នៅក្នុងពិធីគម្រប់ខួបបីឆ្នាំនៃការសោយទិវង្គតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានបង្ហាញទស្សនៈខុសគ្នាទាក់ទិននឹងសេចក្ដីរាយការណ៍ព័ត៌មានដែលចុះផ្សាយថា គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វុ៊នស៊ិនបិុច កំពុងពិចារណាចំពោះការរួមបញ្ចូលគ្នា។

កាលពីថ្ងៃពុធ ពេលស្ថិតនៅក្នុងតំបន់អឺរ៉ុប លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានច្រានចោលសេចក្តីរាយការណ៍ព័ត៌មានដែលថា លោកមានគម្រោងជួបជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដើម្បីពិភាក្សាអំពីការរួមបញ្ចូលគ្នា ដោយលោកចាត់ទុកលទ្ធភាពនេះថា ជា ” រឿងឥតប្រយោជន៍”។
ប៉ុន្តែ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលគណបក្សហ្វុ៊នសិុនបិុចរបស់ព្រះអង្គបានធ្លាក់ប្រជាប្រិយភាពជាលំដាប់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បានមានបន្ទូលបន្ទាប់ពីពិធីគម្រប់ខួបបីឆ្នាំនៃការសោយទិវង្គតរបស់ព្រះបិតាព្រះអង្គថា ព្រះអង្គនឹងបើកចំហចំពោះការចងសម្ពន្ធភាពជាមួយលោក សម រង្ស៊ី ប្រសិនបើព្រះអង្គទទួលបានការអញ្ជើញសុំជួបពិភាក្សាគ្នា។
ព្រះអង្គម្ចាស់បានមានបន្ទូលនៅឯដំណាក់របស់ព្រះអង្គក្នុងខណ្ឌចំការមនថា “ខ្ញុំស្វាគមន៍ ប៉ុន្តែសូមធ្វើលិខិតបញ្ជាក់ថា គាត់ [លោក សម រង្ស៊ី] និងលោក កឹម សុខា មានបំណងជួបពិភាក្សាជាមួយខ្ញុំ”។ ព្រះអង្គម្ចាស់បានបន្ថែមថា “គាត់មិនបាននិយាយដូច្នេះទេ ប៉ុន្តែ កាសែតរស្មីកម្ពុជាបានចុះផ្សាយអំពីការរួមបញ្ចូលគ្នា ហេតុដូច្នេះយើងចាត់ទុកថា វាជាពាក្យចចាមអារ៉ាម។ ខ្ញុំចង់ឮចេញពីមាត់គាត់ជាមុនសិន”។
ពេលថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ លោក កឹម សុខា ដែលកំពុងដឹកនាំគណបក្សប្រឆាំង ពេលលោក សម រង្ស៊ី អវត្តមាន បានលើកឡើងថា គណបក្សសង្គ្រោះជាតិចង់ក្លាយជាគណបក្សដែលមានការបង្រួបបង្រួមពីភាគីផ្សេងៗ ប៉ុន្តែមានការប្រុងប្រយ័ត្នចំពោះព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
លោក កឹម សុខា បានមានប្រសាសន៍ថា “វាគឺជាជំហររបស់គណបក្សសង្គ្រោះដែលថា យើងចង់ប្រមូលផ្តុំ [ប្រជាពលរដ្ឋ] ឲ្យរួបរួមគ្នា។ ជំហានទី១របស់យើង គឺប្រមូលអ្នកប្រជាធិបតេយ្យជាកម្លាំងដើម្បីការផ្លាស់ប្តូរ និងការធ្វើកំណែទម្រង់ និងដើម្បីនាំសុខសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ”។
មុនពេលពន្យល់ថា គណបក្សរបស់លោកមិនត្រូវចូលរួមជាមួយបុគ្គលណាដែលអាចបំផ្លាញបក្សពីខាងក្នុង លោក កឹម សុខា បានមានប្រសាសន៍ថា “នៅពេលយើងគ្មានការបង្រួបបង្រួមជាតិ យើងគ្មានស្ថិរភាពនោះទេ ហេតុដូច្នេះគ្មានការអភិវឌ្ឍប្រកបដោយនិរន្តរភាពឡើយ”។
លោកបានមានប្រសាសន៍បន្ថែមថា “នៅក្នុងគោលនយោបាយរបស់យើង យើងប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ប៉ុន្តែ យើងមិនចេះតែប្រមូលអ្នកដែលធ្វើឲ្យខូចប្រយោជន៍ប្រជាធិបតេយ្យនោះឡើយ។ យើងត្រូវតែពិនិត្យមើលថា តើមានខ្មូតដែលនឹងធ្វើឲ្យខូចកម្លាំងប្រជាធិបតេយ្យដែរឬអត់”។
នៅពេលត្រូវបានស្នើឲ្យបញ្ជាក់អំពីការលើកឡើងរបស់លោក កឹម សុខា លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយតាមទូរស័ព្ទថា គណបក្សប្រឆាំងបើកចំហចំពោះការរួមបញ្ចូលគ្នាជាមួយគណបក្សហ្វុ៊នសិុនបុិច ប្រសិនបើ កាលៈទេសៈមកដល់។
លោកបានមានប្រសាសន៍ថា “ជំហររបស់គណបក្សសង្គ្រោះជាតិមិនមែនកំណត់សម្រាប់តែគណបក្សហ្វុ៊នសិុនបុិចទេ យើងមានគោលនយោបាយបង្រួបបង្រួមអ្នករាជានិយម និងអ្នកប្រជាធិបតេយ្យ។ យើងចង់ប្រាប់ថា យើងរក្សាជំហរបង្រួបបង្រួម ប៉ុន្តែ វាអាស្រ័យលើពេលវេលា និងកាលៈទេសៈ។ យើងកំពុងតែសិក្សាពីអ្វីដែល [ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ] មានបន្ទូល”។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី បានរួមកម្លាំងគ្នាសម្រាប់ការបោះឆ្នោតជាតិឆ្នាំ១៩៩៨ និងឆ្នាំ២០០៣ ហើយបានធ្វើឲ្យមានការជាប់គាំងទាំងពីរលើក ពេលគណបក្សប្រជាជនកម្ពុជា ដែលមិនអាចបង្កើតរដ្ឋាភិបាលបាននោះ មិនយកចិត្តទុកដាក់ចំពោះការទាមទាររបស់ពួកគាត់។
ប៉ុន្តែ ព្រះអង្គម្ចាស់បានរំលោភកិច្ចព្រមព្រៀងជាមួយលោក សម រង្ស៊ី ទាំងពីរលើក ដោយយល់ព្រមទទួលយកតំណែងមួយចំនួនធំនៅក្នុងជួររដ្ឋាភិបាលសម្រាប់គណបក្សរបស់ព្រះអង្គ ជាផ្នែកនៃកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះរួមទាំងតំណែងជាប្រធានរដ្ឋសភាសម្រាប់ព្រះអង្គផ្ទាល់ផងដែរ៕ដោយស៊ុយឈាង