មន្ត្រីនគរបាលមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានចាប់រំលោភក្មេងស្រីជិតខាងអាយុ១២ឆ្នាំម្នាក់នៅក្នុងចម្ការដំឡូងមីមួយកន្លែងក្នុងខេត្តដំបងកាលពីថ្ងៃពុធ បន្ទាប់ពីល្បួងក្មេងស្រីរងគ្រោះឲ្យចាកចេញពីផ្ទះរបស់នាង។
លោក លី រុំ អធិការរងស្រុកសំពៅលូន បានមានប្រសាសន៍ថា ក្មេងប្រុសដែលជាប់សង្ស័យត្រូវបានចាប់ខ្លួននៅផ្ទះរបស់ខ្លួនក្នុងឃុំសិរីមានជ័យ ស្រុកសំពៅលូន កាលពីរសៀលម្សិលមិញ ហើយបានសារភាពថា ខ្លួនពិតជាបានរំលោភក្មេងស្រីរងគ្រោះមែន។
លោកបានគូសបញ្ជាក់ថា “នៅម៉ោងប្រហែល១២ [ថ្ងៃត្រង់] ម្ដាយក្មេងស្រីរងគ្រោះបានចាកចេញពីផ្ទះទៅលេងអ្នកជិតខាងនៅចម្ងាយប្រហែល៤០ម៉ែត្រ ហើយទុកឲ្យកូនស្រីរបស់ខ្លួននៅតែម្នាក់ឯង។ ដោយមិននឹកស្មានដល់ ក្មេងប្រុសរូបនេះបានទៅដល់ [ផ្ទះរបស់ក្មេងស្រីរងគ្រោះ] ហើយបានល្បួងឲ្យក្មេងស្រីរងគ្រោះទៅលេងចម្ការដំឡូងក្បែរនោះ។ ក្មេងស្រីរងគ្រោះបានយល់ព្រមទៅជាមួយជនសង្ស័យដោយសារតែជនសង្ស័យសន្យាឲ្យលុយនាងតាមដែលនាងចង់បាន”។
លោកមានប្រសាសន៍ថា ក្មេងប្រុសរូបនេះបានចាប់រំលោភក្មេងស្រីរងគ្រោះនៅក្នុងចម្ការនោះ ហើយពួកគេទាំងពីរក៏បានត្រឡប់មកភូមិរបស់ពួកគេវិញរៀងៗខ្លួន។ ម្ដាយរបស់ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅនគរបាលឃុំ បន្ទាប់ពីត្រឡប់ទៅផ្ទះវិញ ហើយសង្កេតឃើញកូនស្រីរបស់ខ្លួនធ្លាក់ឈាម។ “នៅពេលស្ត្រីជាម្ដាយទៅដល់ផ្ទះ គាត់ឃើញកូនស្រីរបស់គាត់ហាក់ដូចជាតក់ស្លុត និងមានឈាមប្រឡាក់សម្លៀកបំពាក់របស់នាង។ គាត់មានការងឿងឆ្ងល់ ហើយក៏ចាប់ផ្ដើមសួរនាំកូនស្រីរបស់គាត់”។
លោកបានលើកឡើងទៀតថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅផ្ទះរបស់ខ្លួនកាលពីរសៀលថ្ងៃពុធ ហើយត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ហើយបានសារភាពនៅទីនោះថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះមែន។ “នគរបាលក៏បានរកឃើញខោប្រឡាក់ឈាមរបស់ជនរងគ្រោះដែរ”។ លោកបានបន្តថា ក្រោយមក ក្មេងប្រុសរូបនេះត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចំណែកឯជនរងគ្រោះត្រូវបានដាក់ឲ្យស្ថិតក្រោមការមើលថែទាំរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។
លោក វ៉ន វណ្ណរ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍ថា ជនសង្ស័យនឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ ដើម្បីធ្វើការចោទប្រកាន់ពីបទចាប់រំលោភអនីតិជន៕ សុខុម