38 C
Phnom Penh

អ្នក​​​ភូមិ​​​​​​ដុត​​​​​​ស្លាក​​​គ​​​ណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ការ​​​តវ៉ា​​​រឿង​​​គ្មាន​​​អំណោយ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​​​​បូ៉លិស​​​ និង​​​សមា​​​ជិក​​​បក្ស​​​បាន​​​និយាយ​​​ថា​​​ ដោយ​​​មាន​​​កំហឹង​​​​​​​​​ព្រោះ​​​តែ​​​គ្មាន​​​ការ​​​ចែក​​​អំណោយ​​​ពី​​​សំណាក់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ អ្នក​​​ភូមិ​​​ប្រហែល​​​១៥​​​នាក់​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​ បាន​​​ដុត​​​ស្លាក​​​សញ្ញា​​​​​​គណបក្ស​​​​​​ប្រ​​​ឆាំង​​​​​​ពេល​​​​​​តវ៉ា​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ។

កា​​រ​​​តវ៉ា​​​បាន​​​ដឹក​​​នាំ​​​ដោយ​​​លោក កែម កុសល ជា​​​អតីត​​​សកម្មជន​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​​​​សមាជិក​​​បក្ស​​​ចំនួន​​​៥៦៤​​​នាក់​​​ក្នុង​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​​​​ចុះ​​​ចូល​​​នឹង​​​​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​កាន់​​​អំណាច​​​​​​កាល​​​ពី​​​ខែ​​​សី​​​ហា។​​​ នា​​​ពេល​​​ថ្មីៗ​​​នេះ លោក កុសល​​​​​​បាន​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​​​​លោក សម​​ រង្ស៊ី​​​ ប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ក្នុង​​​ពេល​​​ដែល​​​​​​លោក​​​ធ្វើ​​​ទស្ស​​​នកិច្ច​​​​​​មក​​​ខេត្ត​​​នេះ​​​កាល​​​ពី​​​សប្តាហ៍​​​មុន។

ក្នុង​​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​គណបក្ស​​​ប្រឆាំង​​​​​​នៅ​​​ថ្ងៃ​​​សុក្រ​​​នេះ សមាជិក​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ថ្មី​​​ថ្មោង​​​រូប​​​នេះ បាន​​​ដឹក​​​នាំ​​​អ្នក​​​ភូមិ​​​ប្រហែល​​​១៥​​​នាក់​​​​​​ត​​​វ៉ា​​​​​​ក្នុង​​​ក្រុង​​​សំរោង​​​ ដោយ​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​​​​នៅ​​​លើ​​​ដី​​​អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ជុំ យ៉ាន់ អាយុ​​​៦៣​​​ឆ្នាំ​​​ ដែល​​​មាន​​​ស្លាក​​​សញ្ញា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បោះ​​​នៅ​​​ទី​​​នោះ​​​អស់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​មក​​​ហើយ។

យោង​​​តាម​​​វីដេអូ​​​ឃ្លីប​​​បង្ហោះ​​​នៅ​​​លើ​​​វិបសាយ Fresh News​​​ ឲ្យ​​​ដឹង​​​ថា ​​​បន្ទាប់​​​ពី​​​អ្នក​​​ស្រី​​​ យ៉ាន់​​​ និង​​​លោក កុសល​​​​​​រិះ​​​គន់​​​​​​គណបក្ស​​​ប្រ​​​ឆាំង​​​ថា​​​មិន​​​បាន​​​ផ្តល់​​​ប្រាក់​​​កាស​​​ ឬ​​​អំណោយ​​​ដល់​​​អ្នក​​​ភូមិ​​​នោះ អ្នក​​​ភូមិ​​​​​​​​​ដែលបាន​​​​​​មក​​​ជួបជុំ​​​គ្នា​​​ក៏​​​បាន​​​នាំ​​​គ្នា​​​​​​រុញ​​​​​​ស្លាក​​​សញ្ញា​​​ផ្តួល​​​ បន្ទាប់​​​មក​​​កេះ​​​ដែក​​​កេះ​​​​​​ដុត​​​ឆេះ​​​ទ្រលោម​​​​​​ ហើយ​​​ក៏​​​នាំ​​​គ្នា​​​ឈរ​​​មើល​​​តែ​​​ម្តង។

លោក សូ សាន អធិការ​​​ក្រុង​​​សំរោង បាន​​​និយាយ​​​ថា “​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​ព្រឹក​​​​​​ថ្ងៃ​​​សុក្រ​​​ អ្នក​​​ភូមិ​​​បាន​​​រុញ​​​ផ្តួល​​​​​​ស្លាក​​​សញ្ញា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​ក៏​​​ដុត​​​ចោល​​​តែ​​​ម្តង ដោយ​​​ចោទ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា​​​​​​មិន​​​គោ​​​រព​​​ពួក​​​គេ​​​ ឬ​​​មិន​​​ផ្តល់​​​អំណោយ​​​​​​អស់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​មក​​​ហើយ”។

លោក សាន​​​ បាន​​​និយាយ​​​ថា លោក ​​​និង​​​មន្ត្រី​​​​​​នគរ​​​បា​​​​​ល​​​លោក មិន​​​បាន​​​ចូល​​​ទៅ​​​ការ​​​ពារ​​​កន្លែង​​​​​​តវ៉ា​​​ទេ ពីព្រោះ​​​​​​មិន​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​ ប៉ូលិស​​​​​​ចូល​​​រួម​​​ក្នុង​​​រឿង​​​នោះ​​​។​​​ អធិការ​​​ក្រុង​​​រូប​​​នេះ បាន​​​និយាយ​​​ថា លោក​​​មិន​​​ច្បាស់​​​​​ថា​​​តើ​​​អ្នក​​​តវ៉ា​​​​​​បាន​​​ប្រព្រឹត្ត​​​ល្មើស​​​ឬ​​​យ៉ាង​​​ណា​​​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អធិការ​​​ក្រុង​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​យើង​​​មិន​​​អាច​​​​​​ទទួល​​​បណ្តឹង​​​បាន​​​ទេ ពី​​​ព្រោះ​​​​​​នេះ​​​ជា​​​រឿង​​​​​​ស៊ី​​​វិល​​​ ដូច្នេះ​​​គេ [គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​]​​​ត្រូវ​​​ប្តឹង​​​ទៅ​​​តុលាការ​​​ផ្ទាល់​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា​​​​​​តើ​​​មាន​​​ច្បាប់​​​ផ្តន្ទា​​​ទោស​​​អ្នក​​​ដុត​​​ឬ​​​យ៉ាង​​​ណា​​​ទេ”។​​​

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី លោក គិញ វណ្ណៈ ប្រធាន​​​ប្រតិបត្តិ​​​ស្តី​​​ទី​​​នៃ​​​គណកម្មការ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រ​​​ចាំ​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ បាន​​​និយាយ​​​ថា គណបក្ស​​​នឹង​​​ដាក់​​​ពាក្យ​ប្តឹង​​​ទៅ​​​ប៉ូលិស។ លោក វណ្ណៈ បាន​​​និយាយ​​​ថា​​​ លោក​​​ជឿ​​​ថា គំនិត​​​​​​ដុត​​​ស្លាក​​​សញ្ញា​​​មិន​​​មែនចេញ​​​​​​ពី​​​អ្នក​​​ភូមិ​​​ទេ​​​ ប៉ុន្តែ​​​ញុះ​​​ញង់​​​ដោយ​​​”គណបក្ស​​​ខ្លះ”។​​​​​​

លោក វណ្ណៈ បាន​​​និយាយ​​​ថា “​​​ប្រសិន​​​បើ​​​អ្នក​​​ភូមិ​​​​​​មិន​​​សប្បាយ​​​ចិត្ត ឬ​​​មិន​​​ចង់​​​ទុក​​​ស្លាក​​​សញ្ញា​​​​​​នៅ​​​ពី​​​មុខ​​​ផ្ទះ​​​របស់​​​​​​គេ​​​ គេ​​​អាច​​​សុំ​​​ឲ្យ​​​​​​យើង​​​រើ​​​ចេញ​​​បាន”។

លោក កុសល អតីត​​​សកម្ម​​​ជន​​​ បាន​​​និយាយ​​​ថា អ្នកស្រី យ៉ាន់​​​ ​​​បាន​​​ទាក់​​​ទង​​​រូប​​​លោក  ព្រោះ​​​មាន​​​គំនិត​​​​​​ដុត​​​ស្លាក​​​សញ្ញា​​​ ចំណែក​​​ឯ​​​អ្នក​​​តវ៉ា​​​​​​ក៏​​​ខឹង​​​ដែរ ព្រោះ​​​ថា​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ដែល​​​បាន​​​ផ្តល់​​​អ្វី​​​ដល់​​​ពួក​​​គេ​​​សោះ។

លោក កុសល បាន​​​និយាយ​​​ថា “គាត់​​​គ្មាន​​​ជំនឿ​​​លើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទៀត​​​ទេ។ គាត់​​​គាំ​​​ទ្រ​​​ពួកគេ ប៉ុន្តែ​​​​​​គេ​​​មិន​​​ដែល​​​ឲ្យ​​​អ្វី​​​​​​ដល់​​​គាត់​​​​​​សោះ។ ប្រសិន​​​បើ​​​មិន​​​ដុត​​​ចោល​​​ទេ សម រង្ស៊ី ឬ​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​​​​នឹង​​​បន្ត​​​កុ​​​ហក​​​អ្នក​​​ភូមិ​​​រហូត”។​​​​​​​​​​​​​​​

ក្នុង​​​វី​​​ដេអូ Fresh News គេ​​​ឃើញ​​​អ្នក​​​ស្រី យ៉ាន់ ប្រាប់​​​អ្នក​​​សួរ​​​សំណួរ​​​ថា “​​​តាំង​​​ពី​​​ខ្ញុំ​​​ដាក់​​​ស្លាក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​៥​​​ឆ្នាំ​​​ហើយ​​​ ខ្ញុំ​​​មិន​​​ដែល​​​ទទួល​​​អំណោយ​​​បន្តិច​​​សោះ​​​ សូម្បី​​​តែ​​​ចាស់​​​ជរា​​​ប៉ុណ្ណេះ ក៏​​​មិន​​​ដែល​​​បាន​​​​​​។ ខ្ញុំ​​​គិត​​​​​​ដល់​​​អនាគត​​​​​​ចៅ​​​ៗ​​​ខ្ញុំ​​​​​​ដែល​​​នៅ​​​ក្រោយ​​​។​​​ បាន​​​ជា​​​​​​​​​​​​ខ្ញុំ​​​កើត​​​ទុក្ខ​​​មិន​​​សុខ​​​ចិត្ត​​​ ឲ្យ​​​​​​ដក​​​ស្លាក​​​សញ្ញា​​​​​​ចេញ​​​”៕ រើន​​​​​​​​​

 

​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស