31 C
Phnom Penh

ហេតុការណ៍កាប់ដាច់ដោយឡែកពីគ្នា បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

 ខណៈពេល​​​នគរ​​​បាល​​​បន្ត​ស្វែង​​​រក​​​ចាប់ខ្លួន​​​បុរស​​​ម្នាក់​​​ដែល​​​ជាប់​​​សង្ស័យ​​​ថា បាន​​​ប្រើ​​​ពូថៅ​​​កាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​រហូត​​​ដល់​​​ស្លាប់​​​ បន្ទាប់​​​ពី​​​មាន​​​ជម្លោះ​​​ដោយសារ​​​ស្រវឹង​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​មក​​​ ក្រុម​មន្ត្រី​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ជាប់​​​គ្នា​​​នោះ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់​​​ទៀត​​​ដែល​​​បាន​​​កាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ក្នុង​​​ស្ថាន​​​ភាព​​​ស្រដៀង​​​គ្នា​​​នេះ​​​ដែរ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ។

យោង​​​តាម​​​លោក ឡុង សារិន អធិការ​​​រង​​​នគ​​​របាលស្រុក​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគ​​​របាល​​​ក្នុង​​​ឃុំ​​​អញ្ចើម​​​ ស្រុក​​​ត្បូង​​​ឃ្មុំ កាល​​​ពី​​​ម្សិលមិញ បាន​​​ចាប់ខ្លួន​​​បុរសឈ្មោះ ធី ដែន អាយុ​​​៣២​​​ឆ្នាំ ដែល​​​នៅ​​​ស្រវឹង​​​ស្រា​​​នៅ​​​ឡើយនោះ​​​​ ដោយ​​​សង្ស័យ​​​ថា បានយក​កាំបិត​ប៉័ងតោ​​​កាប់​​​ប្រពន្ធ របស់​​​ខ្លួន​​​​​ឈ្មោះ ហៃ ថន អាយុ​​​៣៣​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​មាន​​​ជម្លោះ​​​រឿង​​​របររក​​​ស៊ីលក់សាច់​​​​ជ្រូក​​​របស់​​​ពួក​​​គេ​​​កាល​​​ពី​​​រសៀល​​ថ្ងៃ​​​ពុធ។

លោក សារិន បាន​​​ថ្លែង​​​ថា ហេតុ​​​ការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ផ្ទះ​​​របស់​​​ប្តី​​​ប្រពន្ធ​​​រូបនេះ​​​បន្ទាប់​​​ពី​​​អ្នកស្រី​​​ ថន ត្រឡប់​​​មក​​​ពី​​​ប្រមូល​​​លុយ​​​ពី​​​ម៉ូយ​​​ដែល​​​បាន​​​ទិញ​​​សាច់​​​ជ្រូក​​​ពី​​​ពួក​​​គាត់​​​នៅ​​​ឯ​​​ផ្សារ​​​រួចមក​។

លោក​​​បាន​​​មាន​ប្រសាសន៍ថា “ស្ត្រី​​​ជា​​​ប្រពន្ធ​​​យល់​ឃើញ​​​ថា ប្តី​​​របស់​​​ខ្លួន​​​ស្រវឹង​​​ស្រារហូត​​​ ហើយ​​​អ្នក​​​ស្រី​​​បាន​​​ចោទ​​​បុរស​​​ជា​​​ប្តី​​​រូបនេះ​​​ថា មិន​​​ដែល​​​ជួយ​​​គាត់​មើល​​​ការ​​​ខុស​​​ត្រូវ​​​របររក​​​ស៊ី​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា តាម​​​ការ​​​សាក​​​សួរ​​​កាល​​​ពី​​​ម្សិលមិញ បុរស​ឈ្មោះ​ ដែន​​​ បាន​​​និយាយ​​​ថា គាត់​​​កាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ដោយសារ​​​គាត់​​​ស្រវឹង​​​ស្រា​​​ជោក​​​ជាំ​​​ ហើយ​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​អារម្មណ៍​​​បាន​​​។

លោក​​​ សារិន បាន​​​មាន​​​ប្រសាសន៍​​​ថា  ជននេះ​​បាន​​​កាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​១កាំបិត​​​​​​ត្រង់​​​ក្បាល​​​ និង​​​១កាំបិត​​​ទៀត​​​ត្រង់​​​ដៃ​​​ ប៉ុន្តែថា មិន​​​បណ្តាល​​​ឲ្យ​​​ស្ត្រីរូបនេះ​រង​​​របួស​​​ធ្ងន់​​​ធ្ងរ​​​ទេ​​​។

លោក​​​បាន​​​ថ្លែង​​​ថា សាច់​​​ញាតិ​​​និង​​​អ្នក​​​ជិត​​​ខាង​​​បាន​​​រាយការណ៍​​​ប្រាប់​​​​​​នគរ​​​បាល​​​ឃុំ​​​អំពី​​​ហេតុ​ការណ៍​​​នេះ បន្ទាប់​​​ពី​​​ដឹក​​​អ្នកស្រី​​​ ថន ទៅ​​​កាន់​​​គ្លីនិក​​​មួយ​​​ក្នុង​​​មូល​​​ដ្ឋាន ទីដែល​​​អ្នកស្រី​​​សម្រាក​​​​ព្យាបាល​​​មុខ​​​របួស​​​នៅ​​​ឡើយ​​​។

លោកបាន​​​បន្ថែម​​​ថា បុរស​​​ឈ្មោះ ដែន នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​នៅ​​​ថ្ងៃ​​​នេះ​​​។ 

យោង​​​តាម​​​​​​ លោក សំ ណាល់ អធិការ​​​រង​​​នគ​​​របាល​​​ស្រុកបាធាយ​​​​បាន​​​ឲ្យដ​​​ឹង​​​ថា ហេតុការណ៍​​​នេះ​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​មានការ​​​ប្រើ​ពូថៅ​កាប់ស្ត្រី​​​ម្នាក់​​​នៅក្នុងស្រុក​​​បាធាយ​​​ ខេត្ត​​​កំពង់​​​ចាម​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ​​​ ដោយ​​​ស្នា​​​ដៃ​​​ប្តី​​​ដែល​​​ស្រវឹង។

លោក សំ ណាល់​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា បុរស​​​ឈ្មោះ គោក ឌឿន អាយុ​​​៣៧​​​ឆ្នាំ​​​បាន​​​កាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ឈ្មោះ ញ៉ែម​​​ សារ៉ុន អាយុ​​​៤២​​​ឆ្នាំ​​​នៅ​​​ផ្ទះ​​​របស់​​​ពួកគេ​​​ក្នុង​​​ឃុំ​​​ទំនប់​​​ នៅ​​​ពេល​​​ស្ត្រី​​​ជា​​​ប្រពន្ធ​​​​​​បែរ​​​ខ្នងដាក់​ខ្លួន​​​​ បន្ទាប់​​​ពី​​​មាន​​​ជម្លោះ​​​​​។

លោកបាន​​​ថ្លែង​​​ថា “បុរស​​​រូបនេះ​​​ បាន​​​ផឹក​​​ស៊ី​​​ជាមួយ​​​មិត្ត​​​ភក្តិ​​​របស់​​​ខ្លួន ហើយ​​​ត្រឡប់​​​មក​​​ផ្ទះ​​​វិញទាំងស្រវឹងស្រា​​​ជោក​​​ជាំ​​​។ ជន​​​នេះ​​​បាន​​​ឈ្លោះ​​​គ្នា​​​ជាមួយ​​​ប្រពន្ធ​​​របស់​​​ខ្លួន ហើយក៏​​​បាន​​​ទាញ​​​ពូថៅ​​​កាប់​​​​​​ត្រូវ​​​ក្បាល​​​ផ្នែក​​​ខាង​​​ក្រោយ​​​មួយ​ពូថៅ​ បណ្តាល​​​ឲ្យ​​​ស្ត្រី​​​រូប​​​នេះ​​​ស្លាប​​​់​​​ភ្លាមៗ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ឈ្មោះ ឌឿន នេះ​​​បាន​​​ឈប់​​​នៅ​​​ផ្ទះ​​​បង​​​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​ខ្លួន​​​មួយភ្លែត​​​ ហើយ​​​សារភាព​​​ប្រាប់​​​សាច់​​​ញាតិរូបនោះ​​​​មុន​​​ពេល​​​រត់​​​គេច​​​ខ្លួន​​​។

លោក ចាន់​​​ ហោ ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បានបញ្ជាក់​​​​អះ​​​អាង​​​ការ​​​រៀប​​​រាប់​​​ពីអំពើ​​​ឃាត​​​កម្ម​​​​​​របស់​​លោក សំ ណាល់ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​របស់​​​លោក​​​កំពុង​​​បន្ត​​​ស្វែង​​​រក​​​ចាប់ខ្លួន​ជន​​​សង្ស័យ​​​រូប​​​នេះ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស