31.8 C
Phnom Penh

អង្គការអន្តរជាតិថ្កោលទោស ការយាយីអ្នកការពារ សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​​​ឃ្លាំ​​​​​​មើល​​​​​​ដើម្បី​​​ការ​​​ពារ​​​​​​​​​អ្នក​​​ការ​​​ពារ​​​សិទ្ធ​​​ិ​​​មនុស្ស​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្រុង​​​ហ្ស៊ឺ​​​ណែវ​​​ បាន​​​អំពាវ​​​នាវ​​​​​​ដល់​​​សាធារ​​​ណជន​​​ ដើម្បី​​​ជំរុញ​​​​​​អាជ្ញាធរ​​​កម្ពុជា​​​​​​ឲ្យ​​​បញ្ចប់​​​​​​ការ​​​យាយី​​​ដោយ​​​ប្រព័ន្ធ​​​តុលាការ​​​​​​ទៅ​​​លើ​​​អ្នក​​​ការពារ​​​​​​សិទ្ធ​​​មនុស្ស​​​​​​ដ៏​​​លេច​​​ធ្លោ គឺ​​​លោក នី ចរិយា ដែល​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​​​​បរិហា​​​​​​កេរ្តិ៍​​​ និង​​​​​​ការ​​​ប៉ុនប៉ង​​​​​​ដាក់​​​សម្ពាធ​​​លើ​​​មន្ត្រី​​​តុលាការ។

កាល​​​ពី​​​ខែ​​​ឧសភា លោក ចរិយា ប្រធាន​​​​​​​​​ផ្នែក​​​ស៊ើប​​​អង្កេត​​​​​​សិទ្ធ​​​មនុស្ស​​​អង្គ​​​ការ​​​អាដ​​​ហុក បាន​​​ដាក់​​​ពាក្យ​​​​​​បណ្តឹង​​​​​​ប្រឆាំង​​​នឹង​​​​​​ចៅ​​​ក្រម​​​​​​ម្នាក់​​​ និង​​​ព្រះ​​​រាជ​​​អាជ្ញា​​​ម្នាក់​​​​​​នៅ​​​តុលាការ​​​ខេត្ត​​​សៀម​​​រាប ដោយ​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​​​​ថា​​​បាន​​​ដាក់​​​គុក​​​​​​កសិករ​​​ពីរ​​​នាក់​​​ដោយ​​​ខុស​​​ច្បាប់ ដោយ​​​សារ​​​តែ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​​​​ក្រុម​​​ហ៊ុន​​​​​​កសិ​​​ឧស្សាហកម្ម​​​មួយ។​​​​​​​​​​​​

មន្ត្រី​​​តុលាការ​​​បាន​​​តតប​​​វិញ​​​ ដោយ​​​ប្តឹង​​​លោក ចរិយា ហើយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៣ ខែ​​​កក្កដា អ្នក​​​ការ​​​ពារ​​​សិទ្ធិ​​​​​​មនុស្ស​​​រូប​​​នេះ ត្រូវ​​​បាន​​​តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​​​​កោះ​​​ហៅ​​​​​​​​​ដើម្បី​​​សាក​​​សួរ​​​​​​​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ដែល​​​លោក​​​បាន​​​​​​លើក​​​ឡើង​​​​​​​​​ក្នុង​​​ពេល​​​​​​ធ្វើ​​​សន្និ​​​សីទ​​​កាសែត​​​ពីរ​​​លើក​​​។ លោក ចរិយា ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ប៉ុន្មាន​​​ម៉ោង​​​ក្រោយ​​​មក ប៉ុន្តែ​​​នៅ​​​មាន​​​សេរី​​​ភាព​​​នៅ​​​ឡើយ។

