ប៉ូលិសបាននិយាយថា បងប្អូនប្រុសពីរនាក់ត្រូវចោទប្រកាន់ជាបណ្តោះអាសន្នពីបទបញ្ជូនក្មេងដោយខុសច្បាប់កាលពីថ្ងៃអាទិត្យ ក្រោយពីចាប់ខ្លួនកាលពីថ្ងៃសុក្រនៅខេត្តរតនគិរី ព្រោះការចាប់ពង្រត់ក្មេង៩នាក់ពីវត្តពីរកន្លែងនៅស្រុកកូនមុំ។
លោក រ៉េន មុត អធិការរងស្រុកបាននិយាយថា “យើងបានសង្គ្រោះក្មេងសរុប៩នាក់ មានអាយុពី៨ឆ្នាំដល់១៤ឆ្នាំ ក្នុងនោះមានក្មេងជនជាតិភាគតិចគ្រឹងបីនាក់ផង”។ លោកបានបន្ថែមថា បងប្អូនប្រុសពីរនាក់នេះ ឈ្មោះ ថា ភឹម អាយុ៦៣ឆ្នាំ និង ចិន កឹម អាយុ៥៣ឆ្នាំ បានសូកប្រាក់ក្មេងៗ។
លោក មុត បាននិយាយថា “ពួកគេបានឲ្យប្រាក់ទៅក្មេងៗ២.០០០រៀលម្នាក់ៗ និងសន្យាថានឹងនាំពួកគេទៅកន្លែងថ្មីមួយ ដែលពួកគេអាចរកប្រាក់បានច្រើន”។
លោកបាននិយាយថា លោក ភឹម និង លោក កឹម បានដឹកជញ្ជូនក្មេងប្រាំនាក់ដំបូងពីវត្តក្នុងឃុំតាអុង ទៅវត្តអូរឫស្សី នៅក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមលោក មុត បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ប៉ូលិសបានទទួលពាក្យបណ្តឹងពីបីគ្រួសារដែលបាននិយាយថា កូនៗរបស់ខ្លួនបានបាត់ ប៉ូលិសក៏ចាប់ផ្តើមធ្វើការស្វែងរកនៅជិតវត្ត ដែលគេបានឃើញក្មេងទាំងនោះចុងក្រោយ។
នៅវត្តនោះ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់បានផ្តល់ព័ត៌មានឲ្យប៉ូលិសដឹងថា គេបានចាប់ក្មេងៗទៅក្រុងក្រចេះ និងបានប្រាប់ទៀតថា ជនសង្ស័យបានឲ្យប្រាក់គាត់ដើម្បីបញ្ចុះបញ្ចូលក្មេងច្រើននាក់ទៀតចូលរួមធ្វើដំណើរទៅជាមួយ។
លោក មុត បាននិយាយថា កាលពីព្រឹកថ្ងៃសុក្រ លោក ភឹម និង លោក កឹម បានរៀបចំឲ្យអ្នកបើកតាក់ស៊ី ឈ្មោះ ជៀន ឈុនឡេង ប្រមូលក្មេង៤នាក់ទៀតពីវត្តមួយកន្លែងផ្សេងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ហើយប៉ូលិសបានចាប់ខ្លួនលោក ឈុនឡេង នៅពេលគាត់កំពុងដាក់ក្មេងៗចូលឡានទេសចរណ៍របស់គាត់។
លោកបាននិយាយថា អ្នកបើកតាក់ស៊ីបាននាំប៉ូលិសទៅជួបលោក ភឹម និងលោក កឹម ដែលត្រូវបានចាប់ខ្លួននៅជិតវត្តមួយក្នុងក្រុងក្រចេះ ហើយបន្ទាប់មកបានបង្ហាញប៉ូលិសនូវកន្លែងដែលក្មេងៗប្រាំនាក់ត្រូវគេរក្សាទុកនៅក្នុងវត្ត។
លោកបានបន្ថែមថា លោក ឈុនឡេង ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសសាកសួរគាត់នៅរសៀលថ្ងៃសុក្រ។
លោក មុត បាននិយាយថា “យើងបានសម្រេចដោះលែងគាត់ ពីព្រោះគាត់មិនបានចូលរួមជាមួយមនុស្សទាំងនោះទេ។ គាត់គ្រាន់តែបានទទួលប្រាក់១០០.០០០រៀលដើម្បីដឹកជញ្ជូនក្មេងបួននាក់ទៀតទៅខេត្តក្រចេះប៉ុណ្ណោះ”។
លោក យឹម សិទ្ធី នាយប៉ុស្តិ៍ឃុំតាអុង ជាទីកន្លែងដែលក្មេងត្រូវគេចាប់ពង្រត់ទាំងនោះរស់នៅ បាននិយាយថា ជនសង្ស័យទាំងពីរនាក់បានបដិសេធការចោទប្រកាន់ថាមិនបានជួញដូរមនុស្សទេ។
លោក សិទ្ធី បាននិយាយថា “ជនសង្ស័យបានសារភាពថាបាននាំក្មេងៗទៅក្រចេះ ប៉ុន្តែ ពួកគេបាននិយាយថា ពួកគេមិនបានជួញដូរក្មេងៗទាំងនោះទេ។ ពួកគេអះអាងថា ពួកគេមានផែនការនាំក្មេងៗទាំងនោះទៅបួសជាសង្ឃ”។
ទោះជាយ៉ាងនេះក្តី លោក មុត បាននិយាយថា ប៉ូលិសជឿថា ជនសង្ស័យមានផែនការលក់ក្មេងឲ្យទៅធ្វើការក្នុងក្រុមពលកម្មកុមារខុសច្បាប់។
លោក មុត បានឲ្យដឹងទៀតថា “ខ្ញុំមិនជឿថា ពួកគេមានចេតនាជួយក្មេងៗទាំងនោះទេ”។
លោកបានបន្ថែមថា “ប្រសិនបើពួកគេចង់ឲ្យក្មេងៗបួស ហេតុអីបានជាពួកគេពង្រត់ក្មេងៗចេញពីភូមិដោយមិនប្រាប់ឪពុកម្តាយរបស់ក្មេងៗឲ្យដឹង”។
“យើងគិតថា ពួកគេប្រហែលចង់បានក្មេងទាំងនោះដើម្បីជួញដូរ ហើយមានបណ្តាញស្រាប់នៅពីក្រោយពួកគេ យើងយល់ឃើញដូច្នេះ ពីព្រោះជនសង្ស័យបានព្យាយាមរកក្មេង៤០ទៅ៥០នាក់ ឬច្រើនជាងនេះ ដើម្បីទៅជាមួយពួកគេ”។
ព្រះតេជគុណ មួន សុកេន ចៅអធិការវត្តអូរឫស្សី បានមានសង្ឃដីកាថា កឹម និង ភឹម បាននាំក្មេងប្រាំនាក់មកស្នាក់នៅវត្តនេះកាលពីយប់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែ បានមានសង្ឃដីកាទៀតថា ព្រះតេជគុណបានប្រាប់អ្នកទាំងពីរឲ្យនាំក្មេងត្រឡប់ទៅជួបគ្រួសាររបស់ពួកគេវិញ។
ព្រះតេជគុណបានមានសង្ឃដីកាថា “យើងមិនបានឃើញពួកគេនៅជាមួយឪពុកម្តាយរបស់ពួកគេទេ ដូច្នេះអាត្មាបានប្រាប់គាត់ឲ្យនាំពួកគេទៅផ្ទះវិញ”។
យោងតាមលោក មុត ដែលបាននិយាយថា ជនសង្ស័យស្ថិតក្នុងកន្លែងឃុំខ្លួនរបស់ប៉ូលិសខេត្តរតនគីរី បានឲ្យដឹងថា ក្មេងទាំងប្រាំបួននាក់ត្រូវបានគេឲ្យទៅជួបឪពុកម្តាយរបស់ពួកគេវិញហើយ កាលពីថ្ងៃសៅរ៍។
យោងតាមលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងឲ្យដឹងថា កាលពីម្សិលមិញតុលាការខេត្តរតនគីរី បានចោទប្រកាន់បងប្អួនប្រុសទាំងពីរនាក់ជាបណ្តោះអាសន្នពីបទបញ្ជូនអនីតិជនដោយខុសច្បាប់។
លោកបាននិយាយថា “ខ្ញុំបានចោទពួកគេជាបណ្តោះអាសន្នពីបទបញ្ជូនអនីតិជនដោយខុសច្បាប់”។
លោក វ៉ាន់ដា បាននិយាយថា សំណុំរឿងនេះឥឡូវស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដែលមានគម្រោងសួរដេញដោលលោក ភឹម និង លោក កឹមនៅថ្ងៃនេះ៕និត