37 C
Phnom Penh

បុរសអង់គ្លេសដែល​​​រួមភេទ​ជាមួយ​កុមារ​​​ត្រូវ​​ចាប់ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​កម្ពុជា​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ជន​ប្រព្រឹត្ត​បទ​ល្មើស​ផ្លូវ​​ភេទ​​ដែល​​​នគរ​បាល​អង់គ្លេស​​តាម​​ចាប់​ខ្លួន ក្រោយ​​​ពេល​​​រត់​គេច​ពី​ប្រទេស​អង់គ្លេស​កាលពី​ឆ្នាំ​២០១០​ បន្ទាប់​ពី​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​៣ឆ្នាំពីបទ​​​ថត​រូប​ភាព​អាស​​​អាភាស​កុមារ​នោះ ​ត្រូវ​បាន​ចាប់​ខ្លួននៅ​​ផ្ទះ​ជួល​របស់​គាត់​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ហើយ​កំពុង​​ប្រឈម​ការ​និរទេស​ខ្លួន​​។

លោក អ៊ុក​​​​ ហៃសិលា ប្រធាន​​ផ្នែក​ស៊ើប​​​អង្កេត​នៅ​នាយកដ្ឋាន​​អន្តោ​ប្រវេសន៍​ក្រសួង ​​​​មហា​ផ្ទៃ ​​បាន​មាន​ប្រសាសន៍​ថា ​ផូល អែតវើដ ​​​​ប្រេសធីច (Paul Edward Prestidge) អាយុ​៣៥​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ោង​១១​ព្រឹក ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌពោធិ៍សែន​ជ័យ។

យោង​តាម​ឧត្ដម​សេនីយ៍ទោ ហៃសិលា បាន​ឲ្យ​ដឹង​ថា ​ជន​រួម​ភេទ​ជាមួយ​កុមារ​ជាប់​ទោស​រូប​នេះ​ដែល​កំពុង​​ឃុំខ្លួន​នៅ​នាយក​​​ដ្ឋាន​អន្តោប្រវេសន៍ បាន​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ខែកក្កដា ឆ្នាំ២០១៤ ហើយ​បាន​ធ្វើ​ជា​​គ្រូបង្រៀន​ភាសា​អង់គ្លេស និង​គណិត​វិទ្យា ហើយ​​ថ្មីៗ​នេះ​ភាគច្រើន​បង្រៀន ​​​​នៅ​សាលា​អន្តរជាតិ​​ក្ដី​សង្ឃឹម​។

លោក​បាន​ថ្លែង​ថា “​យើង​បាន​ចាប់​ខ្លួន​ជន​នេះ​​ផ្អែក​តាម​សំណើ​របស់​​ស្ថានទូត​អង់គ្លេស​​ទាក់​ទិន​នឹង​ការរួម​ភេទ​ជាមួយ​ក្មេង​ប្រុស​ជាច្រើន​នាក់​។ គាត់​គឺ​ជា​ជន​ល្មើស​​ដែល​បាន​គេច​ខ្លួន​ពី​ប្រទេស​អង់គ្លេស​”។

ឧត្ដម​សេនីយ៍​ទោ ហៃសិលា បាន​មាន​ប្រសាសន៍បន្ត​​​​ថា ស្ថានទូត​អង់គ្លេស​បាន​ជូន​ដំណឹង​មក​នគរ​បាល​អន្តោ​ប្រវេសន៍​​កាលពី​ខែ​កញ្ញា​ថា ប្រេសធីច ​​ដែល​​បាន​រំលោភ​​​លក្ខ​​​ខណ្ឌ​​​នៃ​ការ​ដោះ​លែង​ពី​ពន្ធនាគារ​​​នោះ​ស្ថិត​​​ ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ថា នគរ​បាល​មិន​អាច​រក​គាត់​ឃើញ​ឡើយ​រហូត​ដល់​សប្ដាហ៍​មុន​។

លោក​បាន​ថ្លែង​ថា “​វា​​ជា​ហានិភ័យ​ចំពោះ​​​​​កុមារ​កម្ពុជា​ ប្រសិន​បើ​យើង​​អនុញ្ញាត​ឲ្យ​ជន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ឥឡូវ​នេះ​យើង ​​កំពុង​ធ្វើ​លិខិត​ស្នើ​ទៅ​​​​[លោក ស ខេង ​ ​រដ្ឋ​​​មន្ត្រី​ក្រសួង​មហាផ្ទៃ] ឲ្យ​និរទេស​ជន​នេះ​”។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​បាន​មាន​ប្រសា​សន៍​ថា នគរ​បាល​​រក​មិនឃើញ​ភ័ស្តុ​​​តាង​ណាមួយ​ដែល​​​បង្ហាញ​ថា ប្រេសធីច បាន​ប្រព្រឹត្ត​បទល្មើស​​លើ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​។

យោង​តាម​​សេចក្តីរាយការណ៍​របស់​​​ទីភ្នាក់ងារ​​​សារព័ត៌មាន​ BBC បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០០៧ ប្រេសធីច ត្រូវ​បាន​ផ្ដន្ទា​​​ទោស​ឲ្យជាប់​​​ពន្ធនាគារ​​៣ឆ្នាំ បន្ទាប់ពី​​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​ពីបទ​​ថតរូប និង​មាន​​រូប​​​​អាស​អាភាស​ក្មេង​ប្រុស​​អាយុ​៩ឆ្នាំ​ដល់​១០​ឆ្នាំ​ជាច្រើន​នាក់​ នៅក្នុង​ក្រុម​កាយឫទ្ធិ​​​របស់​​​គាត់​ ខណៈ​ដែល​គាត់​ជា​ប្រធាន​ក្រុម​កាយ ឫទ្ធិ​​ក្នុង​​ទីក្រុង​ភ្លីម៉ាស (Plymouth) ប្រទេស​អង់គ្លេស។

យោង​តាម​​សេចក្តី​រាយការណ៍​របស់​​​ទីភ្នាក់ងារ​​​សារព័ត៌មាន​ BBC ដដែលនេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អំឡុង​សវនាការ​ជំនុំជម្រះ​​ តុលាការ ​​Exeter Crown ​ត្រូវ​បាន​ប្រាប់​ថា ជន​នេះ​បាន​ជំរុញ​ឲ្យ​ក្មេង​ប្រុស​ជាច្រើន​នាក់​ដោះ​សម្លៀក​បំពាក់​របស់​ពួកគេ​​ចេញ​ទាំង​អស់​ តាម​រយៈ​ការ​បង្កើត​ហ្គេម​មួយ​​ឈ្មោះ​ថា “Sahara” ដែល​ក្នុង​នោះ​គាត់បាន​​​ធ្វើ​ឲ្យ​ពួកគេ​ហាក់​ដូច​ជា​នៅ​​ក្នុង​វាល​ខ្សាច់​អ៊ីចឹង។

យោង​តាម​​សេចក្ដី​រាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​របស់​គាត់​ត្រូវ​បាន​បន្ថែម​ចូល​ទៅ​ក្នុង​បញ្ជី​ជន​ប្រព្រឹត្ត​បទ​ល្មើស​ផ្លូវ​ភេទ​​​​ អង់គ្លេស​​អស់​មួយ​ជីវិត​ ហើយ​ជន​នេះ​​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ការ​​​ជាមួយ​កុមារ ឬ​មាន​ ទំនាក់​ទំនង​ណាមួយ​ជាមួយ​កុមារ​ឡើយ​។

យោង​តាម​គេហទំព័ររបស់​អង្គការ​​ Crimestoppers​​​ U.K. ជា​អង្គការ​មិន​មែន​រដ្ឋា​​​ភិបាល​ដែល​ធ្វើ​ការ​ជាមួយ​នគរ​បាល​ ប្រេស​​​ធីច ​ស្ថិត​ក្នុង​បញ្ជី​ដែល​នគរ​បាល​​​តាម​ចាប់​ខ្លួន​បំផុត​នៅក្នុង​តំបន់​ Devon និង Cornwall ពីព្រោះ​ ជន​នេះ​មិន​បាន​ត្រឡប់​ទៅ​​អង់គ្លេស​វិញ​ទេ​​ ​ពី​វិសម្សកាល​​ទៅ​កាន់​​ប្រទេស​​​​អេស្បា៉ញ​កាលពី​ឆ្នាំ​២០១០​ ដោយ​រំលោភ​លក្ខខណ្ឌ​​​​នៃ​ការ​ដោះលែង​របស់​គាត់​៕ សារុន (រាយការណ៍​បន្ថែម​ដោយ Peter Ford)​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស