35 C
Phnom Penh

ការ​តាំង​ពិព័រណ៍​​ទាក់​ទង​នឹង​​បញ្ហា​​នៃ​ស្ត្រី​មេម៉ាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ប្រទេស​កម្ពុជា​​ មាន​ពាក្យ​ទំនៀម​ដែល​ប្រើ​ដើម្បី​​ពណ៌នា​អំពី​ស្ត្រី​ដែល​​លែង​មាន​ប្ដី​ គឺ​ពាក្យ​ “មេម៉ាយ” ​ពាក្យ​ដដែល​នេះ​​ត្រូវ​គេ​ប្រើ​មិន​ចំពោះ​ថា ស្ត្រី​នោះ​ត្រូវ​លែង​លះ​គ្នា​ ឬ​នៅ​មេម៉ាយ​ទេ​។

យោងតាម​វិចិត្រករ​​ មិល ចាន់គ្រីម ស្ត្រី​គ្មាន​ប្ដី​​មាន​ការ​ចាត់​ជា​ច្រើន​ក្រុម​។ ​លោក​បាន​និយាយ​​ក្នុង​បទសម្ភាសន៍​​មួយ​​កាលពី​ថ្ងៃ​សុក្រ​ថា “​អ្នក​ជិត​ខាង​​​របស់​ខ្ញុំ​ជាច្រើន​នាក់​​ មាន​មិត្ត​ភក្ដិ និង​ស្ត្រី​​ដែល​ខ្ញុំ​ស្គាល់​​ និង​ជួប​ ជា​ស្ត្រី​​មេម៉ាយ ឬ​លែងលះ​គ្នា​។ ខ្ញុំ​មើល​ឃើញ​ពួកគេ​រស់​នៅ​មាន​បញ្ហា​ច្រើន​ណាស់​​​រហូត​ដល់​ពួកគេ​​​មិន​អាច​​ជម្នះ​បាន​។ ពួកគេ​មាន​ការ​ឈឺ​ចាប់​ និង​ការ​ធ្លាក់​ទឹក​ចិត្ត​ ហាក់​បី​​ដូច​​ជា​ពួកគេ​បាន​បាត់​បង់​របស់​ដ៏​សំខាន់​បំផុត​​ក្នុង​ជីវិត​​អ៊ីចឹង”។

ម្ដាយ​របស់​​វិចិត្រករ​​រូប​នេះ​​ផ្ទាល់​​ត្រូវ​ឪពុក​របស់​គាត់​​បោះបង់​ចោល​ ហើយ​ការ​ចងចាំ​នៃ​ការ​មើល​ឃើញ​ការ​តស៊ូ​ពុះពារ​របស់​គាត់​ទាំង​ការ​ធ្លាក់​​ទឹក​ចិត្ត​ក្នុង​ពេល​ប្រឹង​ប្រែង​​ដើម្បី​ចិញ្ចឹម​កូនៗ​របស់​គាត់​ដោយ​ខ្លួន​ឯង​ បាន​ជំរុញ​​​ឲ្យ​មាន​​ស្នាដៃ​សិល្បៈ​​បន្ត​បន្ទាប់​ថ្មីបំផុត​ ដែល​នឹង​​ដាក់​​តាំង​បង្ហាញ​ក្នុង​ការ​បើក​ពិព័រណ៍​មួយ​​​នៅ​ថ្ងៃ​ពុធនៅ​ចាវ៉ា​កាហ្វេ ក្នុង​ក្រុង​ភ្នំពេញ។

ដាក់​​ឈ្មោះ​ថា “​មេម៉ាយ​” ស្នាដៃ​បង្ហាញ​លក្ខណៈ​ពិសេស​របស់​ស្ត្រី​មេផ្ទះ​នេះ​ តាម​វិធី​​ជម្នះ​ដែល​បញ្ជាក់​នូវ​ភាព​ខ្លោច​ផ្សា​ដ៏​ស្ងាត់​ស្ងៀម​នៃ​ជីវិត​រស់​នៅ​របស់​ពួកគេ​។

លោក ចាន់គ្រីម ​បាន​គូរ​រូប​ទាំង​នោះ​ដោយ​ថ្នាំ​ពណ៌​លាយ​ទឹក​លើ​ក្រដាស​ ដោយ​​ប្រើ​របៀប​មនោគតិនិយម​បន្តិច​។ លទ្ធផល​គឺ​រូប​ភាព​​ដែល​ឆ្លុះ​បញ្ចាំង​​​នូវ​ភាព​កក់ក្ដៅ​ និង​ក៏​​​មាន​បង្កប់​ន័យ​ឈឺ​ចាប់​របស់​ស្ត្រី​​នៅ​ក្រោម​ផ្ទៃ​មុខ​ ដោយ​​មិន​ស្ដែង​​ចេញ​ច្រើន​។

ក្នុង​ស្នាដៃ​ដែល​ដាក់​ឈ្មោះ​ថា “ការ​បាត់​បង់​តុល្យភាព​” ស្ត្រី​ម្នាក់​​ដែល​ពាក់​អាវ​ពណ៌​ក្រហម​ ស និង​​រុំ​ក្បាល​នឹង​ក្រមា​ ឈរ​​​​ទ្រេតទ្រោត​ជាមួយ​​ក្មេង​ជំទង់​ម្នាក់​​នៅ​សងខាង​​គាត់​ ផ្នែក​ខាង​ក្រោម​នៃ​ខ្លួន​របស់​គាត់​​គូស​វាស​ព្រាល​ៗ​។

ក្នុង​ស្នាដៃ​មាន​ឈ្មោះ​ថា “​ក្នុង​ភាព​ត្រជាក់​” ស្ត្រី​ម្នាក់​ឱប​​ភួយ​​រុំ​ជុំវិញ​ខ្លួន​គាត់​​​​ ហើយ​ក្រមា​នៅ​លើ​ក្បាល​របស់​គាត់​​ដាច់​រសាត់​​មាន​អំបោះ​វែងៗ​ធ្លាក់​ចុះ​។

លោកស្រី កឹម ធីតា ​ជា​គ្រូពេទ្យ​ចិត្ត​វិទ្យា និង​ជា​អ្នក​ស្រាវជ្រាវ​អំពី​បញ្ហា​ស្ត្រី​​បាន​និយាយ​ថា “​ភាគ​ច្រើន​នៃ​ស្ត្រី​លែងលះ​គ្នា​ និង​ស្ត្រី​មេម៉ាយ​​គិត​ថា ​ស្ថានភាព​របស់​ខ្លួន​គឺ​ដោយ​សារ​​តែ​​កម្ម​អាក្រក់​​របស់​ខ្លួន​ ដែល​ហេតុ​នេះ​ហើយ​​ពួកគេ​ខុស​គ្នា​ពី​ស្ត្រី​ផ្សេង​ទៀត​​ដែល​អាច​មាន​គ្រួសារ​ល្អ​ត្រឹម​ត្រូវ​”។ យោង​តាម​ច្បាប់​​កម្មផល​ក្នុង​ពុទ្ធសាសនា​ ស្ថានភាព​របស់​​គេ​​ក្នុង​ជាតិ​នេះ​​គឺ​ដោយ​សារ​​អំពើ​របស់​គេ​​ពី​ជាតិ​មុន​។ ជំនឿ​នេះ​មាន​ជាទូទៅ​​នៅ​ក្នុង​​ប្រទេស​កម្ពុជា។

លោកស្រី​បាននិយាយ​ថា “​នេះ​ជា​វប្បធម៌​មួយ​​​ដែល​ប្រជាជន​មាន​ផ្នត់​គំនិត​ថា នៅ​ពេល​ណា​​អាពាហ៍ពិពាហ៍​​បញ្ចប់ ស្ត្រី​នោះ​ត្រូវ​គេ​​ចាត់​ទុក​ថា ជា​ស្ត្រី​អាក្រក់​ ហើយ​ត្រូវ​គេ​បន្ទោស​​ចំពោះ​ការ​ស្លាប់​ប្ដី​របស់​ខ្លួន​​ឬ​ត្រូវ​គេ​ហៅ​ថា ស្រី​​បិសាច​ ដែល​បាន​​ធ្វើ​ឲ្យ​ប្ដី​របស់​ខ្លួន​​លែងលះ”។

លោក​ស្រី ធីតា បាន​និយាយ​ថា លើស​ពី​នេះ​មាន​ភាព​អាម៉ាស់​ចំពោះ​ស្ត្រី​ដែល​មាន​ប្ដី​​ច្រើន។ ដូច្នេះ​​​បន្ថែម​ទៅ​នឹង​​ការ​មាន​កង្វល់​​ស្រាប់​​ថា​តើ​​អាពាហ៍ពិពាហ៍​នឹង​មាន​សុភមង្គល​ឬយ៉ាង​ណា បើ​​ពួកគេ​ការ​ម្ដង​ទៀត​នោះ​ ស្ត្រី​នឹង​ខ្លាច​​គេ​ហៅ​ថា​ ជា​ស្ត្រី​មាន​ប្ដី​ច្រើន​។

លោកស្រី​បាន​​​និយាយ​ទៀត​ថា “​នៅ​​ទី​ជនបទ​ វា​រឹត​តែ​ពិបាក​ថែម​ទៀត​​ចំពោះ​ស្ត្រី​​ដែល​លែងលះគ្នា​ ឬ​មេម៉ាយ​ក្នុង​ការ​រៀប​ការ​ជាថ្មី​ ដោយ​សារ​តែ​ផ្នត់​គំនិត​នោះ​”។

លោកស្រី​បាន​បន្ថែម​ថា ប៉ុន្តែ​ទោះ​​ជានៅ​តាម​ទីក្រុង​ក៏ដោយ “​ខ្ញុំ​មើល​ឃើញ​​ចំនួន​តិច​តួច​ណាស់​នៃ​ស្ត្រី​លែងលះគ្នា​ និង​ស្ត្រី​មេម៉ាយ​ដែល​រៀប​​ការ​ជា​ថ្មី​នោះ ហើយ​តែ​ក្នុង​ករណី​ពួកគេ​​មាន​ឯករាជ្យ​ខាង​ថវិកា​ និង​មាន​ការ​អប់រំ​ល្អ​​ប៉ុណ្ណោះ​”។ លោកស្រី ធីតា បាន​កត់​សម្គាល់​ថា ហេតុ​ដូច្នេះ​ហើយ​ស្ត្រី​​មេម៉ាយ​ និង​ស្ត្រី​លែងលះ​គ្នា​ជាច្រើន​នាក់​​​ធ្លាក់​ក្នុង​​ជំងឺ​​​បាក់​ទឹកចិត្ត។

លោក ចាន់គ្រីម បាន​និយាយ​ថា ស្ត្រី​មួយ​ចំនួន​​ហាក់​​ដូច​ជា​គិត​ថា ការ​បាត់​បង់​ប្ដី​​គឺ​ជា​ការ​បាត់​បង់​អ្វីៗ​ក្នុង​ជីវិត​។ លោក​​បាន​និយាយ​ថា ក៏​ប៉ុន្តែ​ស្ត្រី​បស្ចិម​ប្រទេស​ជាច្រើន​​​សម្រប​ឥរិយាបថ​របស់​ខ្លួន​ផ្សេង​​​ទៅវិញ​ មិន​ថា​ជា​ស្ត្រី​មេម៉ាយ​ឬ​លែងលះ​គ្នា​ទេ។ ” ពួកគេ​នៅ​តែ​រឹងមាំ​ ហើយ​រស់​នៅ​​​ប្រកប​ដោយ​ទំនុក​ចិត្ត​។ ខ្ញុំ​សង្ឃឹម​ថា គំនូរ​​របស់​ខ្ញុំ​នឹង​លើក​ទឹក​ចិត្ត​ស្ត្រី​ខ្មែរ​​ឲ្យ​ធ្វើ​ដូច​គ្នា​នេះ​”។

លោក ចាន់គ្រីម ​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ពី​សាលា​សិល្បៈ​ ហ្វារ​ ពន្លឺ​សិល្បៈ នៅ​ទីក្រុង​បាត់ដំបង ​ក្នុង​ឆ្នាំ​​២០១៣ ជា​ផ្នែក​មួយ​នៃ​ក្រុម​វិចិត្រករ​​ដែល​​រស់​នៅ​ និង​​មាន​ស្ដូឌីយ៉ូ​រួម​គ្នា​​ក្នុង​ខេត្ត​បាត់ដំបង​​ ដោយ​មាន​ឈ្មោះ​​ថា រំចេក​៥។

វិចិត្រករ​អាយុ​២៤​ឆ្នាំ​នេះ ​បាន​ចំណាយ​ពេល​ជាង​១ឆ្នាំ​លើ​រូប​គំនូរ​​ដែល​គាត់​សង្ឃឹម​ថា ក៏​នឹង​អាច​លើក​ទឹក​ចិត្ត​​ឲ្យ​គេ​មើល​ឃើញ​ស្ត្រី​លែងលះ​គ្នា​ និង​ស្ត្រី​មេម៉ាយ​​តាម​វិធី​ផ្សេង​ទៅ​វិញ។

ពិព័រណ៍​នៅ​ចាវ៉ា​កាហ្វេ ​បើក​នៅ​ម៉ោង​៦និង​៣០​នាទី​ល្ងាច​នៅ​ថ្ងៃ​ពុធ។ ពិព័រណ៍​នេះ​នឹង​បើក​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា៕ និត​​​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស