27.5 C
Phnom Penh

គជប ​បញ្ចេញ​ឲ្យ​ដឹង​សេចក្តី​លម្អិត​នៃ​កម្មវិធី​សាកល្បង​សម្រាប់​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គជប) កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ចេញ​ឲ្យ​ដឹង​សេចក្តី​លម្អិត​ថែម​ទៀត​អំពី​គម្រោង​សាក​ល្បង​របស់​ខ្លួន ដើម្បី​សាក​ល្បង​ការ​ចុះ​បញ្ជី​អ្នក​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​តាម​ខេត្ត​នីមួយៗ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា មុន​ការ​ចុះ​បញ្ជី​ឈ្មោះ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​ក្រោយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គជប ដោយ​យក​ឃុំ​សង្កាត់​មួយ​ពី​២៤​ខេត្ត​រាជធានី​នីមួយៗ និង​ភាព​ចម្រុះ​នៃ​ឃុំ​សង្កាត់​​ដើម្បី​ឲ្យ​លទ្ធផល​អាច​តំណាង​បាន បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រហែល​៣២.៥០០​នាក់​នឹង​ត្រូវ​ចុះ​ឈ្មោះ​មិន​ផ្លូវ​ការ​ក្នុង​ការ​សាកល្បង​រយៈ​ពេល​ពីរ​សប្តាហ៍។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នឹង​រៀបចំ​ក្នុង​៤១​ភូមិ។ លោក គុយ ប៊ុនរឿន អនុប្រធាន​គជប បាន​និយាយ​ថា រយៈ​ពេល​ចុះ​ឈ្មោះ​សាក​ល្បង នឹង​សាក​ប្រព័ន្ធ​ថ្មី ដែល​នឹង​រៀបចំ​បញ្ជី​អ្នក​បោះ​ឆ្នោត​ថ្មី​នៅ​កម្ពុជា។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​តវ៉ា​ទាក់ទិន​នឹង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ដែល​ប្រើ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ក្នុង​នោះ​មាន​ឈ្មោះ​រាប់​រយ​រាប់​ពាន់​ដែល​បាត់ ឬ​ចុះ​ឈ្មោះ​លើស​ពីរ​ម្តង។ ឥឡូវ​នេះ គជប កំពុង​ធ្វើ​បញ្ជី​ជាថ្មី ដោយ​ប្រើ​ទិន្នន័យ​ជីវមាត្រ ដូចជា​រូបថត​និង​ស្នាម​ផ្តិត​ម្រាម​ដៃ​ជាដើម។

លោក ប៊ុនរឿន បាន​និយាយ​ថា “គោល​បំណង​ដំបូង​គឺ​ថា យើង​ចង់​អនុវត្ត​នីតិ​វិធី​រដ្ឋបាល និង​ចង់​ដឹង​ថា​តើ យន្តការ​រដ្ឋបាល​នេះ​នឹង​ដើរ​ដោយ​រលូន​ឬ​យ៉ាង​ណា នៅ​ពេល​ប្រជា​ពលរដ្ឋ​មក​ចុះ​ឈ្មោះ ទាក់ទិន​នឹង​ឯកសារ ការ​ប្រមូល​ស្នាម​ផ្តិត​ម្រាម​ដៃ ។ល។”។

លោក​បាន​បន្ថែម​ថា “គោល​បំណង​ទី​២ គឺ​ចង់​ដឹង​ថា​តើ​សមត្ថភាព​កិច្ចការ​ចុះ​ឈ្មោះ​ដោយ​ប្រើ​កុំព្យូទ័រ​ល្អ ឬ​មិន​ល្អ ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ទិន្នន័យ ការ​ផ្ទៀងផ្ទាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ការ​ចេញ​ឈ្មោះ​ស្ទួន”។

“សំខាន់​នោះ នឹង​ដឹង​ថា​តើ​សមត្ថភាព​នៃ​ការ​គ្រប់គ្រង​ទិន្នន័យ​ខ្លាំង​ល្មម​អាច​ទប់​ស្កាត់​អ្នក​ខាង​ក្នុង ឬ អ្នក​ខាង​ក្រៅ ពី​ការ​បំផ្លាញ​ទិន្នន័យ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បាន​ឬ​ទេ”។

លោក ប៊ុនរឿន បាន​និយាយ​ថា អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​គម្រោង​សាក​ល្បង​នេះ នៅ​តែ​ត្រូវ​មក​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​ក្រោយ​ដដែល។

ពលរដ្ឋ​កម្ពុជា​ជាច្រើន​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ដែល​មាន​សុពលភាព ដែល​ត្រូវ​មាន​សម្រាប់​ការ​ចុះ​ឈ្មោះ ប៉ុន្តែ​លោក​បាន​និយាយ​ថា ក្រសួង​មហាផ្ទៃ​នា​ពេល​ថ្មីៗ​នេះ​បាន​ចេញ​សេចក្តី​សម្រេច​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រើ​អត្តសញ្ញាណ​ប័ណ្ណ​ដែល​ផុត​កំណត់​ប្រើប្រាស់ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស