ក្រុមហ៊ុនអាកាសចរណ៍ បាសសាកា អែ៊រ (Bassaka Air) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងប្រគល់ប្រាក់ចំនួន២៤០ដុល្លារវិញដែលខ្លួនបានគិតថ្លៃពីជនពិការអង្គុយលើរទេះរុញម្នាក់ដែលត្រូវប្រើជណ្ដើរយន្តស្ទូចឡើងជើងហោះហើរមួយនៅក្នុងខេត្តសៀមរាបកាលពីខែកញ្ញា។
សេចក្ដីថ្លែងការណ៍នេះបញ្ជាក់ថា អ្នកដំណើររូបនោះត្រូវបានគិតថ្លៃសេវាប្រើប្រាស់ជណ្ដើរយន្តដោយសារការទំនាក់ទំនងគ្នាមិនច្បាស់លាស់រវាងក្រុមហ៊ុនអាកាស ចរណ៍មួយនេះ និងក្រុមហ៊ុនសេវាគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា (CAMS) ពាក់ព័ន្ធនឹងការប្រើប្រាស់សេវា “ជណ្ដើរយន្តស្ទូច”។
សេចក្ដីថ្លែងការណ៍ដដែលមានខ្លឹមសារដូច្នេះថា ”ឧប្បត្តិហេតុនេះកើតឡើងដោយ សារការទំនាក់ទំនង និងការជូនដំណឹងគ្នារវាងក្រុមហ៊ុនទាំងពីរមិនរលូន។ក្រុមហ៊ុន បាសសាកា អែ៊រ និងពង្រឹងការយកចិត្តទុកដាក់របស់ខ្លួនចំពោះការផ្ដល់សេវាល្អបំផុតដល់ជនពិការ ហើយនឹងលើកលែងការគិតថ្លៃសេវាបន្ថែមពីពួកគេឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
កាលពីថ្ងៃទី១៩ ខែកញ្ញា លោកស្រី Rahma Elsiddig Gasm ជាមន្ត្រីជនជាតិស៊ូដង់ម្នាក់មកពីអង្គការសកម្មភាពជនពិការ និងការអភិវឌ្ឍន៍អន្តរជាតិ (ADD) បានសុំជំនួយដើម្បីធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនកាសចរណ៍ បាសសាកា អ៊ែរ ពីខេត្តសៀមរាបមករាជធានីភ្នំពេញ។ បុគ្គលិកបានគិតថ្លៃពីលោកស្រី Rahma Elsiddig Gasm ពីព្រោះលោកស្រីមិនបានប្រាប់ពួកគេជាមុនថា លោកស្រីនឹងត្រូវប្រើសេវាកម្មជណ្តើរយន្តស្ទូចនេះ។
លោក ឯម ចាន់មករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការដែលបានផ្ញើលិខិតមួយច្បាប់ទៅ CAMS សុំឲ្យក្រុមហ៊ុននេះបញ្ជាក់ពីគោលការណ៍របស់ខ្លួនកាលពីថ្ងៃទី២៥ខែកញ្ញា បានលើកឡើងថា មានការយល់ ច្រឡំទាក់ទិនកិច្ចសន្យារវាងក្រុមហ៊ុន CAMS និង ក្រុមហ៊ុនអាកាសចរណ៍ បាសសាកា អ៊ែរ។
ពីមុនក្រុមហ៊ុនអាកាសចរណ៍នេះគិតថ្លៃសម្រាប់សេវាកម្មជណ្តើរយន្តស្ទួចនេះ ប៉ុន្តែ ឲឡូវ ក្រុមហ៊ុន CAMSបានលុបចោលវិញហើយ។
លោកបានថ្លែងថា “បាសសាកា អ៊ែរ មិនទទួលបានគោលការណ៍ថ្មីនេះទេ ដូច្នេះការពន្យល់របស់ខ្លួនទៅកាន់ [លោកស្រី Elsiddig Gasm] ធ្វើឡើងដោយមិនបានដឹងពីគោលការណ៍ថ្មីនេះ”។
លោក ខែក ណូរិនដា ប្រធានទំនាក់ទំនងសាធារណៈនៅក្រុមហ៊ុន CAMS បានថ្លែងថា បុគ្គលិកបាសសាកា អ៊ែរ បានដឹងពីគោលការណ៍ថ្មីនេះ ប៉ុន្តែ មានការយល់ច្រឡំ។
លោកបានថ្លែងថា ”ឧប្បត្តិហេតុនេះគឺដោយសារការបកស្រាយមិនបានត្រឹមត្រូវពីគោលការណ៍ថ្មីទាក់ទងការប្រើសេវាកម្មជណ្តើរយន្តស្ទួចសម្រាប់អ្នកដំណើរដែលជាជនពិការ”។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្រុមហ៊ុនអាកាសចរណ៍នេះ បានលើកឡើងថា ខ្លួននឹងប្រគល់ប្រាក់ជូនលោកស្រី Elsiddig Gasm សម្រាប់ការគិតថ្លៃសេវានេះតាមរយៈ ADD អន្តរជាតិ”៕ សារុន (រាយការណ៍បន្ថែមដោយ Meghan Tribe)