29.3 C
Phnom Penh

រដ្ឋាភិបាល​លុបចោល​កិច្ចសន្យា​ឥណទាន​កាបោន​ចំនួន​ប្រាំពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​បរិស្ថាន​បាន​លុបចោល​កិច្ចសន្យា​ចំនួន​ប្រាំពីរ​ក្នុង​ចំណោម​គម្រោង​ឥណទាន​កាបោន​ប្រាំបី ដែល​ខ្លួន​បាន​យល់​ព្រម​នៅ​រវាង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១៣ ប៉ះពាល់​​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​កែប្រែ​ព្រៃ​ការពារ​ទៅ​ជា​ចំណូល​ដែល​អាច​មាន​សម្រាប់​ប្រជាជន​នៅ​មូលដ្ឋាន។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ដោយ​ក្រសួង​នេះ​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មួយ​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បន្ត​ការ​សិក្សា​ពី​សមិទ្ធិ​លទ្ធផល​របស់​ខ្លួន រីឯ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ចំនួន​៧​ផ្សេងទៀត​ត្រូវ​បាន​លុប​ចោល។

លោក ស៊្រុន ដារិទ្ធ នាយរង​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន បាន​និយាយ​ថា គម្រោង​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​ទាំង​អស់ ត្រូវ​បាន​លុប​ចោល ពីព្រោះ​ក្រុមហ៊ុន​ទាំង​នោះ​មិន​បាន​ខិតខំ​ឲ្យ​គ្រប់គ្រាន់​ដើម្បី​ចាប់​ផ្តើម​កាបោន​ពាណិជ្ជ​កិច្ច។

លោក​បាន​និយាយ​ថា “យើង​បាន​សម្រេច​លុប​ចោល​គម្រោង​៧ ពីព្រោះ​ពួកគេ​បាន​ដាក់​ពាក្យ​ជាមួយ​ក្រសួង​បរិស្ថាន​ដោយ​សុំ​វិនិយោគ​ក្នុង​គម្រោង​ទាំង​នោះ ប៉ុន្តែ​យើង​បាន​មើល​ឃើញ​ថា ពួកគេ​មិន​មាន​បំណង​ពិត​ប្រាកដ​ធ្វើ​ទេ”។

លោក ដារិទ្ធ បាន​និយាយ​ថា លោក​មិន​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​ដែល​កិច្ច​សន្យា​របស់​ពួកគេ​ត្រូវ​លុបចោល​នោះ​ទេ ប៉ុន្តែ ក្រុមហ៊ុន​មួយ​ដែល​បើក​នៅ​ខេត្ត​កោះកុង និង​ពោធិ៍សាត់ ត្រូវ​បាន​ផ្តល់​ឱកាស​ថែម​ទៀត​ឲ្យ​ដាក់​ផែនការ​ទៅ​រដ្ឋាភិបាល។

ក្រសួង​បរិស្ថាន និង ក្រសួង​កសិកម្ម​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ចូលរួម​ក្នុង​គម្រោង​ពាណិជ្ជកម្ម​កាបោន​ផ្អែក​លើ​ព្រៃឈើ ដែល​ក្រុមហ៊ុន​មាន​មនសិការ​បរិស្ថាន​នៅ​ក្រៅ​ប្រទេស ទូទាត់​ការ​បញ្ចេញ​កាបោន​របស់​ពួកគេ ដោយ​បង់​ប្រាក់​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​រក្សា​ទុក​ដើមឈើ​ស្រូប​កាបោន​ឲ្យ​គង់វង្ស។

ជា​ទ្រឹស្តី ប្រាក់​ចំណូល​នឹង​ត្រូវ​ចែក​រវាង​រដ្ឋាភិបាល​និង​សហគមន៍​មូលដ្ឋាន ដែល​ជួយ​ការពារ​ព្រៃ​ទាំង​នោះ ប៉ុន្តែ​ប្រទេស​កម្ពុជា​ពិបាក​នឹង​ធ្វើ​ឲ្យ​គម្រោង​នោះ​ចាប់ផ្តើម​ដោយ​ជោគជ័យ​។

កម្មវិធី​មួយ​នៅ​ខេត្ត​ឧត្តរ​មានជ័យ​ដែល​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​គម្រោង​ពាណិជ្ជ​កម្ម​កាបោន​សកម្ម​ដំបូង​នៅ​ប្រទេស​កម្ពុជា បានរអាក់រអួល​ ដោយ​មន្ត្រី​មូលដ្ឋាន​ខ្លះ​និយាយ​កាលពី​ឆ្នាំ​មុន​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​បន្ត​ក្នុង​តំបន់​នោះ​បាន​ធ្វើ​ឲ្យ​ខូច​កិច្ច​ប្រឹងប្រែង​ការពារ​ព្រៃ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ឈុន ដឺឡុច អនុប្រធាន​ឥណទាន​កាបោន​ព្រៃ​ឈើ​និង​ការ​ប្រែប្រួល​បរិស្ថាន​នៅ​រដ្ឋបាល​ព្រៃឈើ​របស់​ក្រសួង​កសិកម្ម បាន​និយាយ​ថា “គម្រោង​បង្ហាញ” ឥណទាន​កាបោន​ចំនួន​បី កំពុង​ដំណើរការ​នៅ​ឡើយ។

លោក​បាន​និយាយ​ថា “គម្រោង​ចំនួន​បី​មាន​ដំណើរការ​​​​ល្អ ប៉ុន្តែ​ទៅ​អនាគត​វា​យ៉ាង​ណា​នោះ យើង​មិន​ដឹង​ទេ”៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស