27 C
Phnom Penh

ជនភៀសខ្លួនរ៉ូហុីងយ៉ាទំនងជា ត្រឡប់ទៅប្រទេសភូមាវិញហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់ ដែល​បាន​មក​ដល់​ក្រុង​ភ្នំពេញ​កាលពី​ខែ​មិថុនា ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​អូស្ត្រាលី ទំនង​ជា​នឹង​ត្រឡប់​ទៅ​ប្រទេស​ភូមា​វិញ​ហើយ បន្ទាប់ពី​ស្នើ​សុំ​ទៅ​ស្រុក​វិញ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា បុរស​រ៉ូហ៊ីងយ៉ា ដែល​យោង​តាម​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា បាន​ស្នើ​សុំ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ពីព្រោះ​គាត់​នឹក​ស្រុក​កំណើត​នោះ គ្រោង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​វិញ​នៅ​ថ្ងៃ​អាទិត្យ។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា “គាត់ [ត្រូវ] ទៅ​ប្រទេស​ភូមា​វិញ​នៅ​ថ្ងៃ​ទី​១១​ខែ​តុលា។ ប៉ុន្តែ​ដោយសារ​ជា​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​មិន​ដឹង ថា​តើ​បាន​ទៅ ឬ មិន​បាន​ទៅ​នោះ​ទេ”។

នាយ​ឧត្តម​សេនីយ៍ សុភ័គ បាន​បង្វែរ​សំណួរ​ទៅ​ស្ថានទូត​ភូមា​ប្រចាំ​ក្រុង​ភ្នំពេញ។ លោក ម៉ឺ តេត គីគាវ (Moe Htet Kyaw) លេខា​ទី​២​នៅ​ស្ថានទូត​ដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​សំណើ​របស់​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​ស្រុក​វិញ​កាលពី​ខែ​មុន​នោះ មិន​អាច​ទាក់ទង​បាន​ទេ។

លោក តាន់ សុវិជ្ជា ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា បុរស​នោះ​មាន​ឯកសារ​ធ្វើ​ដំណើរ​ទាំងអស់​ដែល​គាត់​ត្រូវការ​ចាំបាច់​ដើម្បី​ធ្វើ​ដំណើរ ប៉ុន្តែ​មិន​បាន​ដឹង ថា​តើ​គាត់​ពិត​ជា​បាន​ចាក​ចេញ​ហើយ​ឬ​យ៉ាងណា​ទេ។

លោក​បាន​និយាយ​ថា “គាត់​អាច​ទៅ​ដោយ​ខ្លួន​ឯង យើង​មិន​បញ្ជូន​គាត់​ទេ។ គាត់​អាច​ចាកចេញ​រួច​ទៅ​ហើយ ខ្ញុំ​មិន​ប្រាកដ​ទេ”។

បុរស​រូប​នេះ​ស្ថិត​ក្នុង​ចំណោម​ជន​ភៀសខ្លួន​បួន​នាក់​ដែល​បាន​មក​ដល់​កម្ពុជា​ពី​ប្រទេស​ណូរូ ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​ប្រទេស​កម្ពុជា​សម្រេច​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​មុន ដើម្បី​ទទួល​យក​ជន​ភៀសខ្លួន​មួយ​ចំនួន​ក្នុង​ចំណោម​ជនភៀសខ្លួន​រាប់​រយ​នាក់ ដែល​ប្រទេស​អូស្ត្រាលី​កំពុង​ឃាត់ទុក​នៅ​ប្រទេស​កោះ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង ជា​ថ្នូរ​នឹង​ជំនួយ​បន្ថែម​៤០​លាន​ដុល្លារ​អូស្ត្រាលី។

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា សំណើ​របស់​បុរស​រ៉ូហ៊ីងយ៉ា​សុំ​វិល​ទៅ​ប្រទេស​ភូមា​វិញ ដែល​ក្រុម​ជនជាតិ​ភាគតិច​មូស្លីម​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​និង​ក្រុម​ពុទ្ធ​សាសនិក​ជាតិ​និយម​នោះ ជា​ភ័ស្តុតាង​នៃ​បរាជ័យ​ក្នុង​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ផ្តល់​ឲ្យ​ជន​ភៀសខ្លួន​លើ​កោះ​ណូរូ នូវ​ជម្រើស​តាំង​លំនៅ​ថ្មី​ដែល​អាច​រស់​បាន។

ប្រទេស​អូស្ត្រាលី ដែល​បាន​ឃាត់​ជន​ចំណាក​ស្រុក​នៅ​ឯ​សមុទ្រ នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ទៅ​ឲ្យ​ដល់​ប្រទេស​របស់​ខ្លួន​នោះ មិន​ព្រម​ទទួល​យក​ពួកគេ​ទេ។

តាំងពី​មកដល់​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា ក្រុម​មាន​គ្នា​បួន​នាក់​នេះ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ក្នុង​ភូមិគ្រឹះ​មួយ​នៅ​ក្រុង​ភ្នំពេញ ដោយ​ប្រទេស​អូស្ត្រាលី ដែល​ព្រម​ចេញ​ចំណាយ​ទាំងអស់​សម្រាប់​ការ​តាំង​លំនៅ​ថ្មី​ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ និង​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ដែល​ព្រម​ជួយ​ពួកគេ​សម្រួល​ដល់​ការ​រស់​នៅ​ក្នុង​ប្រទេស​ថ្មី។

កិច្ចព្រមព្រៀង​ដែល​ប្រទេស​កម្ពុជា​និង​ប្រទេស​អូស្ត្រាលី​បាន​ចុះ​ហត្ថលេខា បាន​ចែង​ថា ជនភៀសខ្លួន​ណា​ដែល​យល់​ព្រម​តាំង​លំនៅ​ថ្មី​នៅ​ទី​នេះ នឹង​ត្រូវ​ផ្តល់​ការ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ក្រុង​ភ្នំពេញ រហូត​ដល់​ពួកគេ​ទទួល​បាន​ជំនាញ​ភាសា​ខ្មែរ “ជា​មូលដ្ឋាន” ហើយ​បន្ទាប់មក​ទទួល​បាន​ជំនួយ​ក្នុង​ការ​ស្វែងរក​កន្លែង​ស្នាក់​អាស្រ័យ​ថ្មី។ យ៉ាងណា​ក៏ដោយ រដ្ឋាភិបាល​កម្ពុជា​និង IOM ក្រោយមក​បាន​ចេញ​របាយការណ៍​មិន​ត្រូវ​គ្នា​អំពី​ថា​តើ ពួកគេ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ឬ​យ៉ាងណា​នោះ។

កាលពី​ថ្ងៃ​អង្គារ លោក ចូ ឡូរី អ្នកនាំពាក្យ IOM ប្រចាំ​តំបន់ បាន​និយាយ​ថា ការ​ចាកចេញ​ពី​ភូមិគ្រឹះ​នោះ​ដោយ​ជន​ភៀសខ្លួន​បី​នាក់​ផ្សេង​ទៀត​ក្នុង​ក្រុម​នេះ ដែល​សុទ្ធតែ​ជនជាតិ​អីុរ៉ង់ ក្នុង​នោះ​មាន​ប្តី​ប្រពន្ធ​មួយ​គូ​ផង “ជិត​នឹង​ធ្វើ​ឡើង​ហើយ” ប៉ុន្តែ​បាន​បដិសេធ​មិន​បញ្ជាក់​ច្បាស់លាស់​ទេ។

នាយ​ឧត្តមសេនីយ៍ សុភ័គ បាន​មាន​ប្រសាសន៍​ថា លោក​គិត​ថា​ជនភៀសខ្លួន​នឹង​ចាក​ចេញ “ក្នុង​ពេល​ឆាប់ៗ​នេះ” ប៉ុន្តែ​ថា លោក​មិន​ដឹង​ថា​នៅ​ពេល​ណា​ជាក់លាក់​ទេ ឬ​ទៅ​ទីណា​ឡើយ។

កាលពី​ថ្ងៃ​ទី​១​ខែ​តុលា លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បាន​យល់​ព្រម​ទទួល​យក​ជនភៀសខ្លួន​ក្រុម​ទី​២​ពី​កោះ​ណូរូ ជា​បុរស​រ៉ូហ៊ីងយ៉ា​ពីរ​នាក់​ទៀត បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នា​ពេល​ថ្មីៗ​ទៅ​កោះ​នេះ​ដោយ​គណៈប្រតិភូ​កម្ពុជា​មួយ​ក្រុម។

កាលពី​ថ្ងៃ​អង្គារ នាយ​ឧត្តមសេនីយ៍ សុភ័គ បាន​មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ដឹង ថា​នៅ​ពេលណា ពួកគេ​ទាំង​នោះ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស