26 C
Phnom Penh

មន្ត្រី​​​ និង​​​ភរិយា​​​ឧត្តម​​​សេនីយ៍​​​ឡើង​​​​សវនាការ​​​​​​​​​ក្នុង​​​បណ្តឹង​​​​​​សាហាយ​​​ស្មន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ក្តី​​​រយៈ​​​​​ពេល​​​ខ្លី​​​ ប៉ុន្តែ​​​មាន​​​សភាព​​​ក្តៅ​​​គគុក​​​ក្នុង​​​រាជ​​​ធានី​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ មន្ត្រីក្រសួង​​​ព័ត៌​​​មាន​​​មួយ​​​រូប​​​ និង​​​ភរិយា​​​របស់​​​ឧត្តម​​​សេនីយ៍​​​​​យោធា​​​ម្នាក់​​​បាន​​​និយាយ​​​​​​ការ​​​ពារ​​​ខ្លួន​​​​​តទល់​​​នឹង​​​ការ​​​ចោទ​​​​​ប្រកាន់​​​ពីបទ​​​បរិហារ​​​កេរ្តិ៍​​​ទាក់​​​ទិន​​​សារ​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​ ដែល​​​ចោទ​​​ប្រកាន់​​​ឧត្តម​​​សេនីយ៍​​​​​យោធា​​​រូប​​​នេះ​​​ថា មាន​​​សាហាយ​​​ស្មន់​​​ជាមួយ​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។

​លោក ព្រំ​​​ សាន មន្ត្រី​​​​​ក្រសួង​​​ព័ត៌មាន​​​ (រូបទី២​​​រាប់​​​ពី​​​ស្តាំ) ដើរ​​​ចូល​​​​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​ កាល​​​ពីម្សិលមិញ​​​ដើម្បី​​​ស្តាប់​​​​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​លោក​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បរិហារកេរ្តិ៍​​​ ។ រូបថតៈ សីុវ  ចាន់ណា​​​/The Cambodia Daily
​លោក ព្រំ​​​ សាន មន្ត្រី​​​​​ក្រសួង​​​ព័ត៌មាន​​​ (រូបទី២​​​រាប់​​​ពី​​​ស្តាំ) ដើរ​​​ចូល​​​​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​ កាល​​​ពីម្សិលមិញ​​​ដើម្បី​​​ស្តាប់​​​​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​លោក​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បរិហារកេរ្តិ៍​​​ ។ រូបថតៈ សីុវ ចាន់ណា​​​/The Cambodia Daily

លោក ព្រំ សាន អនុប្រធាន​​​នាយក​​​ដ្ឋាន​​​ព័ត៌មាន​​​នៃ​​​ក្រសួង​​​ព័ត៌មាន​​​ និង​​​លោក​​​ស្រី​​​ មុំ ​ម៉ានុត ដែល​​​ត្រូវ​​​ជា​​​ភរិយា​​​របស់​​​លោក ​សៀក ​សុជាតិ​​​ ឧត្តម​​​សេនីយ៍​​​ឯក​​​នៃ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បរិហារ​​​​​​​កេរ្តិ៍​​​ទាក់​​​ទិន​​​សារ និង​​​រូប​​​ថត​​​ ដែល​​​ពួក​​​គាត់​​​បាន​​​​​បង្ហោះ​​​កាល​​​ពីខែ​​​កក្កដា ។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​​​​សម្ភាស កាល​​​ពី​​​សប្តាហ៍​​​​មុន​​​ លោក ព្រំ សាន និង​​​លោក​​​ស្រី មុំ ​ម៉ានុត ​​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​ទាំង​​​ពីរ​​​​​​បាន​​​ប្រើ​​​ប្រាស់​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ដើម្បី​​​ចោទ​​​ប្រកាន់​​​លោក​​​ស្រី ​កែវ ម៉ាលី ដែល​​​ជា​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​ថា ជា​​​ស្រី​​​កំណាន់​​​របស់​​​ឧត្តម​​​សេនីយ៍​​​ឯក ​សៀក ​សុជាតិ បន្ទាប់​​​ពី​​​លោកស្រី មុំ ម៉ានុត បានមក​​​​សុំ​​​​​ឲ្យ​​​លោក​​​​​​ ព្រំ សាន ជួយ​​​ ហើយ​​​ប្រាប់​​​លោក​ថា ​លោកស្រី​​​សង្ស័យ​​​ថា ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​មាន​​​សាហាយ​​​ស្មន់​​​ជាមួយ​​​​​​សមាជិក​​​​​​ព្រឹទ្ធ​​​សភា​​​រូប​​​នេះ​​​ និង​​​ស្ត្រី​​​​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​ទៀត​​​ ​​​ហើយ​​​​​ថា លោក​​​ស្រី​​​ខ្លាច​​​បាត់​​​បង់​​​ស្វាមី​ និង​​​កូន ដោយ​​​ ​​​​​​​​​សារ​​​ការ​​​លែង​​​លះ​​​គ្នា​​​​​​។ សំណុំ​​​រឿង​​​ចោទ​ប្រកាន់ពីបទ​បរិហារកេរ្តិ៍​​​នេះ​​​​​​ត្រូវ​​​បាន​​​ប្តឹង​​​អ្នក​​​ទាំង​​​ពីរ​​​​​​ដោយ​​​​​​លោកស្រី កែវ ម៉ាលី ដែល​​​បដិសេធ​​​ថា គ្មាន​​​សាហាយ​​​ស្មន់​​​ជាមួយ​​​ឧត្តម​​​សេនីយ៍​​​ឯក សៀក ​​សុជាតិ​​​​ និងដែល​​​​កំពុង​​​ទាម​​​ទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​​​​រាប់​​​មឺុន​​​ដុល្លារ​​​។ ​​​បទ​​​ល្មើស​​​នេះ​​​​​​ត្រូ​​​វ​​​ពិន័យ​​​ជា​​​ប្រាក់​​​ចំនួន​​​២.៥០០​​​ដុល្លារ​​​។

