសព្រៃឈើ ដូចជាការកាប់ឈើខុសច្បាប់ និងវិវាទដីធ្លីរវាងអ្នកភូមិជនជាតិដើមភាគតិច និងក្រុមហ៊ុនគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ចមានការកើនឡើង”។
នៅពេលទាក់ទងសុំការបំភ្លឺ លោក អេង ប៊ុនហៀង បានលើកឡើងថា លោកជាប់រវល់ប្រជុំ ហើយមិនអាចពិភាក្សាអំពីញត្តិរបស់អ្នកភូមិដែលប្ដឹងលោកបានឡើយ។
លោក សុខ រដ្ឋា អ្នកសម្របសម្រួលនៅអង្គការអាដហុកប្រចាំខេត្តនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការបំពេញការងាររបស់អភិបាលខេត្តរូបនេះឡើយ ប៉ុន្តែបានលើកឡើងថា ស្ថានភាពសម្រាប់ក្រុមជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី ជាទូទៅមានការលំបាក។
លោកបានមានប្រសាសន៍ថា ”អ្នកភូមិជនជាតិដើមភាគតិចរងទុក្ខវេទនាម្ដងហើយម្ដងទៀត ហើយព្រៃឈើបានបាត់បង់ រីឯដីធ្លីដែល ពួកគេធ្លាប់ធ្វើស្រែចម្ការ ក៏បាត់បង់ដែរ។ អ្នកភូមិជនជាតិដើមភាគតិចយល់ដឹងច្រើនហើយ។ ពួកគាត់មានជំនាញជាងមន្ត្រីជំនាញ ទៅទៀតបើនិយាយពីការការពារព្រៃឈើ។ពួកគាត់ឆ្អែតចិត្តណាស់”៕ ស៊ុយឈាង