នគរបាលខេត្តស្វាយរៀងបាននិយាយកាលពីម្សិលមិញថា ពួកគេកំពុងស្វែងរកបុរសម្នាក់ក្នុងចំណោមពីរនាក់ដែលជាប់សង្ស័យក្នុងការវាយប្រហារដ៏ហិង្សាមួយលើលោកមេឃុំវ័យចំណាស់ម្នាក់ ដែលកើតចេញពីជម្លោះដោយការផឹកស៊ីស្រវឹងកាលពីថ្ងៃសៅរ៍។
លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រុំ បានមានប្រសាសន៍ថា រស់ ចាន់ដន ត្រូវជាចៅរបស់លោក ហែម វ៉ែន អាយុ៧១ឆ្នាំ ជាមេឃុំតាសួសបានផឹកស៊ីនៅផ្ទះមិត្តភក្ដិម្នាក់កាលពីយប់ថ្ងៃសៅរ៍ ស្រាប់តែពេលនោះបានទាស់ពាក្យសម្ដីគ្នាជាមួយភ្ញៀវពីរនាក់ទៀតឈ្មោះ អុិន ម៉េន អាយុ២២ឆ្នាំ និង អុិន ម៉ន អាយុ២៥ឆ្នាំ ជាបងប្អូនបង្កើត។
អធិការនគរបាលរូបនេះបានថ្លែងថា លោកមិនដឹងថាមូលហេតុអ្វីបណ្ដាលឲ្យមានជម្លោះនេះ ដែលបណ្ដាលឲ្យ អុិន ម៉េន យកដំបងឫស្សីវាយទៅលើ ចាន់ដន នោះទេ ហើយបន្ទាប់មកបងប្អូនបង្កើតទាំងពីរនាក់នេះបានជិះម៉ូតូទៅផ្ទះបាត់។
លោកបានថ្លែងថា “បន្ទាប់មក ចាន់ដន បានទូរស័ព្ទទៅម្ដាយរបស់ខ្លួនប្រាប់អំពីការវាយប្រហារនេះ ហើយបន្ទាប់មកម្ដាយរបស់ខ្លួនបានទូរស័ព្ទទៅឪពុករបស់អ្នកស្រី គឺលោកមេឃុំរូបនេះ ដោយប្រាប់គាត់ថា ចៅប្រុសរបស់គាត់ត្រូវគេវាយ”។
លោកបានបន្ថែមថា “ពេលនោះ លោក ហែម វ៉ែន បានទូរស័ព្ទទៅនគរបាលឃុំ សុំឲ្យពួកគេនាំ អុិន ម៉េន និង អុិន ម៉ន ទៅប៉ុស្តិ៍នគរបាល។ ប៉ុន្តែនគរបាលជាប់រវល់ល្បាត ដូច្នេះមេឃុំរូបនេះបានសុំឲ្យ ឡូវ វីរៈ ត្រូវជាប្អូនថ្លៃរបស់ខ្លួនទៅផ្ទះរបស់ អុិន ម៉ន និង អុិន ម៉េន
ជាមួយគាត់”។
អធិការនគរបាលរូបនេះបានថ្លែងថា នៅពេលពួកគាត់ទាំងពីរមកដល់ផ្ទះរបស់បងប្អូនប្រុសបង្កើតនោះ លោក វីរៈ បានដាល់ អុិន ម៉េន បណ្ដាលឲ្យ អុិន ម៉ន យកដំបងឫស្សីវាយទៅលើលោក វីរៈ និងលោក វ៉ែន តែម្តង។
លោក ពិន អាន បានមានប្រសាសន៍ថា មេឃុំរូបនេះរងរបួសស្រាំលលាដ៍ក្បាល និងបាក់ថ្គាម ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។ លោកបានថ្លែងថា អុិន ម៉េន ត្រូវបានចាប់ខ្លួននៅយប់នោះ ប៉ុន្តែ អុិន ម៉ន បានរត់គេចខ្លួន។
លោក ប៉ែន មុនី នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តបានមានប្រសាសន៍ថា អុិន ម៉េន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃអាទិត្យ។
លោកបានថ្លែងថា “តុលាការបានចោទប្រកាន់ អុិន ម៉េន ពីបទប្រើអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស”។
ក្រុមមន្ត្រីតុលាការមិនអាចទាក់ទងសុំការបញ្ជាក់ពីការចោទប្រកាន់នេះបានទេ៕ សារុន