នៅ​​​ឯ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​កាល​​​ពីព្រឹក​​​ម្សិលមិញ លោក ម៉ុង​ មុនីសោភា​​​ ចៅ​​​ក្រម​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​សួរ​​​ដេញ​​​ដោល​​​លោក ព្រំ​​​ សាន អំពី​​​ការ​​​សម្រេច​​​ចិត្ត​​​របស​​​​​​់​​​លោក​​​​​​ក្នុង​​​ការ​​​បង្ហោះ​​​សារ​​​តាម​​​ហ្វេស​​​ប៊ុក ប៉ុន្តែស្ទើ​​​រតែ​​​មិន​​​អនុញ្ញាត​ឲ្យ​​​នាយក​​​ទី​​​ចាត់​​​ការការងារ​ព្រំដែន​​​​​​​រូប​​​នេះ​​​មាន​​​ឱកាស​​​និយាយ​​​ឡើយ​​​​ តាម​​​រយៈ​​​ការរំខាន​​​​​​​​​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ ​​ដោយ​​​សំណួរ​​​នាំ​​​មុខ។

ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​សួរ​​​ថា “ហេតុ​​​អ្វី​​​បាន​​​ជា​​​​​អ្នក​​​បង្ហោះព័ត៌​​​មាន​​​មិន​​​ពិត​​​តាម​​​ហ្វេស​​​ប៊ុក?”។

នៅ​​​ពេល​​​លោក​​​ព្រំ សាន ​​​ហា​​​មាត់​​​ឆ្លើយ​​​ ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​សួរ​​​កាត់​​​ថា “​​​អ្វី​​​ទៅ​ដែល​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ចង់​​​ផ្សព្វផ្សាយអ្វីមួយ​ដើម្បី​​​បង្ខូច​​​កេរ្តិ៍​​​​​ឈ្មោះរបស់​​​​លោក​ស្រី កែវ ​ម៉ាលី ? ​ប្រសិន​​​បើ​​​នរណា​​​ម្នាក់​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​ ដែល​​​បង្ខូច​​​កេរ្តិ៍ឈ្មោះ​​​របស់​​​អ្នក​​​ តើ​​​អ្នក​​​មាន​​​អារម្មណ៍​​​យ៉ាងម៉េច​​​​ដែរ?”។

ដោយ​​​មើល​​​ទៅ​​​​​​ហាក់​​​បី​​​ដូច​​​ជា​​​ខឹង​​​នោះ​​​ លោក ព្រំ សាន បាន​​​វាយ​​​បក​​​វិញ​​​ថា “ប្រសិន​​​បើ​​​ប្រពន្ធ​​​របស់​​​អ្នក​​​មាន​​​សាហាយ​​​ស្មន់​​​ជា​​​មួយ​​​ប្រុស​​​ផ្សេង​​​ តើ​​​អ្នក​​​មាន​​​អារម្មណ៍​​​យ៉ាង​​​មេ៉ច​​​ដែរ​​​?”។

ចៅក្រម​​​រូប​​​នេះ​​​បាន​​​ឆ្លើយ​​​តប​​​ថា “ខ្ញុំ​​​គឺជា​​​តុលាការ​​​ អ្នក​​​មិន​​​អាច​​​សួរ​​​ខ្ញុំ​​​ដើម្បី​​​ធ្វើ​​​ការ​​​ប្រៀប​​​​​ធៀប​​​​​​ដូចនេះ​បាន​​​ទេ​​​”។ ដល់​​​ពេល​​​មួយ​​​ លោក ​​ព្រំ​​​ សាន បាន​​​សុំ​​​ទោស​​​ចំពោះ​​​ការ​​​បញ្ចេញ​​​កំហឹង​​​​​របស់​​​លោក ហើយ​​​បាន​​​រក្សា​​​ភាព​​​ស្ងៀម​​​​​​​​ស្ងាត់​​​ ពេល​​​លោក ថេង​​​ ម៉េង​​​អីុ មេធាវី​​​របស់​​​លោកស្រី កែវ ម៉ាលី ដែល​​​គ្មាន​​​វត្ត​​​មាន​​​នៅ​​ក្នុង​​​តុលាការ​​​ជាមួយ​​​ឧត្តម​​​សេនីយ៍​​​ឯក សៀក​​​សុជាតិ ដែរ​​​នោះ​​​ ក្រោក​​​ឡើង​​​និយាយ​​​។

ដោយ​​​និយាយ​​​ដូចគ្នា​នឹង​ចៅ​​​ក្រម​​​រូប​​​នេះ ​​លោក ថេង ម៉េង​​​អីុ បាន​​​ចាប់​​​ផ្តើមសួរ​​​លោក ​ព្រំ​​​ សាន ថាហេតុ​​​អ្វី​​​បាន​​​ជា​​​គាត់​​​បង្ហោះ​​​សារ​​​បង្ខូច​​​កេរ្តិ៍​​​ឈ្មោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​ ដោយ​​​សួរ​​​សំណួរ​​​នេះ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ ជា​​​ច្រើន​​​លើក ​​ច្រើន​​​សា ប៉ុន្តែ បដិសេធ​​​មិន​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​ចុង​​​ចោទ​​​រូបនេះ​​​បាន​​​​ឆ្លើយ​​​នោះ​​​ឡើយ។​

នៅ​​​ពេល​​​លោក ព្រំ សាន ​​​​ទីបំផុត​ព្យា​យាម​​​​​និយាយ​​​ លោក ថេង​​​ ម៉េងអីុ បាន​​​លើកឡើង​ថា “ឈប់​​​និយាយ​​​ចាក​​​ប្រធាន​​​បទ​​​ទៀត​​​។ អ្នក​​​គឺជា​​​ជន​​​ជាប់​​​ចោទ​​​ អ្នក​​​ត្រូវ​​​តែ​​​ឆ្លើយ​សំណួរ​​​របស់​​​ខ្ញុំ​​​ឲ្យ​​​ចំ​​​ៗ”។

លោក​​​ ព្រំ សាន បាន​​​ឆ្លើយ​​​តប​​​ថា “ខ្ញុំ​​​គ្មាន​​​ទោស​​​កំហុស​​​ឡើយ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​មាន​​​សិទ្ធិ​​​និយាយ​​​អ្វី​​​ដែល​​​ខ្ញុំ​​​ចង់​​​និយាយ​​​”។

បន្ទាប់​​​មក​​​លោក ថេង​​​ ម៉េងអីុ បាន​​​បន្ត​​​ចោទ​​​ប្រកាន់​​​លោក ព្រំ​​​ សាន ថា បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​កេរ្តិ៍ឈ្មោះ​​​របស់​​​ ”ស្ត្រី​​​ខ្មែរ​​​គ្រប់​​​រូប” ហើយ​​​មាន​​​​​​ប្រសាសន៍​​​ថា វ័យ​​​និង​​​ជំនឿ​​​សាសនា​​​របស់​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​រូប​​​េនះ​​​មិន​​​អាច​​​ធ្វើ​​​ឲ្យ​​​លោក​​​ស្រី​​​​​​មាន​​​ចំណង់ផ្លូវភេទ​ដល់​ថ្នាក់​លួចលាក់មាន​សាហាយ​​​ស្មន់​​​នោះ​​​​​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​គឺជា​​​ស្ត្រី​​​កាន់​​​ព្រះពុទ្ធ​​​សាសនា​​​ ហើយ​​​ខ្ញុំ​​​ជឿ​​​ជាក់​​​ថា គាត់​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​ដូច​​​ដែល​​​គេ​​​ចោទ​​​ប្រកាន់​​​នោះ​​​ទេ ព្រោះ​​​​​​គាត់​​​មាន​​​វ័យ​​​ចំណាស់​​​ ហើយ​​​គ្មាន​​​អារម្មណ៍​​​ផ​​​្លូវ​​​ភេទ​​​ទេ”។

ក្រោយ​​​មក​​​ ​​​​លោក កែវ វន្នី​ មេធាវី​​​របស់​​​លោក​​​ស្រី  មុំ ម៉ានុត ​​​បាន​​​ឆ្លើយ​​​តប​​​បក​​​វិញ​​​ថា ​សូម្បី​​​តែ​​​មនុស្ស​​​ខ្លះ​​​មាន​​​អាយុ​​​ខ្ទង់​​​​៨០​​​ឆ្នាំ​​​ប្លាយ​​​​ទៅ​​​ហើយ​​​នៅ​​​តែ​​​មាន​​​ចំណង់​​​ផ្លូវ​​​ភេទ​​​ និង​​​ផិត​​​ក្បត់​​​ដែរ​​​។

នៅ​​​ពេល​​​​​​ដល់​​​វេន​​​ខ្លួន​​​ឡើង​​​និយាយ​​​​​​ លោក​​​ស្រី ​​​មុំ ម៉ានុត ដែល​​​មាន​​​​​​អាយុ​​​៣៥​​​ឆ្នាំ​​​នៅ​​​តែ​​​និយាយ​​​ថា ស្វាមី​​​របស់​​លោកស្រី​​​​ដែល​​​មាន​​​អាយុ​​​ខ្ទង់​​​៦០​​​​ឆ្នាំ​​ប្លាយ​​​​ មាន​​​ស្រី​​​កំណាន់​​​ជា​​​ច្រើន​​​។ ​​លោក​​​ស្រី​​​បាន​​​ចោទ​​​ប្រកាន់​​​តុលាការ​​​ថា បាន​​​បំផ្លាញ​​​ភ័ស្តុតាង​​​ ដោយ​​​គូស​​​បញ្ជាក់​​​ថា រូប​​​ថត​​​ដែល​ស្តី​​​ពី​​​ឧត្តម​​​សេនីយ៍​​​រូបនេះ​​​នៅ​​​ជាមួយ​​​លោកស្រី កែវ​​​ ម៉ាលី និង​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​​​​​រូប​​​ថត​​​​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ខែ​​​កក្កដា​​​​ ត្រូវ​​​បាន​​​បង្ហាញ​​​ចំពោះ​​​មុខ​​​តុលា​ការ​​​​​​​​ដោយ​​​គេ​​​កាត់​​​រូបរបស់​​​​​​ស្វាមី​​​​លោក​​​ស្រី​​​ចេញ​​​។

លោកស្រី​​​បាន​​​និយាយ​​​ថា ”ហេតុ​​​អ្វី​​​បាន​​​ជា​​​​​តុលាការ​​​បង្ហាញ​​​តែ​​​រូប​​​របស់​​​លោក​​​ស្រី​​​​​​ កែវ ​ម៉ាលី ហើយ​​​កាត់​​​​រូប​​​លោក សៀក សុជាត​​ិ​​​ចេញ​​​? ហើយ​​​គេ​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ពីបទ​​​បង្ខូច​​​កេរ្តិ៍​​​ឈ្មោះ​ទៅវិញ?”។

នៅ​​​ពេល​​​បិទ​​​​​​នីតិវិធីរឿងក្តី​​​​ លោក ​ថេង ​ម៉េងអីុ បាន​​​ប្រកាស​​​ថា កូន​​​ក្តី​​​របស់​​​លោក បាន​​​​​​កាត់​​​បន្ថយ​​​ការ​​​ទាម​​​ទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​របស់​​​ខ្លួន។ កាល​​​ពី​​​សប្តាហ៍​​​មុន សមាជិក​​​ព្រឹទ្ធ​​​សភា​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​ចង់​​​បាន​​​ប្រាក់​​​ចំនួន​​​៥០០.០០០​​​ដុល្លារ​​​ពី​​​លោក​​​ ព្រំ ​សាន ។ កាល​​​ពី​​​ម្សិលមិញ មេធាវី​​​របស់​​​លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​ទាម​​​ទារ​​​៥០.០០០ដុល្លារ​​​ពី​​​លោក​​​​​​ ព្រំ សាន និ​​​ង​១០០.០០០​​​​​​ដុល្លារ ពី​​​លោកស្រី មុំ មា៉នុត ។

ចៅក្រម​​​ ម៉ុង​ មុនីសោភា បាន​​​លើក​​​ឡើង​​​ថា តុលាការ​​​នឹង​​​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​ថ្ងៃ​​​ច័ន្ទ៕ ស៊ុយឈាង​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស