ក្រុមមន្ត្រីបាននិយាយថា ជនជាតិចិនពីរនាក់ត្រូវបានចាប់ខ្លួន និង៧២នាក់ទៀតត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃសុក្រ ក្នុងការឆ្មក់ចូលជាច្រើនលើករបស់ក្រសួងមហាផ្ទៃ ដើម្បីបំបែកសម្បុកក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិតគ្រប់គ្រងដោយជនជាតិចិន ដែលកំហែងទារប្រាក់ពីអ្នកនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
អំឡុងការឆ្មក់ចូលក្នុងក្រុងព្រះសីហនុ និងក្រុងសៀមរាប ទូរស័ព្ទដៃ កុំព្យូទ័រ និងម៉ូដឹម ជាច្រើនត្រូវបានរឹបអូស។ ទោះជាយ៉ាងណា គេមិនបានរកឃើញភ័ស្តុតាងពាក់ព័ន្ធសំឡេងជុំវិញការឆ្លើយឆ្លងតាមប្រព័ន្ធអុីនធឺណិតអំឡុងការឆ្មក់ចូលទី៣នៅក្នុងខេត្តត្បូងឃ្មុំឡើយ។
លោក ម៉ម កំណល់ ស្នងការរងនគរបាលខេត្តព្រះសីហនុ ទីដែលជនទាំងពីរនាក់នេះត្រូវបានចាប់ខ្លួន បានមានប្រសាសន៍ថា គេបានរកឃើញថា វ៉ាង យ៉ុងដេ (Wang Yongde) និង វ៉ាង ជីងគូ (Wang Jingu) អាយុ៣៣ឆ្នាំដូចគ្នាថា បានប្រើប្រាស់ទូរស័ព្ទនិងកុំព្យូទ័រដើម្បីកំហែងទារប្រាក់។
លោក កំណល់ បានមានប្រសាសន៍ថា “ការឆ្មក់ចូលនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅកាស៊ីណូឡិចស៊ីស (Lexus Casino) ក្នុងក្រុងព្រះសីហនុ ហើយនគរបាលខេត្តព្រះសីហនុ បានសហការជាមួយនគរបាលមកពីនាយកដ្ឋានកណ្ដាលសន្តិសុខក្រសួងមហាផ្ទៃ ដើម្បីចាប់ខ្លួនពួកគេ”។ លោកបន្ថែមថា អ្នកទាំងពីរនេះត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។
យោងតាមលោក ញឹក កែវ ស្នងការរងនគរបាលខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងការឆ្មក់ចូលទី២ក្នុងខេត្តសៀមរាប នគរបាលរឹបអូសបានសម្ភារចំនួន៣៥ដុំពីផ្ទះជួលមួយកន្លែងរបស់ជនជាតិចិនទាំងនេះក្នុងសង្កាត់ស្លក្រាម។
ដោយពន្យល់ថា ជនជាតិចិនជាង២០នាក់ដែលរស់នៅក្នុងផ្ទះជួលនោះបានចាកចេញយូរមកហើយមុនពេលការឆ្មក់ចូលកាលពីថ្ងៃសុក្រ លោក ញឹក កែវ មានប្រសាសន៍ថា ក្រុមមន្ត្រីមកពីនាយកដ្ឋានកណ្ដាលសន្តិសុខក្រសួងមហាផ្ទៃ បានមកចាប់ខ្លួនពួកគេ ប៉ុន្តែយឺតពេល២សប្ដាហ៍”។
យោងតាមលោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំឯណោះវិញ ជនជាតិចិន៧២នាក់ដែលធ្វើការនៅតាមហាងអុីនធឺណិតជាច្រើនត្រូវបាននគរបាលខេត្តធ្វើការឃាត់ខ្លួនរយៈពេលខ្លី ដោយសង្ស័យថា ពួកគេជាផ្នែកនៃក្រុមកំហែងទារប្រាក់តាមប្រព័ន្ធអុីនធឺណិតផងដែរ។
លោកមានប្រសាសន៍ថា “យើងបានឆែកឆេរនៅកន្លែងធ្វើការរបស់ពួកគេជាមួយនគរបាលមកពីនាយកដ្ឋានកណ្ដាលសន្តិសុខ និងនគរបាលចិន ដើម្បីរកឲ្យឃើញថាតើពួកគេមានគម្រោងកំហែងទារប្រាក់តាមប្រព័ន្ធអុីនធឺណិតមែនឬមិនមែន ប៉ុន្តែយើងរកមិនឃើញភ័ស្តុតាងណាមួយឡើយ”៕ សារុន