38 C
Phnom Penh

អង្គភាពប្រឆាំងអំពើពុករលួយថា គ្មានភ័ស្តុតាងចំពោះការអះអាង អំពើពុករលួយនៅបាវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ដែល​ទទួល​បាន​កាលពី​ថ្ងៃ​អង្គារ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​អាច​រក​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​លើ​ការ​អះអាង​ដែល​ថា មន្ត្រី​ក្រសួង​សុខាភិបាល​ម្នាក់​បាន​ទារ​សំណូក ទើប​អនុញ្ញាត​ឲ្យ​រថយន្ត​ឆ្លង​កាត់​ប៉ុស្តិ៍​ព្រំដែន​អន្តរជាតិ​បាវិត​ក្នុង​ខេត្ត​ស្វាយរៀង។​​​​​​

ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៩​ខែ​តុលា និង​បង្ហោះ​តាម​វិបសាយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សេចក្តី​រាយការណ៍​នេះ​និយាយ​ថា លោក ង៉ោ សុខា មន្ត្រី​ក្រសួង​សុខាភិបាល បំពេញ​ការងារ​នៅ​ប៉ុស្តិ៍​នោះ​ដើម្បី​ពិនិត្យ​ការ​ដឹក​សត្វ​ចេញ​ចូល បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ទារ​សំណូក​ពី​រថយន្ត​ក្រុង​ទេសចរណ៍ និង​រថយន្ត​កុង​តឺន័រ ដែល​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ។

យោង​តាម​ការ​ចោទ​ប្រកាន់​ផ្ញើ​មក​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​ដឹង​ថា លោក សុខា បាន​ទារ​ប្រាក់​សរុប​២០០​ដុល្លារ​ពី​រថយន្ត​ទេសចរណ៍​ប្រហែល​៦០​គ្រឿង ដែល​បើក​កាត់​រាល់​ថ្ងៃ ៩០​ដុល្លារ​ក្នុង​ចំនួន​ទេសចរ​២.០០០​នាក់​ដែល​ឆ្លង​កាត់​រាល់​ថ្ងៃ និង​២២០​ដុល្លារ​ក្នុង​រថយន្ត​ធំ​១០០​គ្រឿង​ដែល​ឆ្លង​កាត់​មួយ​ថ្ងៃៗ។

របាយការណ៍​បន្ថែម​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​រក​ឃើញ​ភ័ស្តុតាង​ដើម្បី​បញ្ជាក់​ថា​ការ​អះអាង​នោះ​ពិត​ទេ។

លោក ឃុន សំបូរ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​និយាយ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​រៀបចំ​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​លោក សុខា ប្រសិនបើ​អ្នក​ដែល​ប្តឹង នាំមក​នូវ​ភ័ស្តុតាង​ថ្មី។

លោក សំបូរ បាន​និយាយ​ថា “យើង​បាន​បង្ហោះ​របាយ​ការណ៍​បណ្តឹង​តាម​វិបសាយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​ផ្តល់​ចម្លើយ​ទៅ​អ្នក​ប្តឹង​ថា យើង​មិន​អាច​រក​ឃើញ​កំហុស​របស់​លោក សុខា ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទាំង​នោះ​មិន​យល់​ស្រប​ជាមួយ​នឹង​ការ​ពន្យល់​របស់​យើង ពួកគេ​អាច​ប្តឹង​មួយ​លើក​ទៀត ប្រសិនបើ​ពួកគេ​មាន​ភ័ស្តុតាង​បន្ថែម”។

លោក​បាន​និយាយ​ថា “យើង​បាន​ទៅ​តំបន់​នោះ និង​ស៊ើប​អង្កេត​ករណី​នេះ ប៉ុន្តែ​យើង​មិន​អាច​រក​ឃើញ​កំហុស​របស់​លោក ង៉ោ សុខា ដូច​ការ​ចោទ​ប្រកាន់​ពី​អ្នក​ប្តឹង​ទេ”។

លោក​បាន​បន្ថែម​ថា ” អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ឲ្យ​ចម្លើយ ថា​យើង​មិន​អាច​រក​ឃើញ​កំហុស​លោក សុខា មិន​មាន​ន័យ​ថា យើង​បដិសេធ​ថា​មនុស្ស​នេះ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ទេ។ ប៉ុន្តែ​យើង​មិន​ទាន់​បាន​រក​ឃើញ​កំហុស​នៅ​ឡើយ”។

លោក ម៉ៅ ភិនភិរុណ នាយ​ប៉ុស្តិ៍​សង្កាត់​បាវិត បាន​និយាយ​ថា លោក​ជឿ​ថា លោក សុខា និង​មន្ត្រី​ដែល​ធ្វើការ​ក្រោម​គាត់​នៅ​ប៉ុស្តិ៍​បាវិត តាម​ពិត មក​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ហើយ​មិន​មែន​នៅ​ក្រសួង​សុខាភិបាល​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក កែម សារិន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ការ​អះអាង​ទាំង​នោះ ហើយ​បាន​និយាយ​ថា ក្រុម​ដែល​មាន​ឈ្មោះ​ក្នុង​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​គឺ​មក​ពី​ក្រសួង​សុខាភិបាល។

ឧត្តមសេនីយ៍​ទោ សារិន បាន​និយាយ​ថា លោក​បាន​ឮ​ពាក្យ​ចចាមអារា៉ម​យូរ​មក​ហើយ​អំពី​មន្ត្រី​ក្រសួង​សុខាភិបាល ដែល​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ឆ្លង​ដែន។

លោក​បាន​និយាយ​ថា “ខ្ញុំ​ក៏​ធ្លាប់​ឮ​ដែរ​អំពី​រឿង​អាស្រូវ​ទាក់​ទិន​នឹង​ក្រុម​អ្នក​ដែល​ជំរិត​ទារ​ប្រាក់​ពី​អ្នក​រកស៊ី ពីព្រោះ​ពួកគេ​តម្រូវ​ឲ្យ​អ្នក​ទាំង​នោះ​បង់​ប្រាក់​បន្ថែម​ដើម្បី​ឆ្លង​ព្រំដែន”។

លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល មិន​អាច​ទាក់ទង​បាន​ទេ។

ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ វិបសាយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជារឿយៗ ជាមួយ​នឹង​លិខិត​ដែល​ប្រាប់​រឿង​ពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​ជា​ធម្មតា​អម​ដោយ​ការ​ឆ្លើយ​តប​ពី​ក្រុម​មន្ត្រី​ដែល​បដិសេធ​ការ​អះអាង​ទាំង​នោះ។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ពន្យល់​ថា ដោយ​ធ្វើ​ឲ្យ​ការ​អះអាង​នានា​ដឹង​ឮ​ជា​សាធារណៈ អង្គភាព​នេះ​សង្ឃឹម​ថា នឹង​ទទួល​បាន​ភ័ស្តុតាង​ថែម​ទៀត ដើម្បី​កសាង​ករណី​ដែល​មិន​ទាន់​ច្បាស់លាស់៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស