28 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ទទួល​ជំនួយ​​ជាង​១៥០​លាន​ដុល្លារ​​ពី​ចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់​ខ្ពស់​​មួយ​រូប​បាន​និយាយ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ជួប​ជាមួយ​​ប្រធានាធិបតី​ចិន​លោក​​ ស៊ី ជីន ពីង នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​​ដើម្បី​ទទួល​​ជំនួយ​ឥត​សំណង​​​ជាង​១៥០​លាន​ដុល្លារ​ ដែល​ភាគច្រើន​​​​​​​នឹង​ចំណាយ​ទៅ​លើ​សំណង់​​កីឡដ្ឋាន​​ដ៏ធំ​មួយ​ក្នុង​ក្រុង​ភ្នំពេញ។

យោង​តាម​​ការ​បង្ហោះ​លើ​​ទំព័រ​ហ្វេសប៊ុក​​របស់​​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​​ទៅ​ដល់​ប្រទេស​ចិន​​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ចូល​រួម​សន្និសីទ​​ស្ដីពី​វិស័យ​ការ​ពារ​ ពាណិជ្ជកម្ម និង​ទេសចរណ៍​ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​បាន​ចូល​រួម​ជាមួយ​លោក ស៊ី ​ជា​អធិបតី​​ក្នុង​​​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​មួយ​ចំនួន​រវាង​ប្រទេស​ទាំង​ពីរ។

ការ​បង្ហោះ​​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​​ព្រឹត្តិការណ៍​នោះ ប្រទេស​ចិន​បាន​សន្យា​​នាំ​​ចូល​អង្ករ​១០០.០០០​តោន​​​ពី​ប្រទេស​កម្ពុជា​​រាល់​ឆ្នាំ​ ដោយ​ចាប់​ផ្ដើម​​នៅ​ឆ្នាំ​២០១៦​ទៅ​ សាង​សង់​មន្ទីរ​ពេទ្យ​មួយ​កន្លែង​​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​និង​​ផ្ដល់​​ឲ្យ​ប្រទេស​កម្ពុជា​​​១.០០០​លាន​យាន់​ (ប្រហែល​១៥៧លាន​ដុល្លារ​) ជា​ជំនួយ​ឥត​សំណង​។

លោក វ៉ាត់ ចំរើន​ ​អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ជំនួយ​​ជិត​១០០​លាន​ដុល្លារ​នឹង​ត្រូវ​ប្រើ​​​ក្នុង​ការ​ចំណាយ​លើ​​ដំណាក់​កាល​ទី២​នៃ​សំណង់​កីឡដ្ឋាន​​​ជាតិ​មរតក​តេជោ ​ក្នុង​នោះ​មាន​ទាំង​កីឡដ្ឋាន​ធំ​ផង។

ដោយ​ត្រូវ​ទទួល​រៀបចំ​​ស៊ីហ្គេម​ឆ្នាំ​២០២៣​ រដ្ឋាភិបាល​​បាន​ចាប់​ផ្ដើម​ការ​សាង​សង់​​បរិវេណ​កីឡា​ដ៏ធំ​លើ​​​ផ្ទៃ​ដី​ទំហំ​​៨៥​ហិកតា​​​នៅ​ជ្រោយ​ចង្វា ក្នុង​ក្រុង​​ភ្នំពេញ កាលពី​ឆ្នាំ​២០១៣ ​ក្នុង​តម្លៃ​​​ទឹក​ប្រាក់​ប្រហែល​៣៩​លាន​ដុល្លារ​។

លោក ចំរើន បាន​និយាយថា នៅ​ពេល​​ដែល​ក្រុម​ហ៊ុន​មួយ​​ដែល​ជា​របស់​លោក លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​​ប្រជាជន​កម្ពុជា ​ត្រូវ​បាន​ជ្រើស​រើស​​ឲ្យអនុវត្ត​​ដំណាក់​កាល​ទី១​នៃ​សំណង់​ ដែល​​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៦​នោះ ដំណាក់​កាល​ទី២​ដ៏​​មាន​មហិច្ឆតា​​​នឹង​ត្រូវ​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​សំណង់​ចិន​​​ ដែល​ជ្រើស​រើស​ដោយ​ប្រទេស​ចិន​។ ​​​​​​​​​​​​​

លោក​បាន​និយាយ​ថា “​វា​មិន​ត្រឹម​តែ​ជា​​កីឡដ្ឋាន​​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​កម្សាន្ត​​ដ៏​ជា​ទីចាប់​អារម្មណ៍​ផង​ដែរ​ ដោយ​មាន​​​ប្រឡាយ​ទឹក​ជុំវិញ​វា​ដូច​អង្គរ​វត្ត​អ៊ីចឹង​”។

ក្នុង​ព្រឹត្តិការណ៍​ដោយ​ឡែក​មួយ​នៅ​​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ចិន​​ប្រចាំ​ប្រទេស​កម្ពុជា​​​លោកស្រី​ ប៊ូ ជាំង​គូ (Bu Jianguo) ​បាន​ប្រគល់​​​​សម្ភារ​ការិយាល័យ​​ដែល​មាន​តម្លៃ​​ជា​ទឹក​ប្រាក់​ប្រហែល​១២៦.០០០​ដុល្លារ​​ដល់​ក្រសួង​ការ​បរទេស​​តាង​នាម​ឲ្យ​រដ្ឋាភិបាល​របស់​លោកស្រី។

ក្រោយ​ពី​ការ​ថ្លែង​អំណរ​គុណ​លោកស្រី ប៊ូ ​ចំពោះ​អំណោយ​​ ដែល​ក្នុង​នោះ​មាន​​កុំព្យូទ័រ​លើ​តុ និង​កុំព្យូទ័រ​យួរ​ដៃ​ ម៉ាស៊ីនព្រីន​​ឡេស័រ និង​ម៉ាស៊ីន​ថត​ចម្លង​ផង​ លោក ​​ហោ ណាំហុង ​​បាន​​​លើក​ឡើង​​ពី​ភាព​ពឹង​ផ្អែក​​ផ្នែក​ហិរញ្ញវត្ថុ​របស់​​ប្រទេស​កម្ពុជា​​ទៅ​លើ​ប្រទេស​ចិន​។

លោក​បាន​មាន​ប្រសាសន៍​ថា “​សេដ្ឋកិច្ច​កម្ពុជា​​មិន​អាច​​កាត់​ផ្ដាច់​ពី​ជំនួយ​​របស់​ប្រជាជន​ចិន និង​រដ្ឋាភិបាល​​ចិន​​បាន​ឡើយ​”៕ និត​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស