27 C
Phnom Penh

អំឡុងពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់ ចរាចរណ៍មានការថយចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​ដែល​ចេញ​ផ្សាយ​ដោយ​​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​រយៈពេល​ប្រាំ​ថ្ងៃ​កន្លង​មក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​​បាន​ថយ​ចុះ​បន្តិច​បន្តួច បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០១៤ ដោយមាន​មនុស្ស​៤៥នាក់​បាន​ស្លាប់​នៅ​ឆ្នាំនេះ បើ​បៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ដែលមាន​មនុស្ស​៤៩នាក់បាន​ស្លាប់​​។
របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​នាយក​ដ្ឋាន​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក​​របស់​ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ថា មានគ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​​១០៩លើក បណ្តាល​ឲ្យ​មនុស្ស​២១៨នាក់​​រង​របួស និង​៤៥នាក់បាន​​ស្លាប់ចាប់​​ពី​ថ្ងៃសុក្រ​ដល់​ថ្ងៃ​​អង្គារ​ បើប្រៀប​ធៀប​ទៅ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​១៣៧លើក​ បណ្តាល​ឲ្យ​មនុស្ស​​៣០៥នាក់​រង​របួស​ និង​​៤៩នាក់​បាន​ស្លាប់​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​កាលពី​ឆ្នាំមុន។ក្នុង​ចំណោម​អ្នក​ដែលរង​របួស​នៅ​ឆ្នាំនេះ ២០១នាក់​មិន​បាន​ពាក់​មួក​សុវត្ថិភាព​ទេនៅ​ពេល​មាន​គ្រោះ​ថ្នាក់​នោះ។

ចំនួន​មនុស្ស​ស្លាប់​ខ្ពស់​បំផុត​កើត​ឡើង​នៅក្នុង​ខេត្ត​កណ្តាល ទីដែល​មនុស្ស​​៦នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​១០លើក​ ចំណែកឯ​មនុស្ស​៥នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​៤លើក​ក្នុង​ខេត្ត​កំពង់​ស្ពឺ។ រីឯខេត្ត​កំពត​ឯណោះវិញ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​ខ្ពស់​បំផុត​គឺ​៣០លើក ប៉ុន្តែ​​មាន​មនុស្ស​ស្លាប់​តែម្នាក់​ប៉ុណ្ណោះ។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​អណោច​អធ័ម​បំផុត​កើត​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​ក្នុង​ខេត្ត​តាកែវ ទីដែល​មនុស្ស​បីនាក់​​បាន​ស្លាប់ និង​​៥នាក់​រង​របួស​​នៅពេល​​រថយន្ត​របស់ពួកគេ​ធ្វើ​ដំណើរ​ពី​ខេត្ត​កែប​មកកាន់​​រាជ​ធានី​ភ្នំពេញ​បាន​បុក​ជាមួយ​​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង។

​តាម​ធម្មតា គ្រោះ​ថ្នាក់​ចរាចរណ៍​កើនឡើង​អំឡុង​ថ្ងៃឈប់​សម្រាក​សាធារណៈ​ ខណៈ​ដែល​មនុស្ស​ម្នា​ធ្វើ​ដំណើរ​ទៅលេង​សាច់​ញាតិ​​របស់ខ្លួន​នៅ​តាម​បណ្តាខេត្ត​។ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​រយៈពេល​បីថ្ងៃ​កាលពី​ខែ​មេសា ឆ្នាំនេះ មនុស្ស​៣៧នាក់​​បាន​ស្លាប់​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​ចំនួន​១១២លើក​ គឺ​ថយ​​ចុះ​ក្នុង​រយៈពេល​ដូច​គ្នានេះ​កាលពី​ឆ្នាំ​២០១៤ ដែលមាន​មនុុស្ស​​៤៨នាក់​បាន​បាត់​បង់​ជីវិត។

ជាមធ្យម មនុស្ស​ប្រហែល​​៥នាក់​​បាន​ស្លាប់ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃ​​ៗ​នៅក្នុង​ប្រទេស។

លោក រុន រ័ត្ន​វាសនា ​ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​ក្រសួង​មហា​ផ្ទៃ​​​បាន​មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​​ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ​នៅ​ឆ្នាំនេះ​ បណ្តាល​មក​ពី​ការ​បើក​បរ​ដោយ​ស្រវឹង​និង​បើក​បរ​ក្នុង​ល្បឿន​លឿន។

លោក​បានមាន​ប្រសាសន៍ថា “​យើង​ឃើញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍កើត​ឡើង​ដោយ​សារ​​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន។ ពួកគេ​មិន​គោរព​សិទ្ធិ​តាម​ដង​ផ្លូវ និង​ពួកគេ​បើក​បរ​ដោយ​ស្រវឹង​ផងដែរ”។

លោក រ័ត្ន​វាសនា​ បាន​សន្មត​ការ​ថយ​ចុះ​បន្តិច​បន្តួច​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ដោយ​សារ​​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​នគរបាល​ក្នុងការ​អប់រំ​ប្រជាពល​រដ្ឋ​ឲ្យ​យល់ដឹង​បន្ថែមទៀត​​អំពី​ការ​បើក​បរ​ដោយ​សុវត្ថិភាព រួមទាំង​ការប្រាប់​ដល់​អ្នក​រត់​តាក់ស៊ី​ទាំងអស់​​កុំឲ្យ​ដឹក​​អ្នក​ដំណើរ​នៅលើ​ដំបូល​ជាដើម៕សារុន​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស