33.3 C
Phnom Penh

សេចក្តីព្រាងច្បាប់ស្ថិតិ ទទួលបានការយល់ព្រមពី គណៈកម្មការសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ច្បាប់​ថ្មី​មួយ​ស្តីពី​ការ​ប្រមូល​និង​ផ្សព្វផ្សាយ​ទិន្នន័យ​ស្ថិតិ​គ្រោង​នឹង​ដាក់​ឲ្យ​បោះ​ឆ្នោត​នៅ​សភា​នៅ​ចុង​ឆ្នាំ​នេះ បន្ទាប់ពី​ទទួល​បាន​ការ​យល់​ព្រម​ពី​គណៈកម្មការ​សភា​កាលពី​ថ្ងៃ​ពុធ។​​​

លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយពី​កិច្ច​ប្រជុំ​គណៈកម្មការ​ផែនការ​សភា​ថា “ច្បាប់​នេះ​កំពុង​ត្រូវ​បង្កើត​ឡើង​ដោយ​មាន​គោល​បំណង​ច្បាស់លាស់​នៃ​ការ​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​ទិន្នន័យ​និង​ព័ត៌មាន​ច្រើន ដើម្បី​បម្រើ​អ្នក​ស្រាវជ្រាវ​និង​អ្នក​ធ្វើ​ផែនការ​គោល​នយោបាយ​ក្នុង​វិស័យ​នានា និង​អនុញ្ញាត​ឲ្យ​ពួកគេ​រៀបចំ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ផ្អែក​លើ​ការ​វិភាគ​ត្រឹមត្រូវ”។

លោក ប៉ុល ហំម តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ប្រធាន​គណៈកម្មការ​នេះ បាន​មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា ច្បាប់​នេះ​នឹង​ត្រូវ​ពិភាក្សា​ដេញ​ដោល​អំឡុង​សម័យ​ប្រជុំ​សភា​បន្ទាប់ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ។

យោង​តាម​លោក​ស្រី ហង់ លីណា អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​អនុម័ត ច្បាប់​នេះ​នឹង​ជំនួស​ច្បាប់​ស្តី​ពី​ស្ថិតិ​នា​ឆ្នាំ​២០០៥ ដែល​មិន​បាន​ផ្តល់​តម្រូវ​ការ​គ្រប់គ្រាន់​សម្រាប់​ការ​ផ្តល់​មូលនិធិ​របស់​រដ្ឋាភិបាល​ដល់​ការ​ប្រមូល​ទិន្នន័យ​ស្ថិតិ​ទេ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ដោយសារ​បញ្ហា​នេះ អ្នក​ប្រមូល​ទិន្នន័យ​មិន​មាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​ល្អ​ទេ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ពីមុន យើង​មិន​មាន​ប្រាក់​គ្រប់គ្រាន់។ នេះ​មាន​ន័យ​ថា មន្ត្រី​មិន​មាន​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ប្រមូល​ទិន្នន័យ​ដោយ​ហ្មត់ចត់​ទេ”។

លោក ដាវិដ វ៉ាន នាយក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​កម្ពុជា Bower Group Asia បាន​និយាយ​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា មិន​មាន​ការ​ឯកភាព​ជា​ទូទៅ​ក្នុង​ការ​ប្រមូល​ស្ថិតិ​ដោយ​ក្រសួង​នានា​របស់​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា ទាំង​ក្នុង​ន័យ​វិធីសាស្ត្រ ទាំង​ក្នុង​ន័យ​ភាព​ត្រឹមត្រូវ។

លោក​បាន​មាន​ប្រសាសន៍​ថា ឧទាហរណ៍ ទិន្នន័យ​គយ​របស់​ក្រសួង​ហិរញ្ញវត្ថុ​អំពី​ការ​នាំ​ចេញ ខុស​គ្នា​ពី​តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម ពីព្រោះ​ក្រសួង​ទាំង​ពីរ​កំណត់​ការ​នាំ​ចេញ​ខុស​គ្នា។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “ក្រសួង​ផ្សេង​គ្នា​មាន​លក្ខណៈ​វិនិច្ឆ័យ​ផ្ទាល់​ខ្លួន​ក្នុង​ការ​ប្រមូល​ស្ថិតិ​ពី​ការ​ស្ទង់​មតិ ហើយ​ថា​ការ​ស្ទង់​មតិ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​តំណាង​គ្រប់​ជ្រុងជ្រោយ​នៃ​មនុស្ស​ដែល​គេ​ស្ទង់​មតិ ឬ​យ៉ាងណា​នោះ គឺ​ជា​រឿង​ផ្សេង”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស