38 C
Phnom Penh

សហគមន៍​​ខ្មែរ​អុិស្លាម​​ដាក់​ញត្តិ​​​​​ស្នើ​​ឲ្យ​តុលាការ​​​​ដោះ​លែង​​​​​​​ស្ត្រី​ពីរ​នាក់​បង​ប្អូន​ដែល​ជាប់ពន្ធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​​មេធាវី​​របស់​​ស្ត្រី​​ពីរ​នាក់​បងប្អូន​ដែល​​​​​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចាប់​បង្ខាំង និង​ធ្វើ​សញ្ចរកម្ម​​​ក្មួយ​ស្រី​​វ័យ​១៣​ឆ្នាំ​របស់​ខ្លួន ​បាន​ដាក់​ញត្តិ​​មួយ​ច្បាប់​​​​ដែល​​មាន​ស្នាម​ផ្ដិត​មេដៃ​​របស់​ប្រជាជន​ចំនួន​១៤៤​នាក់​​ក្នុង​សហគមន៍​របស់​​ពួកគេ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ពួកគេ​ទាំង​ពីរ​។

ប្រជាជន​ដែល​បាន​​​ផ្ដិត​មេដៃ​ទាំង​នោះ ​​​រស់នៅ​ក្នុង​សង្កាត់​​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សី​កែវ ដែល​​មាន​ខ្មែរ​អុិស្លាម​ភាគច្រើន​ ​ហើយ​ពួកគេ​​​បាន​​​​សម្ដែង​មតិ​ប្រឆាំង​យ៉ាង​ខ្លាំង​​​នឹង​ការ​សម្រេច​របស់​​សមត្ថកិច្ច​​ក្នុង​ការ​ផ្ដន្ទា​ទោស​ឈ្មោះ ជា ស្រស់ អាយុ​៣២​​ឆ្នាំ និង​ឈ្មោះ​​ ជា ទីណា អាយុ​២៧​ឆ្នាំ ដែល​ត្រូវ​បាន​​​ចាប់​ខ្លួន​កាលពី​ខែ​សីហា។

បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​​​​​​ចោទ​​​ប្រកាន់​ពីបទ​ចាប់​បង្ខាំង​មនុស្ស​​ដោយ​ខុស​ច្បាប់​ និង​ធ្វើ​សញ្ចរកម្ម​ពេស្យាចារ​កុមារ​​ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​១.០០០​ដុល្លារ​ ដើម្បី​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​​​រស់​នៅ​ក្នុង​មូលដ្ឋាន​រួម​រ័ក​ជាមួយ​ក្មួយ​ស្រី​របស់​ខ្លួន​រយៈពេល​១ឆ្នាំ។ ​​បុរស​​​ដែល​ជាប់​​ពាក់​ព័ន្ធ​ឈ្មោះ ឈិន ឆៃលី អាយុ​​៣៦​ឆ្នាំ ​ត្រូវ​​បាន​ចោទ​ប្រកាន់​ពីបទ​ទិញ​ពេស្យាចារ​កុមារ។

លោកស្រី ពឹង យក់ហៀប មេធាវី​របស់​ជន​សង្ស័យ​បាន​លើក​ឡើង​ថា លោកស្រី​​បាន​​​​​​ដាក់​ញត្តិ​នេះ​​​ជូន​ទៅ​ចៅក្រម​​ស៊ើបសួរ​កាល​ពី​ព្រឹកម្សិលមិញ។ លោកស្រី​​​មាន​ប្រសាសន៍​ថា “​ពួកគាត់​ចង់​បង្ហាញ​ថា​ ជន​សង្ស័យ​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​លើ​ក្មេងស្រី​​​​​ដូច​ការ​​​ចោទ​ប្រកាន់​នោះ​ទេ​។ ចៅក្រម​នឹង​សាក​​សួរ​​​ពួកគាត់ [អ្នកស្រុក​] ហើយ​ប្រសិន​បើ​ចៅ​ក្រម​​​រក​​ឃើញ​ថា ការ​លើក​ឡើង​របស់​ពួកគាត់​ត្រឹម​​​ត្រូវ​ ចៅក្រម​អាច​នឹង​ដោះលែង​​ជន​សង្ស័យ​ឲ្យ​នៅ​ក្រៅ​ឃុំ”។

នៅ​ក្នុង​ញត្តិ​នេះ​​ អ្នក​ដែល​បាន​ផ្ដិត​មេដៃ​​បាន​លើក​ឡើង​​ជា​ទឡ្ហីករណ៍​ថា បង​ប្អូន​ស្រី​​ទាំង​ពីរ​​ជាមនុស្ស​ល្អ ហើយ​សំណុំរឿង​របស់​ពួកគេ​​​សម​តែ​មាន​​ការ​ពិនិត្យ​​ពិច័យ​បន្ថែម​ទៀត​។ ញត្តិ​នេះ​​លើក​ឡើង​ថា ប្រជាជន​ក្នុង​សហគមន៍​របស់​ពួកគេ​​ក៏​មាន​វត្តមាន​ចូល​រួម​ដែរ អំឡុង​ពិធី​ភ្ជាប់​ពាក្យ​របស់​​ក្មេងស្រី​​រង​គ្រោះ​វ័យ​១៣​ឆ្នាំ​ជាមួយ​បុរស​ឈ្មោះ​ ឈិន ឆៃលី ប៉ុន្តែ​​​មិន​​បញ្ជាក់​ថា តើ​បុរស​រូប​នេះ​​​គួរ​ទទួល​បាន​ការ​ដោះលែង​ឬយ៉ាង​ណា​​ឡើយ​។

បុរស​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា ​រួម​ជាមួយ​ស្ត្រី​ទាំង​ពីរ​នាក់​បង​ប្អូន​ដែល​​​​ជាប់​ចោទ​ពីបទ​​​ដាក់​ច្រវាក់​ក្មួយស្រី​របស់​ខ្លួន​​ភ្ជាប់​នឹង​រនាប​ផ្ទះ​របស់​ពួកគេ​​​ជាច្រើន​ថ្ងៃ​ក្នុង​មួយ​លើក​។

ទោះ​ជាយ៉ាង​ណា ​លោក កែវ ធា ​នាយ​ការិយាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​​នៃ​ស្នងការដ្ឋាន​នគរ​បាល​​រាជធានី​ភ្នំពេញ​ មាន​​​ប្រសាសន៍​ថា ​បទ​ល្មើស​​តាម​​​ការ​ចោទ​ប្រកាន់​ខាង​លើ​ មិន​បាន​កើត​ឡើង​នៅ​ផ្ទះ​របស់​ពួកគេ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​១​ទេ។

លោក​បាន​បន្ត​ថា “​ពួកគេ​ [បងប្អូនស្រី​​ទាំង​​​ពីរ​] បាន​នាំ​ក្មេងស្រី​រង​គ្រោះ​​ទៅ​ផ្ទះ​សំណាក់​មួយ​ដែល​នៅ​ក្រៅភូមិ​ [ដើម្បី​រួម​រ័ក​ជាមួយ​​​ឈ្មោះ ឈិន ឆៃលី]។ សូម​តុលាការ​ពិចារណា​ហើយ​សម្រេច​ថា តើ​វា​​​ [ញត្តិ​]​ មាន​តម្លៃ​ទេ”។ លោក​បាន​គូស​បញ្ជាក់​ថា ​ជន​សង្ស័យ​​​​ទាំង​បី​សុទ្ធ​តែ​សារភាព​ទទួល​កំហុស​ ហើយ​​​ចម្លើយ​របស់​ពួកគេ​​ស៊ីគ្នា​ទៅ​នឹង​​ចម្លើយ​​​របស់​ជន​រងគ្រោះ។

លោកស្រី សូ ហ្វារីណា ​ប្រធាន​គម្រោង​ថែរក្សា​​អត្តសញ្ញាណ​ជនជាតិ​ចាម ​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​​ខណៈ​​ទាម​ទារ​ឲ្យ​មាន​​ការ​យល់​ព្រម​ពី​ភាគី​ទាំង​​ពីរ​​មុន​ពេល​​ភ្ជាប់​ពាក្យ​ក្នុង​សហគមន៍​ខ្មែរ​​អុិស្លាម​ក្នុង​ប្រទេស​កម្ពុជា​នោះ​ ”​កត្តា​ខាង​ក្រៅ​​​​អាច​ជំរុញ​ឲ្យ​ [ពួកគេ​] និយាយ​ថាយល់​ព្រម។ ក្ដី​បារម្ភ​របស់​ខ្ញុំ [ចំពោះ​សំណុំរឿង​នេះ​] គឺ​ការ​បក​ស្រាយ​​​របស់​​​សាសនា​អុិស្លាម និង​ចំណេះ​​ដឹង​​​​របស់​អុីម៉ាំ ដែល​អាច​​ប៉ះពាល់​ដល់​ការ​សម្រេច​​​ចិត្ត​​​ និង​មាន​ឥទ្ធិពល​លើ​​មតិយោបល់​របស់​សហគមន៍​។ ​ច្បាប់​សាសនា​អុិស្លាម​ក៏​​ដូច​ច្បាប់​ខ្មែរ​ដែរ គឺ​កាន់​ជើង​បុរសៗ…។ មូស្លីម​នៅ​​​​កម្ពុជា​​​​ប្រកាន់​កណ្ដាល ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​​ការ​អនុវត្ត​គឺ​​នៅ​តែ​មាន​​​ការ​អភិរក្ស​ខ្លាំង​នៅ​ឡើយ”។

ទាក់​ទង​​បញ្ហា​នេះ លោក ស្ទីវ ផិនហ្វូល (Steve Penfold) នាយក​អង្គការ​​ហាហ្គា​កម្ពុជា (Hagar Cambodia) ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដែល​​ជួយ​ស្ត្រី​ និង​កុមារ​​ដែល​​ទទួល​រង​​ការ​រំលោភ​បំពាន​សិទ្ធិ បាន​មាន​ប្រសាសន៍​ថា ខណៈ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ជុំវិញ​ករណី​ក្មេងស្រី​វ័យ​១៣​ឆ្នាំ​នេះ វា​ជា​រឿង​​ធម្មតា​ទៅ​ហើយ​​សម្រាប់​សហគមន៍​​នានា​​នៅ​​ប្រទេស​​នេះ​ក្នុង​ការ​គាំទ្រ​ជន​ជាប់​ចោទ​​ពីបទ​​រំលោភ​បំពាន​ផ្លូវ​ភេទ។ លោក​ថ្លែង​​​​​ថា “​យើង​​ពិត​ជា​មើល​ឃើញ​សហគមន៍​នានា​​ព្យាយាម​ជួយ​ជន​ល្មើស​​​ដោយ​​មិន​ដឹង​ពី​​ការ​​ប៉ះពាល់​​​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​រយៈ​ពេល​វែង​​ដែល​កើត​មាន​ចំពោះ​បុគ្គល​ម្នាក់​​​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស