
លោក លាង ស៊ីកន ទទួលបានការផុសគំនិតពីវត្ថុបុរាណប្រទេសកម្ពុជាសម្រាប់ការតាំងពិព័រណ៍ថ្មីរបស់លោកនៅញូវយ៉ក
ពីរបីឆ្នាំកន្លងមកនេះ លោក លាង ស៊ីកន ប្រើសិល្បៈរបស់លោក ដើម្បីបង្ហាញភាពជ្រួលច្របល់ដែលបានញាំញីពលរដ្ឋខ្មែរគ្រប់រូបនាទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។
ការនេះចាប់ផ្តើមជាមួយនឹង”សំពត់ធ្ងន់”ដែលដាក់ឈ្មោះតាមសម្លៀកបំពាក់ដែលម្តាយរបស់លោកបានប្រើប្រាស់ ដោយដេរប៉ះជាន់លើគ្នាម្តងហើយម្តងទៀតនាដើមទសវត្សរ៍ឆ្នាំ១៩៧០ ក្នុងពេលដែលភូមិរបស់គេបានទទួលរងការទម្លាក់គ្រាប់បែប។
ឥឡូវនេះ ដោយមានផ្ទាំងគំនូរគូរនៅជញ្ជាំងដែលលោកបានបង្កើតឡើងសម្រាប់ការតាំងពិព័រណ៍នៅញូវយ៉ករបស់លោកនៅសប្តាហ៍ក្រោយនៅវិចិត្រសាលស៊ុនដារាម តាហ្គរ លោក ស៊ីកន នឹងនាំមកនូវការបញ្ចប់បែបសិល្បៈចំពោះការឈឺចាប់វេទនារយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយប្រើការបញ្ជូនមកប្រទេសវិញនាពេលថ្មីកន្លងមកនេះនូវវត្ថុបុរាណខ្មែរដែលត្រូវចោរលួច ដើម្បីធ្វើជានិមិត្តរូបដល់ការបញ្ចប់ខាងផ្លូវចិត្តនៃសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍មកនេះ។
កាលពីខែឧសភា រូបចម្លាក់ហនុមាននាសតវត្សរ៍ទី១០ ដែលគេជឿថា ត្រូវបានចោរលួចពីប្រាសាទកោះកេរនាទសវត្សរ៍ឆ្នាំ១៩៦០ ត្រូវបានសារមន្ទីរសិល្បៈក្លេវឺឡែនបញ្ជូនមកឲ្យខ្មែរវិញ។
សម្រាប់លោក ស៊ីកន ការបញ្ជូនបដិមាហនុមានមកកម្ពុជាវិញ មានន័យថា ប្រទេសនេះជាថ្មីម្តងទៀតស្ថិតនៅក្រោមការរក្សាការពាររបស់ទេវតា។ តួអង្គគួរជាទីពេញចិត្តបំផុត គឺហនុមានដែលដើរតួនាទីដ៏លេចធ្លោក្នុងរឿងរាមកេរ្តិ៍ ជារឿងវីរកថាឥណ្ឌាបែបខ្មែរ។
នៅក្នុងរូបគំនូរស៊េរីថ្មីរបស់លោក ស៊ីកន ហនុមានតំណាងឲ្យពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាកចេញពីមាតុភូមិនាទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ បានរត់ទៅបរទេស ហើយក៏មានបំណងវិលត្រឡប់មកមាតុភូមិវិញ។ ប៉ុន្តែវិចិត្រកររូបនេះក៏បានឃើញអាទិទេពថាជាអ្នករក្សាការពារជានិមិត្តរូបរបស់ប្រទេស ដែលបានធ្លាក់ចូលក្នុងភាពវឹកវរចលាចលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ក្រោយពីរូបចម្លាក់ត្រូវគេលួចទៅបាត់។ ការធ្វើដំណើររបស់ហនុមាន មានរៀបរាប់នៅក្នុងផ្ទាំងគំនូរមួយក្នុងបណ្តាផ្ទាំងគំនូរទាំងអស់ដែលដាក់តាំងពិព័រណ៍ គឺជាគំនូរប្រព័ន្ធផ្សព្វផ្យាយចម្រុះ ដែលមានចំណងជើងថា “ហេតុដែលហនុមានវិលត្រឡប់មកកម្ពុជាវិញ”។ ផ្ទាំងគំនូរនេះមានរៀបរាប់អំពីចក្ខុវិស័យបីរបស់អាទិទេព គឺនៅខាងឆ្វេង ហនុមានជាគ្រោងឆ្អឹងយំទួញសោក នៅចំកណ្តាល ហនុមានត្រូវគេវះពុះច្រៀក ដើម្បីបង្ហាញដាវក្នុងពោះ និងផែនទីកម្ពុជានៅក្នុងខួរក្បាល ហើយនៅខាងស្តាំដៃ ហនុមានមានរូបទាំងមូល ជាអ្នកចម្បាំងមានសម្បុរមាសនិងប្រផេះ។
នៅពេលដែលរូបចម្លាក់ត្រូវគេលួចទៅបាត់ លោក ស៊ីកន បាននិយាយថា “គេដាក់តាំងរូបចម្លាក់ក្នុងសារមន្ទីរឲ្យមនុស្សមើល។ គាត់មានសុត្ថិភាពក្នុងសារមន្ទីរ ប៉ុន្តែគាត់មិនសប្បាយចិត្តទាល់តែសោះ គិតតែពីយំយែករទូ ហើយរាងកាយកាន់តែស្គមស្គាំងទៅៗ ត្បិតនឹកស្រុកពេក”។

វិចិត្រកររូបនេះ បាននិយាយថា “គេមិនយល់ថា ហេតុអ្វីបានជាបដិមាស្រែកទ្រហោយំ ហើយក៏ស្គមស្គាំងទៀត។ ដូច្នេះ គេបានសម្រេចចិត្តយកគាត់ទៅមន្ទីរពេទ្យ។” យោងតាមទស្សនរបស់វិចិត្រកររូបនេះចំពោះព្រឹត្តិការណ៍នេះឲ្យដឹងថា ក្នុងពេលដែលគេសែងហនុមានចេញពីសារមន្ទីរ ស្រាប់តែព្រះអាទិត្យជះពន្លឺទៅលើរូបគាត់ ដោយធ្វើឲ្យពន្លឺជះទៅមើលឃើញខាងក្នុងពោះ ហើយក៏ធ្វើឲ្យបុគ្គលិកសារមន្ទីរមើលឃើញដាវមួយក្នុងពោះគាត់ និងផែនទីប្រទេសខ្មែរមួយផ្ទាំងជាប់នឹងខួរក្បាល ក៏ដូចជានៅលើដៃស្តាំ និងបេះដូងគាត់។
វិចិត្រកររូបនេះ បាននិយាយថា “គេក៏បានដឹងថា រូបចម្លាក់នេះជារបស់ប្រទេសកម្ពុជា។ ដូច្នេះគេក៏ប្រគល់មកឲ្យវិញ។ ឥឡូវនេះ ហនុមានបានវិលត្រឡប់មកការពារមាតុភូមិវិញហើយ”។
នៅក្នុងផ្ទាំងគំនូរមួយទៀតដែលមានចំណងជើងថា “សង្គ្រាមឥណ្ឌូចិន” អ្នកចម្បាំងពីរនាក់ក្នុងសម្លៀកបំពាក់ប្រពៃណី គឺបោកចំបាប់គ្នានៅខាងឆ្វេងដៃនៃផ្ទាំងគំនូរ ចំណែកឯនៅខាងស្តាំដៃ គេបានក្លាយជារូបចម្លាក់ដោយគ្មានដៃ។ ពួកគេតំណាងឲ្យរូបចម្លាក់ថ្មភក់ពីរផ្សេងទៀតមកពីកោះកេរ ដែលត្រូវគេលួចក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយត្រូវបានបញ្ជូនមកស្រុកវិញនាពេលថ្មីៗនេះ ដែលតំណាងភឹម និងទុរយោធ។ នៅផ្ទៃខាងក្រោយ មានរូបឥន្ទ្រីកាន់គ្រាប់បែក ជាការសំដៅទៅលើការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិកនាចុងទសវត្សរ៍ឆ្នាំ១៩៦០និងដើមទសវត្សរ៍ឆ្នាំ១៩៧០ហើររំលងដើមត្នោតខ្ពស់ៗ។ នៅខាងក្រោម មានទាហានខ្មែរក្រហមម្នាក់ស្លៀកពាក់ខ្មៅបង្ហាញនៅចន្លោះកណ្តុរក្រហមដែលលីបាវលើស្មា។ ផ្ទាំងគំនូរនេះ គូរដោយប្រើថ្នាំអាគ្រីលិកនៅលើផ្ទាំងក្រណាត់ ចំណែកឯរាងកាយរបស់តួអង្គធ្វើអំពីសំពត់ និងបន្ទះស្បែកកាត់ជាបន្ទះៗ។
កើតក្នុងឆ្នាំ១៩៧០ លោក ស៊ីកន មកពីជំនាន់ទីមួយនៃវិចិត្រករក្រោយសង្គ្រាម ដែលបានចាប់ផ្តើមតាំងពិពរ័ណ៍ក្នុងចុងទសវត្សរ៍ឆ្នាំ១៩៩០។ ឥឡូវក្លាយជាវិចិត្រករដ៏លេចធ្លោមួយរូប គំនូររបស់លោកបានដាក់បង្ហាញក្នុងក្រុងឡុងដ៍កាលពីឆ្នាំមុន និងក្រុងហុងកុងកាលពីពីរបីខែមុន ហើយបច្ចុប្បន្ននេះដាក់តាំងនៅក្រុងលីល ប្រទេសបារាំង។
នៅញូវយ៉ក គំនូរលោក ស៊ីកន នឹងជាផ្នែកនៃការតាំងពិព័រណ៍ដែលមានចំណងជើងថា “REV | ACTION: សិល្បៈសហសម័យពីអាស៊ីអាគ្នេយ៍” និយាយអំពីវិចិត្រករ១០នាក់មកពីតំបន់នេះ។ លោកស្រី ល័រដាណា ប៉ារ៉ាសស៊ៀណា ប្រធានការតាំងពិព័រណ៍ បាននិយាយថា លោក ស៊ីកន មានវិធីសាស្ត្រគួរឲ្យចាប់អារម្មណ៍ចំពោះសិល្បៈសហសម័យ ដោយប្រើសិល្បៈបិទក្រដាសពណ៌ និងប្រព័ន្ធផ្សព្វផ្សាយចម្រុះ ក្នុងការវេញត្របាញ់បញ្ចូលនិទានកថាផ្ទាល់ខ្លួនជាមួយនឹងរឿងរ៉ាវនៃប្រវត្តិសាស្ត្រមាតុប្រទេសរបស់លោក។ លោកស្រីបាននិយាយថា សរុបទៅ គំនូររបស់លោក ស៊ីកន “បង្ហាញឲ្យឃើញនូវរឿងរ៉ាវទាំងឡាយបែបប្រវត្តិសាស្ត្រ ផ្ទាល់ខ្លួន និងជាសមូហភាព”។
ការតាំងពិព័រណ៍បើកនៅថ្ងៃព្រហស្បតិ៍៕ រើន