ក្នុង​​​ការ​​​អំពាវ​​​នាវ​​​​​​ជា​​​បន្ទាន់​​​មួយ​​​ទៅ​​​សាធារណជន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ អង្គការ​​​ឃ្លាំ​​​មើល​​​ បាន​​​សរសេរ​​​ថា ខ្លួន​​​”បាន​​​ទទួល​​​ដំណឹង​​​​​​ពី​​​ប្រ​​​ភព​​​គួរ​​​ឲ្យ​​​ជឿ​​​ទុក​​​ចិត្ត​​​អំពី​​​​​​ការ​​​យាយី​​​​​​ដោយ​​​​​​ប្រព័ន្ធ​​​តុលាការ​​​​​​ជា​​​បន្ត​​​បន្ទាប់​​​ទៅ​​​លើ​​​លោក ចរិយា”។​​​​​​​​​​​​​​​​​​

សេចក្តី​​​អំពាវ​​​នាវ​​​សរសេរ​​​ថា “អង្គការ​​​ឃ្លាំ​​​មើល​​​​​​​​​សូម​​​ថ្កោល​​​ទោស​​​យ៉ាង​​​ខ្លាំង​​​​​​ចំពោះ​​​​​​ការ​​​យាយី​​​តាម​​​ប្រព័ន្ធ​​​តុលាការ​​​ជា​​​បន្ត​​​បន្ទាប់​​​​​​ដល់​​​លោក នី ចរិយា​​​ ដែល​​​​​​គ្រាន់​​​តែ​​​មាន​​​បំណង​​​​​​ដាក់​​​ទណ្ឌ​​​កម្ម​​​​​​លើ​​​សកម្ម​​​ភាព​​​សិទ្ធ​​​ិ​​​មនុស្ស​​​ស្រប​​​ច្បាប់​​​របស់​​​លោក និង​​​សូម​​​អំពាវ​​​នាវ​​​ដល់​​​អាជ្ញា​​​ធរ​​​កម្ពុជា​​​​​​បញ្ឈប់​​​​​​សកម្ម​​​ភាព​​​នេះ​​​ជា​​​បន្ទាន់”។​​​​​​​​​

ការ​​​អំពាវ​​​នាវ​​​​​​ក៏​​​បាន​​​​​​កត់​​​​​​សម្គាល់​​​​​​​​​ថា ការ​​​ប៉ុនប៉ង​​​របស់​​​តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​​​​ក្នុង​​​ការ​​​កោះ​​​ហៅ​​​​​​លោក ចរិយា​​​​​​​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​កាល​​​ពី​​​សប្តាហ៍​​​មុន ដោយ​​​យក​​​ដីកា​​​កោះ​​​​​​ដល់​​​ផ្ទះ​​​របស់​​​លោក នៅ​​​ពេល​​​ដែល​​​លោក​​​​​​មិន​​​នៅ​​​ផ្ទះ ​​​បាន​​​ធ្វើ​​​ឡើង​​​​​​ដោយ​​​បំពាន​​​នឹង​​​​​​ក្រម​​​នីតិ​​​វិធី​​​ព្រហ្ម​​​ទណ្ឌ​​​។​​​

សេចក្តី​​​អំពាវ​​​នាវ​​​​​​​​​បាន​​​សរសេរ​​​ថា “ដីកា​​​ត្រូវ​​​បញ្ជូន​​​ផ្ទាល់​​​​​​ដល់​​​អ្នក​​​ពាក់​​​ព័ន្ធ ដែល​​​ត្រូវ​​​ចុះ​​​ហត្ថ​​​លេខា​​​ ឬ​​​ផ្តិត​​​មេដៃ​​​លើ​​​ឯកសារ​​​ ក្នុង​​​គោល​​​បំណង​​​​​​បញ្ជាក់​​​​​​ថា​​​ទទួល​​​បាន​​​ដីកា។​​​ ហេតុ​​​ការណ៍​​​ដែល​​​ថា ដីកា​​​ត្រូវ​​​បាន​​​ប្រគល់​​​ជូន​​​ប្រ​​​ពន្ធ​​​​​​របស់​​​​​​​​​លោក នី ចរិយា គឺ​​​ជា​​​ការ​​​បំពាន​​​ទាំង​​​ស្រុង​​​​​​​​​ទៅ​​​នឹង​​​​​​ក្រម​​​នីតិ​​​វិធី​​​​​​ព្រហ្ម​​​ទណ្ឌ”។

ទាក់​​​ទង​​​កាល​​​ពី​​​ម្សិល​​​មិញ ចៅ​​​ក្រម​​​ស៊ើប​​​អង្កេត​​​ លោក​​​ វ៉េង ហ៊ត់ បាន​​​បញ្ជាក់​​​សា​​​ជា​​​ថ្មី​​​ថា លោក ចរិយា​​​គួរ​​​​​​តែ​​​គោរព​​​តាម​​​​​​ដីកា​​​កោះ ហើយ​​​និយាយ​​​ថា ប្រសិន​​​បើ​​​អ្នក​​​ការ​​​ពារ​​​​​​សិទ្ធិ​​​មនុស្ស​​​រូប​​​នេះ​​​​​​មិន​​​ចូល​​​ខ្លួន​​​​​​ទៅ​​​តុលាការ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២១ ខែ​​​តុលា​​​​​​ទេ លោក​​​នឹង​​​ត្រូវ​​​នាំ​​​ខ្លួន​​​​​​​​​ដោយ​​​កម្លាំង​​​។

​​​​​​​​​​​​​​​​​​ចៅ​​​​​​ក្រម​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “គាត់​​​នឹង​​​ត្រូវ​​​នាំ​​​ខ្លួន[មក​​​តុលាការ] ហើយ​​​ប្រសិន​​​បើ​​​​​​​​​គាត់​​​មិន​​​មក​​​ទេ​​​ មាន​​​វិធី​​​ផ្សេង​​​ទៀត​​​​​​គឺ​​​ត្រូវ​​​​​​ចាប់​​​ខ្លួនគាត់”។​​​​​​​​​

លោក ចរិយា បាន​​​និយាយ​​​ថា តុលាការ​​​មិន​​​មាន​​​ការ​​​ទាក់​​​ទង​​​លោក​​​ ឬ​​​មេធាវី​​​របស់​​​លោក​​​ទៀត​​​ទេ​​​​​​ ចាប់​​​តាំង​​​ពី​​​​​​ការ​​​ប៉ុនប៉ង​​​​​​​​​កោះ​​​ហៅ​​​គាត់​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​ ដោយ​​​សារ​​​តែ​​​​​​ដីកា​​​នោះ​​​មិន​​​បាន​​​បញ្ជូន​​​ឲ្យ​​​ដល់​​​ដៃ​​​លោក​​​ផ្ទាល់ លោក​​​​​​​​​នឹង​​​មិន​​​ចូល​​​ខ្លួន​​​ទេ។​​​ លោក​​​ ចរិយា បាន​​​និយាយ​​​ថា ​​​ប្រពន្ធ​​​លោក​​​​​​បាន​​​ថត​​​ដីកា ​​​នៅ​​​ពេល​​​ដែល​​​ដីកា​​​ត្រូវ​​​បញ្ជូន​​​ដល់​​​ផ្ទះ​​​​​​របស់​​​លោក កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨ ខែ​​​តុលា ប៉ុន្តែ​​​​​​ថា មន្ត្រី​​​ទាំង​​​នោះ​​​បាន​​​យក​​​ដីកា​​​ត្រឡប់​​​ទៅ​​​វិញ​​​ពេល​​​គេ​​​ចាក​​​ចេញ​​​ទៅ។​​​

លោក ចរិយា បាន​​​និយាយ​​​ថា “ប្រ​​​សិន​​​បើ​​​តុលាការ​​​​​​ដូរ​​​កាល​​​បរិច្ឆេទ​​​ ចេញ​​​ដីកា​​​ថ្មី ហើយ​​​អនុវត្ត​​​តាម​​​នីតិ​​​វិធី​​​ ទើប​​​ខ្ញុំ​​​ទៅ”៕​​​រើន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស