ច្បាប់ថ្មីមួយស្តីពីការប្រមូលនិងផ្សព្វផ្សាយទិន្នន័យស្ថិតិគ្រោងនឹងដាក់ឲ្យបោះឆ្នោតនៅសភានៅចុងឆ្នាំនេះ បន្ទាប់ពីទទួលបានការយល់ព្រមពីគណៈកម្មការសភាកាលពីថ្ងៃពុធ។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំគណៈកម្មការផែនការសភាថា “ច្បាប់នេះកំពុងត្រូវបង្កើតឡើងដោយមានគោលបំណងច្បាស់លាស់នៃការអនុញ្ញាតឲ្យយើងទទួលបានទិន្នន័យនិងព័ត៌មានច្រើន ដើម្បីបម្រើអ្នកស្រាវជ្រាវនិងអ្នកធ្វើផែនការគោលនយោបាយក្នុងវិស័យនានា និងអនុញ្ញាតឲ្យពួកគេរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនផ្អែកលើការវិភាគត្រឹមត្រូវ”។
លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិងជាប្រធានគណៈកម្មការនេះ បានមានប្រសាសន៍ថា លោករំពឹងថា ច្បាប់នេះនឹងត្រូវពិភាក្សាដេញដោលអំឡុងសម័យប្រជុំសភាបន្ទាប់ ដែលចាប់ផ្តើមនៅថ្ងៃអង្គារ។
យោងតាមលោកស្រី ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានឲ្យដឹងថា ប្រសិនបើអនុម័ត ច្បាប់នេះនឹងជំនួសច្បាប់ស្តីពីស្ថិតិនាឆ្នាំ២០០៥ ដែលមិនបានផ្តល់តម្រូវការគ្រប់គ្រាន់សម្រាប់ការផ្តល់មូលនិធិរបស់រដ្ឋាភិបាលដល់ការប្រមូលទិន្នន័យស្ថិតិទេ។
លោកស្រីបានមានប្រសាសន៍ថា ដោយសារបញ្ហានេះ អ្នកប្រមូលទិន្នន័យមិនមានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការរបស់ខ្លួនបានល្អទេ។
លោកស្រីបានមានប្រសាសន៍ថា “ពីមុន យើងមិនមានប្រាក់គ្រប់គ្រាន់។ នេះមានន័យថា មន្ត្រីមិនមានការលើកទឹកចិត្តដើម្បីប្រមូលទិន្នន័យដោយហ្មត់ចត់ទេ”។
លោក ដាវិដ វ៉ាន នាយកគ្រប់គ្រងនៅក្រុមហ៊ុនប្រឹក្សាយោបល់កម្ពុជា Bower Group Asia បាននិយាយតាមរយៈសារអេឡិចត្រូនិកថា មិនមានការឯកភាពជាទូទៅក្នុងការប្រមូលស្ថិតិដោយក្រសួងនានារបស់រដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ទាំងក្នុងន័យវិធីសាស្ត្រ ទាំងក្នុងន័យភាពត្រឹមត្រូវ។
លោកបានមានប្រសាសន៍ថា ឧទាហរណ៍ ទិន្នន័យគយរបស់ក្រសួងហិរញ្ញវត្ថុអំពីការនាំចេញ ខុសគ្នាពីតួលេខរបស់ក្រសួងពាណិជ្ជកម្ម ពីព្រោះក្រសួងទាំងពីរកំណត់ការនាំចេញខុសគ្នា។
លោកបានឲ្យដឹងទៀតថា “ក្រសួងផ្សេងគ្នាមានលក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួនក្នុងការប្រមូលស្ថិតិពីការស្ទង់មតិ ហើយថាការស្ទង់មតិត្រូវបានធ្វើឡើងដោយមានតំណាងគ្រប់ជ្រុងជ្រោយនៃមនុស្សដែលគេស្ទង់មតិ ឬយ៉ាងណានោះ គឺជារឿងផ្សេង”៕ និត