កាលពីម្សិលមិញ សាលាដំបូងខេត្តស្ទឹងត្រែងបានចោទប្រកាន់បុរសអាយុ៧០ឆ្នាំម្នាក់ពីបទរំលោភក្មេងស្រីជិតខាងអាយុ៩ឆ្នាំក្នុងស្រុកសេសាន បន្ទាប់ពីក្មេងស្រីរូបនេះបានប្រាប់ឪពុកម្តាយពីបទឧក្រិដ្ឋនេះ បើទោះជាបុរសរូបនេះគំរាមសម្លាប់ក៏ដោយ។
លោកស្រី ស៊ុន យ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា បុរសឈ្មោះ បាន ពុធ ត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីរូបនេះជាច្រើនលើករហូតដល់ថ្ងៃទី១៨ខែកញ្ញា។ ជននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ហើយក្រោយមកបានសារភាពប្រាប់នគរបាល និងតុលាការ។
លោកស្រីបានថ្លែងថា “តុលាការបានចោទប្រកាន់ជនល្មើសរូបនេះពីបទរំលោភកុមារ។ ឥឡូវនេះយើងកំពុងឃុំខ្លួនជននេះក្នុងពន្ធនាគារ”។
លោក ហម ប៊ុនថែល អធិការនគរបាលស្រុកបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួនបុរសឈ្មោះ ពុធ បន្ទាប់ពីក្មេងស្រីរូបនេះបានប្រាប់ឪពុកម្តាយរបស់នាងថា ជននេះបាននាំនាងទៅមើលអន្ទាក់សត្វក្បែរភូមិ ហើយនៅពេលគ្មានមនុស្សនៅម្តុំនោះបុរសរូបនេះបានចាប់រំលោភនាងតែម្តង បន្ទាប់មកបានគំរាមសម្លាប់នាង និងឪពុកម្តាយរបស់នាង ប្រសិនបើនាងនិយាយប្រាប់នរណាម្នាក់។
លោក ប៊ុនថែល បានថ្លែងថា “ក្មេងស្រីរូបនេះមិនហ៊ានប្រាប់ឪពុកម្តាយរបស់នាងទេ ពីព្រោះនាងខ្លាចបុរសរូបនេះសម្លាប់នាង និងឪពុកម្តាយរបស់នាង”។ លោកបានបន្ថែមថា នាងបានប្តូរចិត្ត បន្ទាប់ពីឃើញបុរសរូបនេះឈ្លោះប្រកែកគ្នាជាមួយឪពុកម្តាយរបស់នាង។
លោក ប៊ុនថែល បានថ្លែងទៀតថា”បន្ទាប់ ពីបានដឹងថា កូនរបស់ខ្លួនត្រូវបានចាប់រំលោភ ឪពុកម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅនគរបាលស្រុកសេសាន។ ក្រោយ ពេលខ្ញុំទទួលបានពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះ ខ្ញុំបានបញ្ជាឲ្យមន្ត្រីនគរបាលឃុំពីរនាក់ទៅនាំខ្លួនជនសង្ស័យរូបនេះមកកាន់អធិការដ្ឋាននគរបាលខណ្ឌ”។
លោកមានប្រសាសន៍ថា “ក្មេងស្រីរងគ្រោះ បានប្រាប់នគរបាលថា បុរសឈ្មោះ ពុធ បានរំលោភនាងបួនប្រាំដងមកហើយ ហើយថា ការធ្វើកោសល្យវិច័យបង្ហាញថា សន្ទះព្រហ្មចារីរបស់នាងបានដាច់រហែក”។
យោងតាមអង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា នៅក្នុងឆមាសទី១នៃឆ្នាំនេះ មានករណីរំលោភ៣៧ករណីកើតឡើងចំពោះ កុមារអាយុក្រោម១០ឆ្នាំ ដែលជាមធ្យមលើសពី១ករណីក្នុងមួយសប្តាហ៍៕សារុន