29 C
Phnom Penh

នគរបាលចាប់ខ្លួនជនសង្ស័យបីនាក់ ពាក់ព័ន្ធការសម្លាប់ម្ចាស់ចម្ការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​បី​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​​ថ្ងៃពុធពីបទ​​ជាប់​ពាក់​ព័ន្ធ​​ការ​សម្លាប់​លោក លី សេងលីម ​ជា​ម្ចាស់​ចម្ការ​​ដែល​ជន​សង្ស័យទាំង​​នេះ​បាន​​​ធ្វើ​ការ​។ ទោះ​យ៉ាង​ណា នគរ​បាល​​​​​មិន​ទាន់​​​រក​ឃើញ​មូលហេតុ​នៃ​ការ​​​សម្លាប់នេះ​នៅ​ឡើយ​ទេ។​​​

លោក ប៊ុត ប៊ុនធឿន អធិការ​នគរ​បាល​​​ស្រុក​ឱរ៉ាល់​បាន​មាន​ប្រសាសន៍​ថា ​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​​សាកសព​លោក លី សេងលីម អាយុ​៦៣​ឆ្នាំប្រឡាក់សុទ្ធតែឈាមនៅ​​ក្នុង​ចម្ការ​មួយ​​ទំហំ​​​១០ហិកតា​​ ​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​​ស្ថិត​ក្នុង​ឃុំ​រស្មី​សាមគ្គី ទី​ដែល​​គាត់​​ដាំល្ង​ សណ្ដែក និង​ពោត។

លោក​បាន​ថ្លែង​ថា “​នៅ​ម៉ោង​ប្រហែល​៧ព្រឹក​ថ្ងៃ​ម្សិលមិញ អ្នក​ភូមិ​បាន​ប្រទះឃើញ​​សាកសពជន​រងគ្រោះ​​រូប​នេះ​នៅ​ចម្ការ​​ពោត​របស់​គាត់​…​ហើយក៏​បាន​​រាយការណ៍​ទៅ​នគរ​បាល​មូលដ្ឋាន”។

លោក ប៊ុនធឿន បាន​ថ្លែង​ថា ដោយ​សារ​សាកសពឡើង​​រឹងទៅហើយ​​នៅ​ពេល​ត្រូវ​បាន​រក​ឃើញ​នោះ ក្រុម​ស៊ើបអង្កេត​ជឿ​ថា លោក​ លី សេងលីម បាន​ស្លាប់​តាំង​ពី​យប់​ថ្ងៃ​អង្គារ​មក​ម្លេ៉ះ។ លោក​បាន​​បន្ថែម​ថា ​ជន​រងគ្រោះ​ត្រូវ​​វាយ​​នឹង​វត្ថុ​រឹង​ជាច្រើន​​ដង​ត្រង់​ខ្នង ហើយ​ត្រូវ​ជន​​ដៃដល់​អារក​ទៀត​។

លោក​ អៀម ចន្ថា អធិការ​រង​នគរ​បាល​ស្រុក​​បាន​ប្រាប់​អត្តសញ្ញាណជន​សង្ស័យ​ទាំង​នោះ​ថា ​ឈ្មោះ​ ស្វាយ ជា អាយុ​៥៦​ឆ្នាំ សាក់ ចាន់ អាយុ​៣៥​ឆ្នាំ និង​ ទៀង ចិត្រ អាយុ​៣០​ឆ្នាំ ហើយ​លោក​បាន​លើក​ឡើង​ថា ​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួននៅ​​ចន្លោះ​ម៉ោង​៤​និង​៥ល្ងាច​​ថ្ងៃ​ពុធ។

លោក​ ចន្ថា បាន​ថ្លែង​ថា ​ជន​សង្ស័យ​ទាំង​នេះ​បាន​ប្រាប់​នគរ​បាល​ថា ​លោក លី សេងលីម បាន​ផឹកស៊ី​ជាមួយ​កម្មករ​បី​នាក់​នៅ​រោង​ចាំចម្ការ​​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ហើយ​បាន​ចាកចេញ​ទៅមុន​ដោយ​មិន​បាន​ត្រឡប់​​មកផ្ទះ​វិញ​ឡើយ​។

លោក​បាន​ថ្លែង​ថា “​ខ្ញុំ​សង្ស័យ​ថា ករណី​នេះ​ពាក់​ព័ន្ធការ​សង​សឹក”​ ដោយ​​បន្ថែម​ថា កម្មករ​ទាំង​នេះ​ប្រហែល​ជា​ខឹង​​នឹង​ការ​ដែល​ចៅហ្វាយ​របស់​ខ្លួន​មិន​បើក​លុយ​ឲ្យ​ពួកគេ​ខ្លះ​មុន​សម្រាប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​បាន​​​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ។

លោក អាន យុទ្ធហុង អធិការរង​នគរ​បាល​ស្រុក​មួយ​រូប​ទៀត​​ដែល​បាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​នេះ​​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​​​អធិការដ្ឋាន​នគរ​បាល​ស្រុក​​ដើម្បី​ធ្វើ​ការ​​សាក​សួរ​។

លោក​បាន​ថ្លែង​ថា “​គ្មាន​ជន​ណា​ម្នាក់​​បាន​សារភាព​នៅ​ឡើយ​ទេ ដូច្នេះ​យើង​កំពុង​សាកសួរ​ពួកគេ​នៅ​ឡើយ​។ ខ្ញុំ​មិន​ដឹង​ថាតើ​​អំពើ​មនុស្ស​ឃាត​នេះ​ពាក់​ព័ន្ធ​ការ​សង​សឹក​ ឬ​អំពើ​ប្លន់​ឡើយ។ យើង​កំពុង​ធ្វើការ​ស៊ើបអង្កេត​នៅ​ឡើយ​”។

លោក យុទ្ធហុង បាន​ថ្លែង​ថា ​ទូរស័ព្ទ​​​ដៃពីរ​គ្រឿង​​​​​​​​របស់លោក លី សេងលីម បាន​បាត់​ ​បន្ទាប់​ពី​សម្លាប់​រួច​ ប៉ុន្តែ​ថា ជន​រងគ្រោះនៅ​​​​មាន​​​នាឡិកា​ពណ៌មាស​​ក្លែង​ក្លាយ​មួយ​គ្រឿង​ទៀត​​​ពាក់​​ជាប់​ក​ដៃ​ឆ្វេង​នៅ​ឡើយ​​​នៅ​ពេល​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សាក​សព​។

លោក​បាន​ថ្លែង​ថា ក្រុម​គ្រួសារ​ជន​រងគ្រោះ​ និង​អ្នក​ជិត​ខាង​បាន​ប្រាប់​នគរ​បាល​ថា កាល​ពី​ពេលថ្មីៗ​នេះ ​គាត់​បាន​ចោទបុរស​​​​ឈ្មោះ ជា ជា​ជន​សង្ស័យ​​ម្នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​​ទាំង​បី​នាក់​ថា មិន​បាន​​យាម​​នៅ​ខ្ទម​ចាំចម្ការ​នេះឲ្យ​​ត្រឹម​ត្រូវ​ឡើយ​ ដោយ​បណ្ដាល​ឲ្យ​មាន​ជម្លោះកើត​ឡើង​រវាង​អ្នក​ទាំងពីរ​​។

លោក​បាន​បន្ថែម​ថា “​យើង​មាន​ការ​លំបាក​ក្នុងការ​ស៊ើបអង្កេត​ករណី​នេះ​ណាស់ ពីព្រោះ​មិន​មាន​វត្ថុ​តាង​បន្សល់​ទុក​នៅ​កន្លែង​កើត​ហេតុ​ឡើយ​”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស