តុលាការក្រុងភ្នំពេញនៅថ្ងៃនេះបានបញ្ជាឲ្យមានការស៊ើបអង្កេតស្រាវជ្រាវឡើងវិញចំពោះវីដេអូឃ្លីប ដែលបង្ហោះលើហ្វេសប៊ុករបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលរងការចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ និងញុះញង់។
ក្រោយពីបើកសវនាការជំនុំជម្រះប្រហែល៣០នាទីនៅរសៀលនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ បានប្រកាសថា “ប្រគល់ការស៊ើបអង្កេតទៅចៅក្រមតុលាការរាជធានីភ្នំពេញ។ សម្រេចឲ្យភាគីជនជាប់ចោទដាក់កាលបរិច្ឆេទឲ្យបានច្បាស់អំពីឯកសារដែលដកចេញពីអ៊ិនធឺណិត និងសូមបញ្ជាក់ពីលេខម៉ាស៊ីន និងសម្ភារដល់តុលាការ”។
លោក ជួង ជូងី មេធាវីរបស់លោក សុខហួរ បានជំទាស់នឹងការចាត់របេៀបនេះ ដោយនិយាយថា តុលាការគួរតែបន្តសវនាការ។
លោក ជូងី បាននិយាយថា ”ការសម្រេចចាត់របៀបរបស់តុលាការក្រុងភ្នំពេញ មិនសមហេតុសមផលទេ ពីព្រោះគាត់មិនទាន់បានបង្ហាញភ័ស្តុតាងដោះបន្ទុកនៅឡើយទេ”។
ក្នុងសវនាការកាលពីថ្ងៃសុក្រ លោក សុខហួរ បានបដិសេធថាមិនបានក្លែងឯកសារទេ ដោយនិយាយថា លោកបានរកឃើញឯកសារនោះតាមអ៊ិនធឺណិតច្រើនឆ្នាំមកហើយ។
សមាជិកព្រឹទ្ធសភា អាយុ៥៩ឆ្នាំរូបនេះ ដែលទទួលបានការជ្រើសឲ្យធ្វើជាសមាជិកព្រឹទ្ធសភាសម្រាប់គណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០១២ ត្រូវបាននគរបាលប្រដាប់អាវុធចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យចាប់ខ្លួនលោកពាក់ព័ន្ធនឹងការបង្ហោះនៅលើទំព័រហ្វេសប៊ុក ដែលបង្ហាញអំពីសន្ធិសញ្ញាព្រំដែនក្លែងក្លាយ។
លោក សុខហួរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធនាការកន្លងមករបស់គណបក្សសង្គ្រោះជាតិ ដើម្បីលាតត្រដាងការទន្ទ្រានរបស់វៀតណាមចូលកម្ពុជា៕