មានអ្នកចម្រៀងតែមួយរូបប៉ុណ្ណោះនៅក្នុងកម្មវិធី “Cambodian Idol” អាចឈ្នះរង្វាន់ដែលមានទឹកប្រាក់ចំនួន២៥.០០០ដុល្លាររបស់កម្មវិធីទូរទស្សន៍នេះ ប៉ុន្តែបេក្ខជនទាំងអស់សប្បាយរីករាយពីការដែលពួកគេទទួលបានអ្នកគាំទ្រស្មោះស្ម័គ្រមួយចំនួនជាពិសេស ពីថ្នាក់ដឹកនាំកំពូលក្នុងឆាកនយោបាយក្នុងប្រទេសផងដែរ។
នៅក្នុងសុន្ទរកថានៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីការស្រឡាញ់របស់លោកចំពោះកម្មវិធីទូរទស្សន៍នេះដោយថ្លែងថា លោកតែងតែមើលកម្មវិធីនេះ ហើយបោះឆ្នោតគាំទ្ររាល់សប្ដាហ៍តាមទូរស័ព្ទដៃរបស់លោក មិនថាលោកនៅកន្លែងណានោះឡើយ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “កាលពីពីរបីសប្ដាហ៍មុន ខ្ញុំបានបោះឆ្នោតគាំទ្រពីបុរីញូវយ៉កមក ហើយសប្ដាហ៍កន្លងទៅនេះខ្ញុំក៏បានបោះឆ្នោតគាំទ្រពីម៉ាកាវផងដែរ… នៅពេលខ្ញុំបញ្ចប់កិច្ចប្រជុំនៅម៉ោង៩យប់ វាត្រូវនឹងម៉ោង៨យប់នៅប្រទេសកម្ពុជា ខ្ញុំបានមើល ព្រាប សុវត្ថិ ផ្ដល់យោបល់ដល់បេក្ខជន ហាជី”។
ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងមួយរូបនៅក្នុងប្រទេសកម្ពុជា ចំណែក ម៉ៅ ហាជី គឺជាអ្នកចម្រៀងមួយរូបក្នុងចំណោមបេក្ខជនបួនរូបដែលនៅបន្តក្នុងកម្មវិធីនេះ។
លោក ហ៊ុន សែន មិនបានបញ្ជាក់ថាតើលោកគាំទ្របេក្ខជនរូបណានោះឡើយ ដោយលើកឡើងថា បេក្ខជនទាំង១២រូប “សុទ្ធតែខ្លាំង ហើយអាចច្រៀងចម្រៀងបានគ្រប់ប្រភេទ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកមិនអាចផ្ដល់ព័ត៌មានអំពីបញ្ហានេះបានទេ។”វាជាការបោះឆ្នោតសម្ងាត់ ហើយសម្ដេចមិនបានប្រាប់ខ្ញុំថា សម្ដេចបោះឆ្នោតគាំទ្របេក្ខជនរូបណាឡើយ”។
បន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីបន្តិចមក លោក អេង ឆៃអ៊ាង សមាជិកសភាគណបក្សសង្គ្រោះជាតិបានប្រើទំព័រហ្វេសប៊ុករបស់លោកសរសេរថា បើទោះលោកជាអ្នកគាំទ្រកម្មវិធីនេះក៏ដោយ ក៏លោកមានការបារម្ភអំពី “ភាពមិនប្រក្រតី” នៅក្នុងនីតិវិធីនៃការបោះឆ្នោត ដែលបានបណ្ដាលឲ្យ អ៊ាម វន្នី ដែលមិនត្រឹមតែជាអ្នកនិពន្ធបទចម្រៀងដ៏មានទេពកោសល្យមួយរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកចម្រៀងមានទឹកដមផងដែរនោះ ត្រូវបានជម្រុះចេញកាលពីយប់ថ្ងៃអាទិត្យ។
អ្នកនយោបាយបក្សប្រឆាំងរូបនេះបានសរសេរថា “កាលពី៣សប្ដាហ៍មុន ខ្ញុំបានកត់សម្គាល់ឃើញថា មានភាពមិនប្រក្រតីក្នុងការជម្រុះបេក្ខជន”។
លោកបានបន្តថា ”បេក្ខជនរូបណាដែលគណៈកម្មការរិះគន់ចំណុចខ្វះខាតបន្តិចបន្តួច ដល់ពេលប្រកាសលទ្ធផល បេក្ខជននោះត្រូវធ្លាក់ ដែលធ្វើឲ្យអ្នកទស្សនាមិនអស់ចិត្ត ព្រោះពិន្ទុដែលអ្នកទស្សនាដាក់ឲ្យបេក្ខជនមួយរូបៗ មិនត្រូវបានបង្ហាញជាសាធារណៈ”។
ឆ្លើយតបទៅនឹងមតិរិះគន់នេះ លោក អឹុង សុខលី អ្នកដឹកនាំផលិតកម្មវិធី “Cambodian Idol” បានមានប្រសាសន៍ថា ដំណើរការបោះឆ្នោតគាំទ្រកម្មវិធីនេះ “មានតម្លាភាព” ហើយធ្វើទៅតាម “កម្មវិធី និងផែនការច្បាស់លាស់”។
លោកបានបន្ថែមថា “កម្មវិធីរបស់យើង គឺជ្រើសរើស Idol សម្រាប់ប្រជាជនកម្ពុជា ដូច្នេះយើងអនុញ្ញាតឲ្យសាធារណជនជ្រើសរើស Idol របស់ខ្លួន។ ប៉ុន្តែយើងស្វាគមន៍អ្នករិះគន់ទាំងអស់”៕ សារុន