32 C
Phnom Penh

លោក ហ៊ុន ម៉ាណែត សរសើរ​​​ការ​​​កាន់​​​អំណាចរយៈពេល​៣០​​​​របស់​​​​​​ឪពុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត កូន​​​ប្រុស​​​ច្បង​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អូស្ត្រាលី​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សុក្រ​​​ថា ឪពុក​​​របស់​​​លោក​​​បាន​​​បង្រួប​​​បង្រួម​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៨​​​ បន្ទាប់​​​ពី​​​​​​ជម្លោះ​​​ផ្ទៃ​ក្នុង​​​អស់​​​រយៈ​​​ពេល​​​៥០០​​​ឆ្នាំ​​​ ហើយ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​បាន​​​តស៊ូ​​​ប្រយុទ្ធ​​​ប្រឆាំង​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​ដោយ​​​ “មាន​​​ការ​​​ចាប់​​​ខ្លួន​​​ និង​​​ផ្តន្ទាទោស​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ជា​​​ច្រើន​​​រូប​​​”។

នៅ​​​ក្នុង​​​​បទ​សម្ភាសន៍​​​ទៅកាន់​​​​ ”ពិភព​​​លោក​​​”​​​តាម​​​រយៈ​​​​​​​ទូរទស្សន៍​​​អូស្ត្រាលី​​​ABC  News 24 ឧត្តម​​​សេនីយ៍​​​​​​ឯក ហ៊ុន ម៉ាណែត ក៏​​​បាន​​​​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា លោក​​​មិន​​​ដែល​​​គិត​​​ចង់​​​ស្នង​​​តំណែង​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​របស់​​​ឪពុក​​​លោកឡើយ​​​ ហើយ​​​បាន​​​ឆ្លើយ​​​តប​​​ថា “ខ្ញុំ​​​មិន​​​ប្រាកដ​​​​​​ទេ​​​” នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​លោក​​​នឹង​​​ស្នង​​​តំណែង​​​នេះ​​​ដែរ​​​ឬទេ​ ​​ប្រសិន​​​បើ​​​ប្រជា​​​ពល​​​រដ្ឋ​​​គាំទ្រ​​​លោក​​​។

ឧត្តម​​​សេនីយ៍​​​ឯក​​​ ហ៊ុន ម៉ាណែត បាន​​​ទៅ​​​ដល់​​​ទីក្រុង​​​ម៉ែល​​​ប៊នកាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សម្រាប់​​​ដំណើរ​​​ទស្សនកិច្ច​​​មួយ​​​ដើម្បី​​​ពង្រឹង​​​ទំនាក​​​់​​​ទំនង​​​រវាង​​​សមាជិក​​​យុវជន​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ និង​​​ក្រុម​​​យុវជន​​​របស់​​​គណបក្ស​​​សេរី​​​និយម​​​កំពុង​​​កាន់​​​អំណាច​​​នៅ​​​ប្រទេស​​​អូស្ត្រាលី​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​នៅក្នុង​​​កិច្ច​​​សម្ភាសន៍​​​នេះ​​​ថា ឪពុក​​​របស់​​​លោក​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​ជាតិ​​​មានការ​​​អភិវឌ្ឍ​​​យ៉ាង​​​ច្រើន​​​អំឡុង​​​ពេល​​​កាន់​​​អំណាច​​​។

លោក​​​បាន​​​ប្រាប់​​​លោក​​​ស្រី ប៊ីវើលី  អូខុន​​​ណឺ (Beverley O’Connor) ដែល​​​ជា​​​អ្នក​​​ធ្វើ​​​បទ​​​សម្ភាសន៍​​​សម្រាប់​​​​ទូរទស្សន៍ ABC​​​ ថា​​​ “មាន​​​កក្តតា​​​ជាច្រើន​​​ដែល​​​យើង​​​ត្រូវ​​​ថែរក្សា និង​​​បង្កើត​​​។ អ្វី​​​ដែល​​​យើង​​​ត្រូវ​​​ថែ​​​រក្សា​​​ គឺ​​​និមិត្ត​​​រូប​​​នៃ​​​សន្តិភាព ស្ថិរភាព និង​​​សន្តិសុខ​​​សម្រាប់​​​ប្រទេស​​​ជាតិ​។វា​​​ជា​​​​​​មូល​​​ដ្ឋាន​​​គ្រឹះ​​​សម្រាប់​​​អ្វី​​​ៗ​​​ទាំង​​​អស់”។

នៅពេល​​​លោក​​​ស្រី​​​ ប៊ីវើលី អូខុន​​​ណឺ បាន​​​​​​គូស​​​បញ្ជាក់​​​ថា មាន​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​បានរិះគន់​រដ្ឋាភិបាល​​​​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​​​​ថា ​​​មាន​​​ការ​​​ជិះ​​​ជាន់​​​ មាន​ការ​ប្រព្រឹត្ត​​អំពើ​​​ពុក​​​រលួយ​​​ និង​​​បក្ខ​​​ពួក​​​និយម​​​នោះ​​​ ឧត្តម​​​សេនីយ៍​​​ឯក​​​ ហ៊ុន ម៉ាណែត បាន​​​ឆ្លើយ​​​តប​​​ថា វា​​​មិន​​​អាចផ្គាប់​​​​​​ចិត្ត​​​មនុស្ស​​​គ្រប់​​​រូប​​​បាន​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”គ្មាន​​​ផ្លូវ​​​ណា​​​យើង​​​អាច​​​បំពេញ​​​ និង​​​តម្រូវ​​​មនុស្ស​​​គ្រប់​​​រូប​​​​​​បាន​​​នោះ​​​ទេ​​​។ ​​​នេះហើយ​គឺ​​​ជា​​​មនុស្ស​ជាតិ​។ មនុស្ស​​​ខ្លះ​​​មើល​​​ឃើញ​​​ថា ទឹក​​​កន្លះ​​​កែវ អ្នក​​​ខ្លះ​​​ថា គ្មាន​​​ទឹក ហើយ​​​មនុស្ស​​​​​​ខ្លះ​​​មើល​​​ឃើញ​​​ទឹក​​​កន្លះ​​​កែវ​​​ ថា មាន​​​ទឹក​​​ពេញ  នេះ​​​ជា​​​ទស្សន​​​ៈរបស់​​​ពួក​​​គាត់​​​”។

លោក​​​បាន​​​បន្ត​​​ទៀត​​​ថា ” ការ​​​ពិត​​​​​​​​​​​​​​ គឺ​​​ថា​​​ប្រទេស​​​បាន​​​​ផ្លាស់ប្តូរ​​​​ពី​​​ពេល​​​វេលា​​​ដែល​​​ប្រជា​​​ជន​​​ត្រូវ​​​បាន​​​​កាប់​​​សម្លាប់អំឡុង​​​របប​​​ប្រល័យ​​​ពូជ​​​សាសន៍​​​​​​​​​ មកមាន​សន្តិភាព​​​​​​និង​ស្ថិរ​ភាព​​​​​ពេញ​​​លេញ ដោយ​​​សារ​​​គោល​​​នយោបាយ​​​ ឈ្នះ​​​ឈ្នះ​​​ដែល​​​មិន​​​ធ្លាប់​​​មាន​​​ពី​​​មុន​​​មក​​​​​​នៅ​​​កម្ពុជា​​​”។

ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​សំដៅ​​​ដល់​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ឆ្នាំ​​​១៩៩៨ និង​​​ការ​​​ដួល​​​រលំ​​​នៃ​​​ចលនា​​​ឧទ្ទាម​​​ខ្មែរ​​​ក្រហម​​​ថា “ការ​​​រួប​​​រួម​​​ផ្ទៃ​​​ក្នុង​​​ពុំ​​​ធ្លាប់​​​មាន​​​អស់​​​រយៈ​​​ពេល​​​ប្រហែល​​​៥០០​​​ឆ្នាំ​​​មក​​​ហើយ ។ហើយ​​​ឆ្នាំ​​​១៩៩៨​​​គឺជា​​​ពេល​​​ដែល​​​ប្រទេស​​ទាំង​​​មូល​​​ស្ថិត​​​ក្រោម​​​ការដឹកនាំរបស់​រដ្ឋាភិបាល​​​ដែល​​​រួប​​​រួម​​​តែ​​​មួយ​​​ជា​​​លើក​​​ដំបូង​​​ក្នុង​​​រយៈ​​​ប្រហែល​​​៥០០​​​ឆ្នាំ​កន្លងមកនេះ​​​​”។

លោក​​ក៏​​​បាន​​​ពន្យល់​​​ផង​​​ដែរ​​​ថា វា​​​ជា​​​ការ​​​មិន​​​​​​ត្រឹម​​​ត្រូវ​​​​​​​​​ទេ​​​ដែល​​​លើក​​​ឡើង​​​ថា កម្ពុជា​​​មាន​អំពើ​​​ពុក​​​រលួយនោះ​​​​​​។

ដោយ​​​ជំទាស់​​​ថា​​​ រដ្ឋាភិបាល​​​​​​បាន​​​ខិត​​​ខំ​​​យ៉ាងខ្លាំង​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សូម​​​​​​ប្រាប់​​​ឈ្មោះ​​​ប្រទេស​​​នៅ​​​លើ​​​ពិភព​​​លោក​​​ដែល​​​គ្មាន​​​អំពើ​​​ពុក​​​រលួយ​​​មក​​​មើល​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ”​​​ក៏​​​មាន​​​ការ​​​វិវឌ្ឍ​​​ដែរ​​​ ដូច​​​ជា​​​ការ​​​បង្កើត​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ជា​​​ច្រើន​ក្នុង​​​​​​វិស័យ​​​សេវា​​​សាធារណៈ​​​ ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ក្នុង​​​វិស័យ​​​អប់​​​រំ និង​​​ការ​​​ចាប់ខ​​​្លួន ព្រម​​​ទាំង​​​ការ​​​ផ្តន្ទាទោស​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ជា​​​ច្រើន​​​រូប​​​ផង​​​ដែរ”។

លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា​​​មជ្ឈដ្ឋានមួយ​​ចំនួន​​​ចាត់​​​ទុក​​​រយៈពេល​​​កាន់​​​អំណាច​​​របស់​​​លោក​​​ ហ៊ុន សែន ថា​​​ជា​​​ពេល​​​វេលា​​​ដ៏​​​មាន​​​សន្តិភាព​​​បើ​​​​​ធៀប​​​ទៅ​​​នឹង​​​​​​​​​​​​​​​​រយៈ ពេល​​​​ ​​​ដូច​​​ជា​​​ពេល​កាន់អំណាច​អឡុង​​​​ទស​​​វត្សរ៍​​​ឆ្នាំ​​​១៩៦០​​​របស់​ព្រះ​អង្គម្ចាស់​ នរោត្តម ​​​សីហនុ នៅពេល​​​នោះ​​​ជា​​​ដើម​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ចូរ​​​ក្រឡេក​​​ មើល​​​ការ​​​បំផ្លិច​​​បំផ្លាញទាំងអស់នៃ​​​​ធន​​​ធាន​​​ធម្មជាតិ​​​ ចូរ​​​ក្រឡេក​​​មើល​​​ភាព​​​ក្រីក្រ​​​ដែល​​​នៅ​​​តែ​​​ជា​​​បញ្ហា​​​ចម្បង​​​។ យើង​​​ត្រូវ​​​តែ​​​ក្រឡេក ​​​មើល​​​រូប​​​ភាព​​​ទាំង​​​មូល​​​។ ឥឡូវ​​​នេះ យើង​​​មាន​​​សន្តិភាព​​​ដែល​​​ផុយស្រួយ​។ វា​​​មិន​​​មែន​​​​​​​សន្តិភាព​​​មែនទែន​​​នោះទេ”​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​សំដៅ​​​លើ​​​ការ​​​ចាប់​​​ខ្លួន​បុគ្គលលេចធ្លោ​​​​មកពី​គណ បក្ស​​​ប្រឆាំង​​​​​​ជា​​​ច្រើន​​​រូប​​​ដាក់​​​ពន្ធនាគារ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​មិន​​​អាច​​​តវ៉ា​​​​​មិន​​​អាច​​​​​​បញ្ចេញ​​​មតិ​​​យោបល់បាន​​​​ឧទាហរណ៍​​​ ដូច​​​ជា​​​ ឥឡូវនេះ​ ប្រជាពលរដ្ឋ​របស់​​​យើង​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​​​​នៅ​​​ឡើយ​​​ជា​​​ដើម​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា ”ប្រទេស​​​កម្ពុជា​​​ ត្រូវ​​​ការ​​​បោះ​​​ជំហាន​​​ទៅ​​​មុខ​​​ និង​​​កសាង​​​ស្ថាប័ន​​​ របស់​​​យើង​​​​​​ដើម្បី​​​ផ្តល់​​​សេវា​​​ល្អ​​​ប្រសើរ​​​ដល់​​​ប្រជា​ពល​​​រដ្ឋ​​​គ្រប់​​​រូប ​​​មិនមែន​​​គ្រាន់​​​តែ​​​ជា​​​សង្គម​​​មួយ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​គ្រង​របស់​របប​ផ្តាច់ការ​ ​​​​​​​​​ដែល​​​មានតែ​គ្រួសារ​​​អ្នក​​​មាន​​​អំណាច​​​មួ​​យ​​​ក្តាប់​​​ទទួល​​​បាន​​​ប្រយោជន៍​​​នោះ​​​ឡើយ​​​”។

រីឯ​​​លោក ព្រាប​​​ កុល ប្រធាន​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​​បន្ថែម​​​ថា ​​​ការ​​​អះ​​​អាង​​​របស់​​​ឧត្តម​​​សេនីយ៍ឯក​​​ ហ៊ុន ម៉ាណែត​​​ ដែល​​​ថា ​​​មានការ​​​ផ្តន្ទាទោស​​​មន្ត្រី​​​រដ្ឋាភិបាល​​​​​​ជាន់​​​ខ្ពស់​​​ជា​​​ច្រើន​​​រូប​​​ពីបទ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​នោះ គឺគ្មាន​​​ភាព​​​ច្បាស់​​​លាស់​​​ឡើយ​​​។

លោកបាន​​​​សំដៅ​​​លើ​​​​​​ការ​​​ផ្តន្ទាទោស​​​​​​ឲ្យ ជាប់ពន្ធនាគារ​អស់​​​មួយ​​​ជីវិត​​ដល់​​​​លោក មុឹក​​​ដារ៉ា អតីត​​​ប្រធាន​ប្រឆាំង​​​គ្រឿង​​​ញៀន​​​​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ក្រោមការចោទ​ប្រកាន់ពី​បទ​​​​​​​ជួ​ញ​​​ដូរ​​​គ្រឿង​​​ញៀន និង​​​ការ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​​​​មួយចំនួន​​ ថា​ជាការ​​​​ផ្តន្ទាទោស​​ដ៏លេច ធ្លោបែបនេះ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា  “បន្ទាប់​​​ មក​​​មាន​​​​ចៅក្រម​​​ ព្រះរាជអាជ្ញា​​​ មន្ត្រី​​​នគរ​​​បាល​ និង​​​មន្ត្រី​​​ពន្ធដារ​​​មួយ​​​ចំនួន​​​ទៀត​​​។ ខ្ញុំ​​​មិន​​​ចាត់​​​ទុក​​​ពួក​​​គេ​​​ថា ជា​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ឡើយ​​​ ប៉ុន្តែ  ពួក​​​គេ​​​មក​​​ពី​​​ផ្នែក​​​ដែល​​​ពល​​​រដ្ឋ​​​​​​គិត​​​ថា មានការ​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​ខ្លាំង​​​បំផុត​​​ ដូចជា ប្រព័ន្ធ​​​តុលាការជាដើម​។ ប្រជា​​​ពល​​​រដ្ឋ​​​ចង់​​​ឃើញ​​​លើស​​​នេះ​​​ រួម​​​មាន​​​ដូច​​​ជា​​​ គ្មាន​​​ការ​​​អត់​​​ឱន និង​​​ការ​​​អនុវត្ត​​​ឲ្យ​​​បាន​​​១០០ភាគ​​​រយ​​​ជា​​​ដើម ប៉ុន្តែ ថា វា​​​មិន​​​​​ទាន់ដល់​កម្រិត​​ហ្នឹង​នៅ ឡើយទេ​​​។ វានៅ​មានការ​អន់ឱន​ច្រើន​នៅ ឡើយ។​ វា​​​មិនបាន​​​ផ្ញើ​​​សារ​ឲ្យ​ចំ​​​ដល់​​​មន្ត្រី​​​ប្រព្រឹត្ត​​​​​​អំពើ​​​ពុក​​​រលួយ​​​នោះ​​​ទេ​​​”។

នៅ​​​ក្នុង​​​បទ​សម្ភាសន៍​​​​​​កាល​​​ពីថ្ងៃ​​​សុក្រ  លោក​​​ស្រី ប៊ីវើលី អូខុន​​​ណឺ ក៏​​​បាន​​​សួរ​​​សង្កត់​​​ធ្ងន់​​​ ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត ចំពោះ​​​ព័ត៌​​​ មាន​​​​​​ដែល​​​​​​លើក​​​ឡើង​​​ជា​​​ទូទៅ​​​ថា លោក​​​​​​គឺ​​​ជា​​​ អ្នក​​​​​​ស្នង​​​តំណែងរបស់​​​​លោក ​​​ហ៊ុន សែនផង​​​​​​ដែរ​​​។

លោក​​​ស្រី​​​បាន​​​សួរពេល​​​ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត សើច​​​ញឹមៗ​​​តិច​​​ៗ​​​​​​ថា ​​​”ប្រសិន​​​​​​បើ​​​​​​ ប្រជា​​​ពល​​​រដ្ឋ​​​ចង់​​​ឲ្យ​​​លោក​​​ក្លាយ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ តើ​​​លោក​​​នឹង​​​ធ្វើ​​​ ឬ​​​អត់?។ តើ​​​ខ្ញុំ​​​អាច​​​ទទួល ​​​បាន​​​ចម្លើយ​​​យល់​​​ព្រម​​​បាន​​​ដែរ​​​ ឬ​​​ទេ?”។

លោក ហ៊ុន ម៉ាណែត បាន​​​ឆ្លើយ​​​តប​​​ថា ​​​”ខ្ញុំ​​​មិនប្រាកដ​​​ទេ​”៕​​​ស៊ុយឈាង​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស