ព្រះរាជអាជ្ញារងអមសាលាដំបូងរាជ ធានីភ្នំពេញបានសម្រេចមិនបន្តករណីចោទប្រកាន់ពីបទព្រហ្មទណ្ឌលើម្ចាស់ក្លឹបកំពុងគេចខ្លួនម្នាក់ ដែលនគរបាលនិយាយថា គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះការស្លាប់មនុស្ស ៦នាក់ ដោយសារអគ្គិភ័យនៅក្នុងក្លឹបកាលពីថ្ងៃទី៧ ខែកញ្ញា។
យោងតាមនគរបាលបានឲ្យដឹងថា លោក ផុន ប៊ុនធឿន អាយុ៣៦ឆ្នាំដែលជាម្ចាស់ក្លឹបឃីនៅក្នុងខណ្ឌមានជ័យបានគេចខ្លួនមិនយូរប៉ុន្មាន បន្ទាប់ពីអគ្គិភ័យដែលកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនីក្នុងម៉ាសីុនបាញ់ផ្សែងបានឆាបឆេះផ្នែកខាងក្នុងអគារ ហើយធ្វើឲ្យបុគ្គលិក និងអ្នកមកលេងកម្សាន្តក្លឹបរត់ចែកជើងគ្នាទៅរកច្រកចេញបន្ទាន់ដែលមានតែមួយគត់។
បុគ្គលិកស្រីពីរនាក់ និងក្មេងស្រីជំទង់បីនាក់បានស្លាប់នៅក្នុងអគ្គិភ័យនេះ រីឯសន្តិ សុខម្នាក់បានរងរបួសរលាកខ្លាំងលើដងខ្លួន។
វាគឺជាអគ្គិភ័យលើកទី២ដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងក្លឹបឃីក្នុងរយៈពេលមិនដល់ពីរឆ្នាំផង។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ មនុស្សបីនាក់បានស្លាប់ពេលផ្កាភ្លើង ដែលកើតចេញពីកម្មករផ្សារដែក បានឆាបឆេះសាឡុង ប៉ុន្តែ ក្លឹបនេះ ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ។ ក្នុងករណីទាំងពីរលើកនេះ នគរបាលបាននិយាយថា ការស្លាប់គឺបណ្តាលមកពីខ្វះច្រកចេញ។
ក្រោយពេលគេចពីនគរបាលប៉ុន្មានសប្តាហ៍បន្ទាប់ហេតុការណ៍ជាលើកទី២នេះលោក ផុន ប៊ុនធឿន បានបញ្ជូនតំណាងឲ្យទៅ ជួបជាមួយក្រុមគ្រួសារជនរងគ្រោះ ហើយផ្តល់សំណងដល់ពួកគាត់ ដោយសង្ឃឹមថា ពួកគាត់នឹងដកពាក្យបណ្តឹងផ្លូវច្បាប់របស់ខ្លួនវិញ។
ប៉ុន្តែ ការចរចាមិនបានត្រូវរ៉ូវគ្នាទេ ហើយ នៅថ្ងៃទី២៩ ខែកញ្ញា ក្រុមគ្រួសារជនរងគ្រោះរួមជាមួយសន្តិសុខម្នាក់ទៀតដែលកំពុងព្យាបាលដោយសារការរលាកដងខ្លួនខ្លាំងនៅឡើយនោះ បានដាក់ពាក្យប្តឹងម្ចាស់ក្លឹបនេះទៅកាន់សាលាដំបូងរាជធានី នេះបើយោងតាមលោក ម៉េង វិមានតារា អធិការ រងនគរបាលខណ្ឌមានជ័យ។
តែទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ដែលធ្លាប់ចាត់ទុកអគ្គិភ័យនេះថា ជា ”ករណីប្រធានស័ក្តិ” បានលើកឡើង ថា ក្រុមគ្រួសារជនរងគ្រោះបានទទួលសំណង ពីតំណាងរបស់លោក ផុន ប៊ុនធឿន នៅធិការដ្ឋាននគរបាលខណ្ឌ ហើយបានដកពាក្យបណ្តឹងវិញ។
លោក ខាំ សុផារី បានលើកឡើងថា លោកមិនចាំពេលដែលក្រុមគ្រួសារជនរងគ្រោះទទួលប្រាក់ ឬដកពាក្យបណ្តឹងរបស់ខ្លួនវិញឡើយ ប៉ុន្តែ ថា សន្តិសុខដែលរួចជីវិតឈ្មោះ ខុម ចាន់នុត បានដកពាក្យបណ្តឹងរបស់ខ្លួនកាលពីម្សិលមិញ ដោយយល់ព្រមទទួលយកសំណងចំនួន៥.០០០ដុល្លារ។
លោកបានមានប្រសាសន៍ថា ”ខ្ញុំមិនដឹងថា តើប្រាក់ចំនួនប៉ុន្មានដែលក្រុមគ្រួសារជនរងគ្រោះទទួលបានឡើយ ព្រោះក្រុមគ្រួសារ ជនរងគ្រោះបានសម្របសម្រួលដោយទទួលបាន [ជំនួយ] ពីនគរបាល។ ឥឡូវខ្ញុំមានឯកសារទាំងអស់ពីក្រុមគ្រួសារជនរងគ្រោះដែលស្នើសុំដកពាក្យបណ្តឹងរបស់ខ្លួនវិញ”។
លោកបានបន្ថែមថា “ដោយសារមានការសម្របសម្រួលគ្នារវាងតំណាងម្ចាស់ក្លឹប និងក្រុមគ្រួសារជនរងគ្រោះ តុលាការនឹងបិទសំណុំរឿងនេះ។ តុលាការគ្មានមូលហេតុចោទប្រកាន់ម្ចាស់ក្លឹបទេ ព្រោះនេះជាឧបទ្ទវ ហេតុ។ តែទោះជាយ៉ាងណា លោក ម៉េងវិមានតារា បានជំទាស់នឹងការលើកឡើងរបស់លោក ខាំ សុផារី កាលពីម្សិលមិញ ហើយ ថានគរបាលនៅតែចាត់ទុកលោក ផុន ប៊ុន ធឿន ជាជនដែលសមត្ថកិច្ចតាមចាប់ខ្លួនដដែល។
លោកបានមានប្រសាសន៍ថា ” ប្រសិនបើក្រុមគ្រួសារជនរងគ្រោះ និងតំណាងម្ចាស់ក្លឹបសម្របសម្រួលគ្នានៅអធិការដ្ឋាន ខ្ញុំប្រហែលជាបានដឹងបញ្ហានេះហើយ។ យើង ព្យាយាមដោះស្រាយបញ្ហាទាំងនេះ ប៉ុន្តែ មិន ទាន់ឈានដល់ការសម្របសម្រួលគ្នាទេ”។
លោក ម៉េង វិមានតារា បានលើកឡើង ទៀតថា នគរបាលបានផ្អាកការតាមរកចាប់ខ្លួនលោក ផុន ប៊ុនធឿន ពេលក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យប្តឹងគាត់កាលពីខែមុន ដោយទុកឲ្យតុលាការដោះស្រាយសំណុំរឿងនេះវិញ។ លោកបានមានប្រសាសន៍ ថា ”យើងនឹងតាមចាប់ខ្លួនម្ចាស់ក្លឹបនេះនៅពេលតុលាការចេញដីកាចាប់ខ្លួន”។
អ្នកស្រី ដួង ស្រីមុំ ដែលត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះ សៅ មេសា អាយុ១៨ឆ្នាំដែលបានស្លាប់នៅក្នុងអគ្គិភ័យនេះជាមួយមិត្តភក្តិពីរនាក់ទៀត បានបដិសេធមិនឆ្លើយសំណួរអំពីសំណុំរឿងនេះឡើយ ទោះបីជាបាននិយាយដោយបើកចំហពីបំណងចរចាជាមួយលោក ផុន ប៊ុនធឿន នាពេលកន្លងមកក៏ដោយ។
លោកស្រីបាននិយាយថា “ប្រសិនបើអ្នកចង់ដឹងរឿងអំពីឧបទ្ទវហេតុនេះ សូមទូរស័ព្ទទៅនគរបាលទៅ។ ខ្ញុំមិនដឹងអ្វីទេ”៕ ស៊ុយឈាង