31 C
Phnom Penh

​តំណាង​​រដ្ឋាភិបាល​ រោងចក្រ និង​សហជីព នឹង​បោះ​ឆ្នោតសម្រេច​​​​​​លើ​ប្រាក់​ខែ​គោល​នៅ​ថ្ងៃ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​រដ្ឋាភិបាល​​​ តំណាង​រោងចក្រ​ និង​តំណាង​សហជីព ដែល​​ទទួល​បន្ទុក​​​ស្នើ​​​​ប្រាក់​ខែ​គោល​ថ្មី​​សម្រាប់​វិស័យ​កាត់​ដេរ​នឹង​បោះ​ឆ្នោត​នៅ​ក្នុង​ថ្ងៃ​នេះ​​​ ដើម្បី​​កំណត់ ​យក​តួលេខ​មួយ​ បន្ទាប់ពី​​​មិន​អាច​ឈាន​ដល់​ការ​​ឯកភាព​គ្នា​​ម្ដង​ទៀត​អំឡុងការ​ចរចា​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។

លោក ហេង សួរ អ្នក​នាំពាក្យ​​​ក្រសួង​ការ​ងារ​បាន​លើក​ឡើង​ថា ក្រុម​ការ​ងារ​​​ដែល​​មាន​តំណាង​​​​១៥​រូបមកពីភាគីនីមួយ​ៗ​ក្នុង​ចំណោមភាគីទាំងបី​នេះ​​​ មានការ​​វិវឌ្ឍ​មួយ​​​ចំនួន​ចំពោះ​​​សំណើ​​​រួម​ដែល​ស្នើសុំដំឡើង​​ប្រាក់​ខែ​គោល​​​​ដែល​​​បច្ចុប្បន្ន១២៨​ដុល្លារ​ប៉ុន្តែ​​​វា​មិន​ទាន់​គ្រប់គ្រាន់​​​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ឯក​​​ភាព​គ្នា​នៅ​ឡើយ​ទេ។

លោក​បាន​លើក​ឡើង​ទៀត​ថា ម្ចាស់​រោង​​​ចក្រ​​បាន​​ដំឡើង​នៅ​ក្នុង​សំណើ​របស់​ខ្លួន​ដល់​​៤ភាគរយ​ រីឯ​​សហជីព​វិញ​បាន​បញ្ចុះ​​មក​​នៅ​ត្រឹម​២៥​ភាគរយ​។

ដោយ​ភាគី​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា ​លោក ហេង សួរ បាន​មាន​​ប្រសាសន៍ថា “​ក្រុម​ការ​ងារ​នេះ​​នឹង​បោះ​ឆ្នោត​នៅ​​ម៉ោង​១រសៀល​ថ្ងៃ​ស្អែក ដើម្បី​​​កំណត់​យក​តួលេខ​រួម​មួយ​​សម្រាប់​ដាក់​ជូន​គណៈកម្មការ​ប្រឹក្សា​ការ​ងារ​។ បន្ទាប់​មក គណៈកម្មការ​ប្រឹក្សា​ការ​ងារ​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍”។

ការ​ងារ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​​​ដែល​មាន​សមាសភាព​​​មកពី​ភាគី​​ខាង​តំណាង​រដ្ឋាភិបាល តំណាង​រោងចក្រ និង​តំណាង​សហ​​​ជីព​ នឹង​ពិចារណា​​លើ​លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត​នេះ​ ហើយ​​ដាក់​សំណើ​​អំពី​ប្រាក់​ខែ​គោល​ថ្មី​​ជូន​ក្រសួង​ការ​ងារ​​ដែល​​គេ​រំពឹង​ថា នឹង​សម្រេច​ចុង​ក្រោយ​នៅ​​ដំណាច់​ខែ​នេះ​។

រោងចក្រ​​ចង់​​រក្សា​ការ​ដំឡើង​ឲ្យ​នៅ​​ ឬ​ប្រហាក់​ប្រហែល​អត្រា​អតិផរណា​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​បាន​ព្រមាន​ថា ​ការ​ដំឡើង​ណាមួយ​លើស​ពី​នេះ​​ នឹង​ធ្វើ​​ឲ្យ​កម្ពុជាបាត់​​​បង់​​​ទីផ្សារ​ ហើយ​​ធ្វើ​ឲ្យ​អ្នក​បញ្ជា​ទិញ​ងាក​ទៅ​រក​ប្រទេស​​​ប្រកួត​ប្រជែង​ដែល​​មាន​ប្រាក់​ខែ​ទាប​​ផ្សេង​ទៀត ដូច​ជា​ប្រទេស​បង់ក្លាដែស ប្រទេស​ភូមា ឬ​​ងាកទៅ​រក​​ប្រទេស​​ប្រកួត​ប្រជែង​ដែល​មាន​​​​ផលិត​​​​ភាពខ្ពស់​ជាង​​ ដូច​ជា​ប្រទេស​វៀតណាម​ជា​ដើម​។

​បណ្តា​សហជីព​​ឯករាជ្យ​បាន​លើក​ឡើង​ថា ម្ចាស់​រោងចក្រ​​​កំពុង​ភូត​កុហក​​អំពី​ថា​តើ​ការ​ដំឡើង​​ប៉ុន្មាន​ដែល​​ខ្លួន​​អាច​រ៉ាប់​រង​បាន ហើយ​ថា​ កម្មករ​ភាគច្រើន​​តស៊ូ​ដើម្បី​​ទទួល​បាន​​នូវ​អ្វី​ដែល​ពួកគាត់​​សម​នឹង​ទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន​។

លោក អាត់ ធន់ ​ប្រធាន​សហជីព​ឯករាជ្យ​ធំបំផុត​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា លោក​មាន​គម្រោង​​​នាំ​សមាជិក​របស់​លោក​ចំនួន​​១០០.០០០​នាក់​​ចេញពី​រោងចក្រ​​​ដែល​ពួកគាត់​​​​ធ្វើ​ការ​រយៈពេល​១ម៉ោង​នៅ​ក្នុង​ថ្ងៃ​នេះ ដើម្បី​​ទាមទារ​ឲ្យ​ម្ចាស់​រោងចក្រ​​​ដំឡើង​២៥​ភាគរយ​​ដែល​​កម្មករ​​កំពុង​ស្នើ​សុំ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​បង្ហាញ​សាច់​ដុំ​របស់​​​យើង តាមរយៈ​​ការ​តវ៉ា​នៅ​​តាម​រោងចក្រ​​ចាប់​​​​ពីម៉ោង​១១​ព្រឹក​ដល់​​ម៉ោង​១២​ថ្ងៃ​ត្រង់។ យើង​ចង់​បង្ហាញ​រដ្ឋាភិបាល​​ ម្ចាស់​រោងចក្រ និង​អ្នក​បញ្ជា​ទិញ​​នូវ​អ្វី​ដែល​កម្មករ​ចង់​បាន​​ ហើយ​ថា ប្រសិន​បើ​​ពួកគេ​​ឲ្យ​យើង​តិច​ ប្រហែល​ជា​មាន​ការ​ធ្វើ​កូដកម្ម​”។

លោក អាត់ ធន់ និង​ប្រធាន​សហជីព​មួយ​ចំនួន​ផ្សេង​ទៀត​​ត្រូវ​បាន​​ផ្ដន្ទាទោស​​ពីបទ​ដឹកនាំ​​អ្វី​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ​ជា​កូដ​​​កម្ម​ ​​​និង​​ការ​តវ៉ា​​ខុស​ច្បាប់​​ជុំវិញ​ប្រាក់​ខែ​គោល​កាលពី​ឆ្នាំ​២០១៣៕ ស៊ុយឈាង​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស